ឧស្សាហ៍មានអារម្មណ៍ឆាប់ហត់អស់កម្លាំងមែនទេ ? ក្រៅពីទទួលទានតិច ការគេងមិនគ្រប់ និងធ្វើការធ្ងន់ហួសកម្លាំងនោះការបាត់បង់ថាមពលរាងកាយលឿនក៏អាចបណ្ដាលមកពីមូលហេតុស្មានមិនដល់មួយចំនួនផ្សេងទៀតផងដែរ។ ថា តើមូលហេតុអ្វីខ្លះទៅដែលធ្វើឱ្យអ្នកឆាប់អស់កម្លាំងខុសធម្មតា? ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងមូលហេតុចម្បងៗដែលបណ្ដាលឱ្យអ្នកងាយហត់អស់កម្លាំង ៖
១. ទទួលទានទឹកមិនបានគ្រប់គ្រាន់
ទឹក គឺដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយនោះវានឹងបង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់។
២. ទទួលទានស្ករ ឬអាហារផ្អែមច្រើនពេក
បើទោះជាអាហារផ្អែមជួយអោយឆាប់មានថាមពលក៏ពិតមែន ក៏ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ពេលខ្លះការទទួលទានស្ករច្រើនក៏អាចធ្វើអោយអស់កម្លាំងដែរ? នោះក៏ព្រោះតែថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។
៣. កង្វះលំហាត់ប្រាណ
លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ និងល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។
៤. គេងមិនគ្រប់
ការគេងមិនគ្រប់ក៏អាចធ្វើអោយអ្នកអស់កម្លាំងខុសពីធម្មតាផងដែរ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នកផ្ដល់អោយរាងកាយនូវពេលសម្រាកស្ដារថាមពលពេញលេញមកវិញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
៥. កង្វះជាតិដែក
រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ ត្រង់ចំណុចនេះសារធាតុចិញ្ចឹមចាំបាច់បំផុតមួយដែលរាងកាយត្រូវការ គឺជាតិដែក។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក៕