បើសិនជាអ្នកកំពុងតែមានគម្រោងរស់នៅក្នុងជីវិតប្រកបដោយសុខភាពល្អ រយៈពេលយូរហើយ នោះ អត្ថបទនេះត្រូវបានធ្វើឡើងជាពិសេសសម្រាប់អ្នកហើយ ។ នេះដោយសារតែមានទម្លាប់ប្រចាំថ្ងៃមួយចំនួនត្រូវបានគេចាត់ទុកថា អាចធ្វើឲ្យជីវិតរស់នៅកាន់តែខ្លី ។ ចង់ដឹងថា តើទម្លាប់ទាំងនោះមានអ្វីខ្លះ ចូរតាមដានដូចខាងក្រោមនេះ ៖
មើលទូរទស្សន៍ ឬកុំព្យូទ័រច្រើនពេក
ការដែលមានរបៀបរស់នៅបែបស៊ីដេកៗ គឺជារឿងដែលមិនត្រូវធ្វើសោះឡើយ ជាពិសេសបើសិនបើសិនជាអ្នកចង់រស់នៅបានអាយុ១០០ ។ នេះដោយសារតែ វាអាចបង្កើនការប្រឈមនឹងបញ្ហាសុខភាពជាច្រើននៅថ្ងៃអនាគតដូចជា ជំងឺទឹកនោមផ្អែម ធាត់ជ្រុល លើសសម្ពាធឈាម និងជំងឺបេះដូង ។ យកល្អគួរតែចៀសវាងធ្វើទាំងនេះ មកធ្វើសកម្មភាពរាងកាយឲ្យបានច្រើនវិញ។
កម្រហាត់ប្រាណ
និយាយដល់រឿងហាត់ប្រាណ អ្នកជំនាញនិយាយថា វាគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាមិនចង់ស្លាប់ទាំងវ័យក្មេង ហើយដើម្បីធ្វើបែបនេះបាន ទាល់តែហាត់ប្រាណជាប្រចាំ។ ការចំណាយពេលយ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ រយៈពេល ៥នាទីក្នុងមួយសប្តាហ៍ ឬចំណាយពេលដើរលឿនៗ រត់យឺតៗ ជិះកង់ ហែលទឹក ឬរាំច្រើន វាគឺជារឿងល្អគ្រប់គ្រាន់សម្រាប់បំបាត់បញ្ហាដែលនាំឲ្យអាយុខ្លីហើយ។
គេងច្រើនពេក ឬតិចពេក
ថ្វីបើវាគឺជាការពិតត្រង់ថា គ្រូពេទ្យណែនាំឲ្យគេងគ្រប់គ្រាន់រាល់យប់ក៏ដោយ តែវាអាចជារឿងពិបាកដែរក្នុងការធ្វើវាឲ្យបាន។ ការដែលគេងច្រើនពេកវានឹងមិនមានផលល្អដូចគ្នានឹងគេងតិចដែរ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការគេងច្រើនជ្រុលពិតជាអាចធ្វើឲ្យអ្នកប្រឈមនឹងការធាត់ជ្រុល និងជំងឺបេះដូងបាន។ ដូចគ្នានេះដែរ ការគេងពេលយប់មិនបានគ្រប់គ្រាន់គឺជាបញ្ហាមួយដែលនាំឲ្យអ្នករស់នៅមិនបានយូរឡើយ។ ដូច្នេះចូរប្រាកដថា អ្នកបានគេងលក់គ្រប់គ្រាន់ចាប់ពី ៧ ទៅ៩ម៉ោងក្នុងមួយយប់ ព្រមទាំងសម្រួលអារម្មណ៍តានតឹង និងថប់អារម្មណ៍អស់ហើយ។
ញ៉ាំអាហារប្រៃៗ
បើសិនជាអ្នកមិនប្រកាន់ទេ យកល្អគួរតែបង្កើតមិត្តភាពជាមួយអាហារមិនប្រៃវិញល្អជាង។ មនុស្សគ្រប់គ្នាដឹងហើយថា ការញ៉ាំអាហារប្រៃច្រើនអាចធ្វើឲ្យលើសសម្ពាធឈាម។ ការលើសសម្ពាធឈាមអាចធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងជំងឺបេះដូងបាន។ បើសិនជាមិនបានគ្រប់គ្រងវាទេ ជំងឺនេះក៏អាចនាំឲ្យខូចសរីរាង្គជាច្រើនក្នុងខ្លួនដែរដូចជា ភ្នែក និងតម្រងនោម។
មិនបានប្រើអំបោះសម្អាតធ្មេញ
ការដែលប្រើអំបោះរូសសម្អាតធ្មេញជាទៀងទាត់មិនត្រឹមតែល្អចំពោះស្នាមញញឹមទេ តែក៏ល្អចំពោះបេះដូងដែរ ។ រយៈពេលច្រើនឆ្នាំមកនេះ អ្នកជំនាញជាច្រើនជឿថា ការដែលមានជំងឺអញ្ចាញធ្មេញដោយសារតែសុខភាពមាត់ធ្មេញមិនល្អអាចធ្វើឲ្យអ្នកជំងឺប្រឈមកាន់តែខ្ពស់នឹងការស្លាប់ដោយសារតែបញ្ហាបេះដូងបាន។ ពិតណាស់ ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលកង្វះសុខភាពមាត់ធ្មេញ អាចនឹងមានសរសៃឈាមអាក់ទែរួមតូចជាងគេ៕