មនុស្សដែលអាចបានមកជួបគ្នា ស្រឡាញ់គ្នា ក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺត្រូវពឹងផ្អែកទៅលើនិស្ស័យដែលមានចំពោះគ្នាទៅវិញទេ ហើយការដែលអាចក្លាយជាប្ដីប្រពន្ធនឹងគ្នា ស្រលាញ់គ្នា អាចថែរក្សាចំណងអាពាហ៍ពិពាហ៍ ជីវិតប្ដីប្រពន្ធជាមួយគ្នាបានយូរអង្វែង និងមានក្ដីសុខសុភមង្គល គឺអាស្រ័យលើអ្នកទាំងពីរដែលអាចដឹង និងយល់ពីជិវិតប្ដីប្រពន្ធ ហើយប្រើប្រាស់ពេលវេលារួមគ្នាបានល្អកម្រិតណា។
ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអាថ៌កំបាំងក្នុងការធ្វើឲ្យគ្រួសារអ្នកទទួលបានសុភមង្គលយូរអង្វែង។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចេះលើកទឹកចិត្តគ្នា និងគាំទ្រគ្នា ព្រោះកម្លាំងចិត្តមួយនេះ អាចធ្វើឲ្យអ្នកទាំងពីរអាចដើរទៅមុខជាមួយគ្នាបានយូរ។ ដូចនេះ មិនថាអ្នកប្រើពាក្យសម្តី ឬសកម្មភាពទេ អ្នកគួរតែបញ្ចេញនូវការគាំទ្រ ដើម្បីឲ្យស្វាមីអ្នកបានដឹង។
2. អ្នកគួរតែមានរង្វាន់ខ្លះឲ្យស្វាមី នៅពេលដែលគេធ្វើអ្វីមួយបានសម្រេច ព្រោះវាក៏ជាការលើកទឹកចិត្តរបស់អ្នកចំពោះគេផងដែរ ដោយធ្វើឲ្យគេមានកម្លាំងក្នុងការបន្តសម្រេចកិច្ចការនានាដើម្បីគ្រួសារ។
3. ការជឿជាក់គ្នា ដោយដើរទៅមុខជាមួយគ្នាដោយគ្មានភាពសង្ស័យនឹងគ្នា នឹងធ្វើឲ្យគ្រួសារមួយនេះ មិនមានជម្លោះកើតឡើងឡើយ។ ដូចនេះ អ្នកនឹងមិនអាចដើរដល់ផ្លូវបំបែកនោះទេ។
4. អ្នកគួរតែបើកចិត្តឲ្យទូលាយ ព្រោះបើចិត្តចង្អៀតចង្អល់ពេក នឹងធ្វើឲ្យអ្នកទាំងពីរតែងកើតរឿងជាមួយគ្នាជានិច្ច គ្មានថ្ងៃឈប់ឡើយ។
5. អ្នកគួរតែរៀនចេះប្រឈមមុខនឹងការពិត ហើយរៀនចេះដោះស្រាយគ្រប់បញ្ហា ព្រោះវាជាបទពិសោធន៍ក្នុងជីវិត ដែលធ្វើឲ្យអ្នកអាចកាន់តែរឹងមាំបានក្នុងការការពារគ្រួសាររបស់អ្នក។
6. មិនថាក្នុងស្ថានភាពណាឡើយ អ្នកគួរតែរក្សាចរិតទន់ភ្លន់ជានិច្ច មិនគួរបញ្ចេញចរិតឆេវឆាវឡើយ ទើបអាចការពារគ្រួសារអ្នកបានល្អ។
7. អ្នកគួរតែរក្សាចិត្តស្មោះរបស់អ្នកចំពោះស្វាមី ដោយមិនគួរងាករេទៅណាឡើយ ទើបអ្នកទាំងពីរអាចដើរទៅមុខបានយូរអង្វែង។
8. ចុងក្រោយ អ្នកគួរតែហ៊ានលះបង់ដើម្បីគ្នា ទើបអ្នកអាចដែរក្សាមនោសញ្ចេតនាមួយបានល្អ ដោយមិនងាយបាក់បែកឡើយ៕