អ្នកធ្វើការវេនយប់អាចនឹងជួបផលវិបាកច្រើន ជាពិសេសពិបាករក្សាថាមពលរាងកាយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះចំនួន ៥ដែលអ្នកធ្វើការវេនយប់មិនគួរមើលរំលង ៖
១. ងូតទឹកក្ដៅ
ការឆ្លៀតពេលសម្រាកបន្តិចដើម្បីងូតទឹកក្ដៅមួយភ្លែត គឺល្អណាស់សម្រាប់អ្នកដែលធ្វើការវេនយប់ ខណៈដែលវាជួយឱ្យស្វាងអារម្មណ៍ និងធូរស្រាលរាងកាយ។
២. ទទួលទានតែបៃតងក្ដៅៗ ១ពែង
ខណៈដែលការទទួលទានកាហ្វេចាស់ខ្លាំង ១ពែងអាចល្អសម្រាប់បុគ្គលដែលធ្វើការយប់ដូចជាអ្នក ប៉ុន្តែនៅពេលជាតិកាហ្វេអ៊ីនកើនឡើងលើសកម្រិតក្នុងរាងកាយវាមិនអាចជួយស្ដារថាមពលអ្នកបានឡើយ។ ដូច្នេះហើយទើបការទទួលទានតែបៃតង ១ពែង គឺល្អប្រសើរជាង ក៏ព្រោះវាមានផ្ទុកបរិមាណនៃជាតិកាហ្វេអ៊ីនទាប។
៣. រក្សាជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់
ជាក់ស្ដែងអ្នកមិនចាំបាច់ពឹងតែលើកាហ្វេអ៊ីនតែមួយមុខឡើយដើម្បីស្ដារថាមពលដែលបាត់បង់មកវិញ។ ធ្លាប់ដឹងទេថាការទទួលទានទឹក ១កែវ គឺគ្រប់គ្រាន់ណាស់ទៅហើយ ខណៈដែលភេសជ្ជៈនេះមានផ្ទុកលក្ខណៈសម្បត្តិជួយផ្ដល់ថាមពល។ រាងកាយរបស់ពួកយើងមានផ្ទុកជាតិទឹកប្រមាណពី ៥០ ទៅ ៦៥ ភាគរយឯណោះ ការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចជួយឱ្យសរីរាង្គទាំងអស់ដំណើរការមុខងារបានត្រឹមត្រូវ ជាពិសេសនៅពេលអ្នកត្រូវធ្វើការវេនយប់។
៤. ធ្វើលំហាត់ប្រាណមួយភ្លែត
មួយក្នុងចំណោមវិធីដ៏លឿនបំផុតដើម្បីបង្កើនកម្រិតនៃថាមពលរាងកាយ ខណៈពេលធ្វើការវេនយប់នោះ គឺការឆ្លៀតធ្វើលំហាត់ប្រាណប៉ុន្មាននាទី។ អ្នកអាចគ្រាន់តែអាវ៉ង់ពី ១២ ទៅ ១៥ដង ឬដើរឡើងជណ្ដើរក៏បាន។
៥. ញ៊ាំអាហារសម្រន់ដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន
ក្រៅពីល្អសម្រាប់ការលូតលាស់នៃសាច់ដុំហើយនោះ ប្រូតេអ៊ីនក៏ល្អសម្រាប់រក្សាស្ថេរភាពនៃថាមពលរាងកាយផងដែរ។ ដូច្នេះហើយទើបអ្នកធ្វើការវេនយប់ចាំបាច់គួរជ្រើសរើសញ៊ាំអាហារសម្រន់ដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់។ អ្នកទទួលទានបឺរសណ្ដែកដី ១ស្លាបព្រាបាយ ឬញ៊ាំយ៉ាអួរ។ វិធីនេះជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរដោយសារបឺរសណ្ដែកដី និងយ៉ាអួរសុទ្ធមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប្រូតេអ៊ីន និងខ្លាញ់សុខភាពល្អ៕