ជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ គឺខុសពីប្រភេទផ្សេងទៀតនៃជំងឺទឹកនោមផ្អែម ក៏ព្រោះវាកើតឡើងតែនៅពេលស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ ជាធម្មតាមិនបង្ហាញរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ទេ ហើយងាយនឹងបាត់ទៅវិញក្រោយសម្រាល។ កំឡុងពេលកើតមានជំងឺទឹកនោមផ្អែមប្រភេទនេះ អ័រម៉ូនដែលជាធម្មតាផលិតឡើងដើម្បីជួយដល់ការលូតលាស់របស់ទារកចាប់ផ្ដើមជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន។
សរីរាង្គរបស់ស្ត្រីមួយចំនួនអាចនៅតែផលិតអាំងស៊ុយលីនលើសបន្តិចដើម្បីរក្សាកម្រិតគ្លុយកូស ឬជាតិស្ករ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះមិនអាចឡើយ។ ថាតើមានវិធីអ្វីគ្រប់គ្រងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះឬអត់? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលអ្នកគួរសាកល្បង ៖
១. ជ្រើសរើសទទួលទានផ្លែឈើឱ្យបានត្រឹមត្រូវ
ផ្លែឈើជាអាហារសម្រន់ដ៏ល្អបំផុតចំពោះសុខភាពផ្ទុយពីនំស្រួយនិងសូកូឡាដែលអ្នកទទួលទានចន្លោះពេលអាហារ។ ទោះជាយ៉ាងណាត្រូវចាំថាផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ដែលអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានផ្លែឈើណាដែលមានផ្ទុកជាតិស្ករទាប។
២. ទទួលទានប្រូតេអ៊ីនឱ្យបានច្រើន
ដើម្បីរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាមនោះការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ គឺសំខាន់ណាស់។ ដូច្នេះប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ចូរព្យាយាមទទួលទានសាច់គ្មានខ្លាញ់ និងអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៣. ទទួលទានខ្លាញ់ក្នុងកម្រិតមធ្យម
ការទទួលទានខ្លាញ់សុខភាពល្អក្នុងកម្រិតមធ្យម គឺពិតជាល្អសម្រាប់អ្នកកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែខ្លាញ់ល្អនឹងមិនបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។
៤. ចៀសវាងទទួលទានអាហារមានជាតិម្ស៉ៅ
អាហារមានជាតិម្ស៉ៅច្រើនតែមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ដែលនឹងជះឥទ្ធិពលដល់កម្រិតនៃជាតិស្ករក្នុងឈាម។ នេះមានន័យថាអ្នកគួរចៀសវាងទទួលទានអាហារមានជាតិម្ស៉ៅដូចជានំបុ័ង និងបាយសជាដើម។ ដូច្នេះដើម្បីជាការប្រសើរ អ្នកអាចទទួលទានបាយអង្ករសម្រូបជំនួសបាយស។
៥. បង្កើនការទទួលទានបន្លែ
ការទទួលទានបន្លែបានច្រើន គឺល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល ក៏ដូចជាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។
៦. រួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារ
អ្នកក៏អាចទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់ជំនួសផ្លែឈើ។ គ្រាប់ធញ្ញជាតិមានផ្ទុកអាស៊ីតខ្លាញ់ល្អខ្ពស់ ប៉ុន្តែជាតិស្ករ ឬកាបូអ៊ីដ្រាតទាប។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយ៕