ការហូរឈាមរឹមៗតាមទ្វារមាសក្នុងពេលមានផ្ទៃពោះអាចជារឿងគួរឲ្យខ្លាច។ ប៉ុន្តែអ្នកអាចគិតថា វាគឺជារឿងញឹកញាប់ដែលកើតឡើងបែបនេះ។ តាមពិតទៅ ការធ្លាក់ឈាមក្នុងត្រីមាសដំបូងមានប្រហែល ១៥ ទៅ ២៥ភាគរយដែរ។ ដូច្នេះការធ្លាក់ឈាមបែបនេះអាចជារឿងគួរឲ្យបារម្ភទេ? ករណីខ្លះ ការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះអាចជារឿងធម្មតា ហើយក៏មិនគ្រោះថ្នាក់ដែរ ខណៈពេលដែលរឿងផ្សេងទៀតដែលបង្កឡើងដោយជំងឺធ្ងន់ធ្ងរ ប្រហែលជាផ្តល់ផលអាក្រក់ដល់កូន និងសុខភាពអ្នកផ្ទាល់បាន។
ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលអាចធ្វើឲ្យធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះបាន ៖
ការធ្លាក់ឈាមដោយសារការកាច់សម្បុករបស់កូន
អ្នកប្រហែលជាធ្លាប់មានការហូរឈាមរឹមៗជុំវិញសប្តាហ៍ទី១ ទៅទី២ក្រោយពីមេជីវិតទាំងពីររលាយចូលគ្នារួច ដែលជាពេលវេលាដែលពួកគេត្រូវកាច់សម្បុកក្នុងជញ្ជាំងស្បូន។ ការកាច់សម្បុកនេះក៏នាំឲ្យធ្លាក់ឈាមផងដែឬ ហើយច្រើនតែកើតឡើងជុំវិញរដូវដំបូងរបស់អ្នកដោយសារតែការបង្កកំណើតរបស់កូនក្នុងផ្ទៃ។
ការហូរឈាមពីមាត់ស្បូន
នៅពេលអ្នកមានផ្ទៃពោះ ការផ្គត់ផ្គង់ឈាមទៅស្បូន និងមាត់ស្បូននឹងកើនឡើង ហើយក៏កើនសរសៃឈាមនៅកន្លែងនេះច្រើនថែមទៀតដែរ។ ដោយសារតែរឿងនេះ មាត់ស្បូនគឺងាយនឹងហូរឈាមក្នុងពេលមានផ្ទៃពោះ និងដាច់ដោចដែរ។ ឧទាហរណ៍ អ្នកប្រហែលជាសម្គាល់ឃើញការហូរឈាមរឹមៗក្រោយពីពិនិត្យក្នុងអាងត្រគាក ធ្វើតេស្ត Pap ឬរួមភេទ។ គួរតែតមខ្លួនពីការរួមភេទមុនពេលពិនិត្យរាងកាយ ដូច្នេះទើបអាចបង្ការការរលាកដល់មាត់ស្បូនបាន។
ការបង្ករោគ
ការបង្ករោគជាច្រើនដែលធ្វើឲ្យហូរឈាមតាមទ្វារមាសក៏ប្រហែលជាការឆ្លើយតបជាការហូរឈាមក្នុងពេលមានផ្ទៃពោះដែរ។ រឿងនេះរួមទាំងជំងឺកាមរោគដូចជា ប្រមេះទឹកបាយ ឬទឹកថ្លា មេរោគផ្សិត ឬការបង្ករោគដោយបាក់តេរីក្នុងទ្វារមាស។ សញ្ញានៃការបង្ករោគផ្សេងៗទៀតប្រហែលជាមានការឈឺចាប់ ឬក្រហាយៗក្រោយពីនោមរួច ហូរទឹករំអិលពីទ្វារមាសខុសធម្មតា និងឈឺចាប់ក្នុងពេលរួមភេទ។
ជំងឺកូនក្រៅស្បូន
លើករណីខ្លះ ពងមេជីវិតញីឈ្មោលដែលរលាយចូលគ្នាមិនបានកាច់សម្បុកក្នុងស្បូនទេ។ ផ្ទុយទៅវិញ វាអាចកាច់សម្បុកនៅកន្លែងណាផ្សេងជាពិសេសដៃស្បូនតែម្តង។ នេះហៅថាកូនក្រៅស្បូន ដែឡវាអាចធ្វើឲ្យបំពង់ដៃស្បូនដាច់ដោច និងហូរឈាមក្នុងពោះ។ ការហូរឈាមក្នុងពេលប្រហែលជានាំឲ្យខ្សោយ ឈឺចាប់ សន្លប់ និងស្យុក។ រឿងនេះអាចជារឿងគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការធ្លាក់ឈាមតាមទ្វារមាសអាចពេលខ្លះជាសញ្ញាតែមួយគត់ក្នុងពេលមានកូនក្រៅស្បូនថ្វីបើអ្នកអាចមានសញ្ញាផ្សេងៗទៀតដូចជា ឈឺក្នុងពោះ ស្មា ឬអាងត្រគាក។
ជំងឺកូនពង
ករណីខ្លះ ទារកក្នុងផ្ទៃហាក់បីដូចជាមិនលូតលាស់គ្រប់គ្រាន់ក្នុងផ្ទៃឡើយ ហើយអ្នកប្រហែលជាឃើញតែកោសិកាមិនធម្មតាលូតលាស់រញ៉េរញ៉ៃក្រៅពីកូនទៅវិញ។ ករណីខ្លះ វាប្រហែលជាមិនបង្ករោគសញ្ញា និងគ្រាន់តែរកឃើញក្នុងពេលថតអេកូប៉ុណ្ណោះឯង។ ប៉ុន្តែស្ត្រីខ្លះ ធ្លាប់មានការធ្លាក់ឈាមតាមទ្វារមាសដោយមាន ឬគ្មានដុំគ្រាប់ៗក្នុងស្បូនឡើយ។ អាការៈផ្សេងៗទៀតអាចជាការចាញ់កូនធ្ងន់ធ្ងរ ឬពោះធំខុសធម្មតា។
សញ្ញារលូតកូន
ការឈឺពោះបែបរមួលៗ និងហូរឈាមអាចជាសញ្ញានៃការបាត់បង់ការមានផ្ទៃពោះ ឬលូតកូនបាន។ យ៉ាងណាមិញ ការរលូតកូនគឺជារឿងកម្រណាស់ក្រោយពីមានផ្ទៃពោះបាន ៣ខែហើយ។ ជាមួយគ្នានេះដែរ ចូរចងចាំក្នុងចិត្តថា ប្រហែល ៥០ភាគរយនៃស្ត្រីដែលរលូតកូនគឺមិនធ្លាប់មានការធ្លាក់ឈាមអ្វីទាំងអស់ ដូច្នេះវាក៏មិនមែនជាសញ្ញាបញ្ជាក់តែមួយគត់ងដែរ។
ការរបើកសុក
ក្រៅពីការធ្លាក់ឈាមតាមទ្វារមាស អ្នកប្រហែលជាធ្លាប់មានការឈឺចាប់នៅខ្នង និងឈឺពោះដែរក្នុងករណីរបើកសុក។ វាអាចធ្វើឲ្យមានផលវិបាកធ្ងន់ធ្ងរបើសិនជាមិនត្រូវបានរកឃើញភ្លាមៗទេ ព្រោះវាអាចបណ្តាលឲ្យទារកក្នុងផ្ទៃកង្វះអុកស៊ីសែន ឬម្តាយបាត់បង់ឈាមច្រើនផង។ បើសិនជាការរបើកសុកកើតឡើងជិតថ្ងៃកើត អ្នកប្រហែលជាត្រូវសម្រាលឲ្យបានលឿនហើយ។
ជំងឺសុកបាំងមាត់ស្បូន
សុកបាំងមាត់ស្បូនអាចមានពីរប្រភេទគឺបាំងជិត ឬតិចតួច។ ជំងឺនេះអាចធ្វើឲ្យធ្លាក់ឈាមតាមទ្វារមាស ដោយមិនមានការឈឺចាប់ឡើយ។ ពេលខ្លះ វាអាចស្រួលបួលទៅវិញដោយខ្លួនឯងនៅចន្លោះសប្តាហ៍ទី ៣២ ទៅ ៣៥ ដោយសារតែសុកលូតលាស់ទៅខាងលើវិញបន្តិចម្តងៗ។ ប៉ុន្តែសុកនៅតែស្ថិតនៅខាងក្រោមដដែល ដូច្នេះអ្នកប្រហែលជាត្រូវសម្រាលកូនដោយវះកាត់វិញទើបជារឿងមានសុវត្ថិភាព។
ជំងឺសុកមិនធ្លាក់
នៅពេលស្ត្រីមានជំងឺសុកមិនធ្លាក់ វាអាចជាហេតុផលធំមួយនាំឲ្យធញលាក់ឈាមក្នុងត្រីមាសចុងក្រោយ។ ការធ្លាក់ឈាមរបៀបនេះអាចកើតឡើងច្រើន រហូតដល់គម្រាមគំហែងដល់អាយុជីវិត និងបាត់បង់ឈាមច្រើនក្នុងពេលសម្រាលទៀតផង។ ករណីភាគច្រើនវាត្រូវបានគេរកឃើញក្នុងពេលពិនិត្យផ្ទៃពោះដោយការថតអេកូជាប្រចាំ។ បើសិនជាអ្នកមានជំងឺនេះមែន គ្រូពេទ្យអាចនឹងត្រូវការកាត់ស្បូនចោលក្រោយពីសម្រាលកូនរួចដើម្បីកុំឲ្យបាត់បង់ឈាមច្រើន។
សម្រាលមិនគ្រប់ខែ
ការធ្លាក់ឈាមតាមទ្វារមាសក្នុងពេលមានផ្ទៃពោះយូរហើយ អាចជាសញ្ញាមួយដែលបញ្ជាក់ថា រាងកាយត្រៀមនឹងការសម្រាលកូនហើយ។ រឿងនេះកើតឡើងនៅពេលដែលឈាមលាយជាមួយទឹករំអិលធ្លាក់ចេញមកខាងក្រៅ។ បើសិនជាវាកើតឡើងអ៊ីចឹងមុនពេលថ្ងៃកើតមែន វាអាចជាការសម្រាលមិនគ្រប់ខែហើយ៕