ភាគច្រើននៃពួកយើងដោះស្រាយបញ្ហាសក់ឡើងប្រេងខ្លាំងដោយការប្រើប្រាស់សាប៊ូពិសេសណាមួយ, ចងសក់ឡើង ឬព្យាយាមកក់សក់ញឹកញាប់។ ប៉ុន្តែក៏មានគន្លឹះងាយៗមួយចំនួនទៀតដែលអាចជួយអ្នកទប់ទល់នឹងបញ្ហាសក់ឡើងប្រេង និងអង្កែដោយមិនចាំបាច់ចំណាយកម្លាំងអស់ច្រើន។ ឧទាហរណ៍ការជ្រើសរើសប្រភេទនៃអាហារត្រឹមត្រូវដើម្បីទទួលទានអាហារក៏អាចជួយកាត់បន្ថយការផលិតជាតិប្រេងបានផងដែរ ខណៈដែលការជៀសវាងអាហារមួយចំនួនទៀតជួយទប់ស្កាត់បញ្ហាមិនឱ្យកើតឡើង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?ថ្ងៃនេះយើងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរកាត់បន្ថយ ឬជៀសវាងទទួលទានច្រើន ដើម្បីទប់ស្កាត់បញ្ហាសក់ឡើងប្រេង និងអង្គែ ៖
១. ស្ករស
អ័រម៉ូន គឺជាអ្នកបញ្ជូនសាររបស់រាងកាយដែលជួយក្នុងការគ្រប់គ្រងសឹងគ្រប់ដំណើរការកើតឡើងក្នុងរាងកាយ។ ដូច្នេះហើយទើបវាសំខាន់ណាស់ក្នុងការរក្សាបាននូវតុល្យភាពនៃអ័រម៉ូន។ ស្ករស មិនមែនជាផលិតផលមួយដែលជួយអ្វីបានក្នុងដំណើរការនេះឡើយ ក្រៅពីបង្កបញ្ហាអតុល្យភាពអ័រម៉ូនទៅវិញ។ ជំនួសឱ្យការជួយដោះស្រាយបញ្ហា ស្ករបែរជាបង្កឱ្យកើតមានដំណើរការនៃការរលាកក្នុងរាងកាយ និងបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ហើយថែមទាំងក្រពេញឱ្យផលិតប្រេងកាន់តែច្រើនឡើងទៀតផង។
២. ជាតិកាបូអ៊ីដ្រាតចម្រាញ់
កាបូអ៊ីដ្រាតចម្រាញ់ជាប្រភេទនៃកាបូអ៊ីដ្រាតមិនល្អចំពោះសុខភាព។ ឧទាហរណ៍ដ៏ល្អមួយនៃអាហារដែលមានផ្ទុកជាតិកាបូអ៊ីដ្រាតចម្រាញ់ គឺនំបុ័ងដែលផ្សំឡើងពីម្ស៉ៅនំបុ័ងពណ៌សមិនមែនម្ស៉ៅស្រូវសាឡី។ ការទទួលទានជាតិកាបូអ៊ីដ្រាតមិនល្អច្រើនអាចបណ្ដាលឱ្យក្រពេញប្រេង ឬខ្លាញ់ផលិតហួសតម្រូវការដែលជាលទ្ធផលនៃស្បែកក្បាល និងសក់ឡើងប្រេង ក៏ដូចជាអង្គែខ្លាំង។
៣. អាហារចៀន ឬបំពង
មិនថាអាហារបំពង ឬចៀនប្រភេទណាក៏ដោយ ជាពិសេសមានជាប់ជាតិខ្លាញ់ខ្លាំង និងអាហារ fast food ការទទួលទានច្រើនពេកបង្កបញ្ហាជាច្រើនចំពោះសុខភាព ក៏ដូចជាការផលិតជាតិប្រេងនៃក្រពេញប្រេង ឬខ្លាញ់ក្នុងរាងកាយផងដែរ។ ជាតិប្រេង ឬខ្លាញ់ដែលវាផលិតគ្រប់ដណ្ដប់លើស្បែករបស់យើង រួមបញ្ចូលទាំងស្បែកក្បាល។ ដូច្នេះជៀសវាងទទួលទានអាហារ fast food ដូចជា បឺហ្គឺរ នៅពេលល្ងាចក៏ព្រោះវាអាចបណ្ដាលឱ្យសក់រញ៉េរញ៉ៃស្អិតពេញមួយយប់។ ដូច្នេះដើម្បីរក្សាសុខភាពសក់ល្អប្រសើរ, ដោះស្រាយបញ្ហាសក់ឡើងប្រេង និងអង្គែ ក៏ដូចជាទប់ស្កាត់បញ្ហាកុំឱ្យកើតឡើង កុំទទួលទានអាហារប្រភេទនេះច្រើនពេក ដោយជំនួសមកវិញនូវអាហារសុខភាពល្អ។
៤. ផលិតផលផ្សំឡើងពីទឹកដោះគោ
ការទទួលទានផលិតផលគ្រប់ប្រភេទដែលផ្សំឡើងពីទឹកដោះគោជាកត្តាចម្បងមួយនៃបញ្ហាទាក់ទងនឹងការផលិតជាតិប្រេង ឬខ្លាញ់លើសបន្ថែម។ នោះក៏ព្រោះតែផលិតផលផ្សំឡើងពីទឹកដោះគោដូចជា ទឹកដោះគោស្រស់, បឺរ និងឈីស ត្រូវបានរំលាយបំបែកដោយរាងកាយទៅជាជាតិប្រេង និងខ្លាញ់ ការទទួលទានច្រើនពេកធ្វើឱ្យសក់របស់អ្នកឡើងស្អិតៗ ហើយកើតមុនលើផ្ទៃមុខថែមទៀត។ អាហារប្រភេទនេះក៏មានផ្ទុកសារធាតុដែលបង្កើនបរិមាណនៃអ័រម៉ូន testosterone ដែលប៉ះពាល់ដល់ការផលិតជាតិខ្លាញ់បន្ថែម។ ដូច្នេះហើយទើបទឹកដោះគោផ្ទុកជាតិខ្លាញ់ពេញក្ដៅៗមួយកែវនៅពេលល្ងាច ឬមុនពេលចូលគេង តម្រូវឱ្យអ្នកត្រូវកក់សក់នៅព្រឹកបន្ទាប់។
៥. អំបិល
ការទទួលទានអំបិលច្រើនពេកមិនត្រឹមបង្កការហើម, ស្នាមថ្នក់ក្រោមភ្នែក, អង្គែស្បែកក្បាល និងខ្សោះជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ក្រពេញខ្លាញ់ ឬប្រេងផងដែរ។ នោះក៏ព្រោះតែរាងកាយត្រូវបង្កើនការផលិតជាតិខ្លាញ់ ឬប្រេងកាន់តែច្រើនដើម្បីទប់ទល់ការខ្សោះជាតិទឹកបណ្ដាលឱ្យសក់ប្រែជាស្អិត និងឡើងប្រេង ជាពិសេសអ្នកដែលងាយប្រឈមមុខនឹងបញ្ហានេះ៕