ប្រសិនជាអ្នករក្សាមនោសញ្ចេតនាអ្នកបានយូរអង្វែង អ្នកអាចប្រើល្បិចទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរហាមឃាត់សង្សារអ្នកពេកទេ ដោយគួរតែឲ្យគេមានពេលវេលាដែលជារបស់ខ្លួនឯងខ្លះ ទើបគេអាចធ្វើអ្វីដែលគេពេញចិត្ត ដោយមិនងាយធុញនឹងអ្នកនោះទេ។
- អ្នកមិនគួរព្រោះតែចង់ឲ្យបុរសស្រឡាញ់អ្នក ហើយកែប្រែខ្លួនឯងនោះទេ ព្រោះបើគេស្រឡាញ់អ្នកពិត គេនឹងស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលជារបស់អ្នក ដោយមិនចង់ឲ្យអ្នកកែប្រែខ្លួនឡើយ។
- អ្នកមិនគួរតែងតែសួររឿងដែលកន្លងផុតទៅរបស់គេនោះទេ មានន័យថារឿងអតីតកាល ព្រោះរឿងទាំងនោះមិនសំខាន់ហើយ ដោយអ្នកគួរតែរស់នៅក្នុងបច្ចុប្បន្ន និងដើរទៅអនាគត ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អ។
- អ្នកមិនគួរសម្តែងឲ្យគេឃើញច្បាស់ពេកថា អ្នកស្រឡាញ់គេខ្លាំងនោះទេ ដោយមានពេលខ្លះ អ្នកអាចធ្វើជាមិនសូវខ្វាយខ្វល់ ទើបអាចទាក់ទាញចំណាប់អារម្មណ៍របស់គេបាន។
- អ្នកអាចធ្វើជាមិត្តរបស់មិត្តរួមការងារ និងមិត្តភក្តិស្រីទាំងឡាយរបស់គេបាន។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកបាត់នូវការសង្ស័យទាំងឡាយ ដោយអាចរក្សាមនោសញ្ចេតនាអ្នកបានយ៉ាងល្អតែម្តង។
- មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែឆ្លៀតឱកាសខ្លះ ដើម្បីធ្វើការណាត់ជួបជាមួយគេ។ នៅពេលដែលអ្នកមិនបានជួបគ្នាយូរ មនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលយ៉ាងងាយ។
- អ្នកក៏អាចធ្វើរឿងមួយចំនួនដើម្បីឲ្យគេភ្ញាក់ផ្អើរដែរ ព្រោះអាចធ្វើឲ្យគេគិតថា គេក៏សំខាន់ក្នុងចិត្តរបស់អ្នកផងដែរ។
- អ្នកមិនគួរខឹងគេច្រើនពេកនោះទេ ព្រោះបើគេលួងអ្នកយូរ គេនឹងអាចធុញ។ ដូចនេះ អ្នកគួរតែធ្វើជានារីដែលចេះយល់ចិត្ត ហើយអធ្យាស្រ័យច្រើន ដោយបើកចិត្តឲ្យទូលាយ ទើបមិនធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាច្រើន។
- អ្នកគួរតែរៀនចេះយោគយល់ និងផ្តល់កម្លាំងចិត្តឲ្យសង្សារអ្នកឲ្យបានច្រើន ទើបមនោសញ្ចេតនាអ្នកមិនងាយប្រែប្រួល ព្រោះតែរឿងតូចតាច។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន ដើម្បីធ្វើឲ្យស្នេហាអ្នកអាចដើរដល់ទីបញ្ចប់៕