ការខាំក្រចក ជាទម្លាប់ទូទៅមួយដែលប៉ះពាល់ចំពោះមនុស្សសឹងតែគ្រប់វ័យ។ ភាគច្រើនការខាំក្រចកនេះចាប់ផ្ដើមតាំងពីតូច ហើយបន្តដល់ពេញវ័យ ដោយសារវាក្លាយជាទម្លាប់។ ទោះជាយ៉ាងណា ភាពតានតឹងក្នុងអារម្មណ៍ និងធុញទ្រាន់ ក៏ជាកត្តាចម្បងបំផុតមួយដែលបណ្ដាលឱ្យមនុស្សខាំក្រចកដៃរបស់ពួកគេផងដែរ។ ហើយទម្លាប់នេះក៏អាចជារោគសញ្ញាមួយនៃបញ្ហាជំងឺផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទម្លាប់នៃការខាំក្រចកអាចផ្ដល់គ្រោះថ្នាក់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ! ថ្ងៃនេះយើងនឹងបង្ហាញឲ្យដឹងពីផលវិបាកនៃការខាំក្រចក ៖
១. វាអាចនាំឱ្យកើតជំងឺបង្កដោយបាក់តេរី ៖ ក្រចក ជាកន្លែងបង្កាត់ពូជ ឬជម្រកនៃពពួកបាក់តេរីច្រើនប្រភេទដូចជា salmonella និង E.coli ដែលបង្កជំងឺរាករូស, មេរោគនៅផ្លូវទឹកមូត្រ, ជំងឺផ្លូវដង្ហើម និងរលាកសួត។ រាល់ពេលដែលអ្នកខាំក្រចកដែលមានផ្ទុកបាក់តេរីនោះវានឹងបញ្ជូនបាក់តេរីចូលទៅក្នុងមាត់ និងផ្នែកផ្សេងទៀតនៃរាងកាយបណ្ដាលឲ្យឆ្លងមេរោគ។ ជាធម្មតា ក្រចក អាចនឹងកខ្វក់ជាងម្រាមដៃដល់ទៅពីរដងឯណោះ!
២. វាអាចបណ្ដាលឲ្យក្រចកឆ្លងមេរោគផ្សេងៗ ៖ អ្នកចូលចិត្តខាំក្រចកភាគច្រើនងាយនឹងឆ្លង ឬកើតរោគផ្សិតម្យ៉ាងហៅថា paronychia នៅជុំវិញស្បែកគល់ក្រចក។ ខណៈដែលអ្នកខាំក្រចក នោះពពួកបាក់តេរី ក៏ដូចជារោគផ្សិតនឹងឆ្លងចូលតាមកន្លែងរបកស្បែកតូចៗនាំឱ្យហើម, ឡើងក្រហម និងខ្ទុះជុំវិញក្រចក។
៣. វាអាចកើតទៅជាឬសលើម្រាមដៃដោយសារវីវុស HPV ៖ ឬសលើម្រាមដៃដែលបណ្ដាលមកពីការឆ្លងមេរោគ HPV ជាផលប៉ះពាល់ទូទៅនៃទម្លាប់ខាំក្រចក។ អ្វីដែលគួរឲ្យបារម្ភថែមទៀតនោះ គឺជំងឺឬសទាំងនេះអាចរាលដាលទៅមាត់ និងបបូរមាត់បានយ៉ាងងាយនៅពេលអ្នកខាំក្រចក។
៤. ឈឺសាច់គល់ក្រចក ៖ ការខាំក្រចកធ្វើឲ្យស្បែកនៅគល់ក្រចកស្ងួត, ងាយរបកស្បែក និងបណ្ដាលឲ្យមានការឈឺចាប់។
៥. វាបណ្ដាលឲ្យក្រចកកប់ក្នុងសាច់ ឬកប់ត្រចៀកក្រាញ់ ៖ បញ្ហានេះបង្កការហើម, ឡើងក្រហម និងឈឺចាប់ខ្លាំង។
៦. វាអាចបណ្ដាលឱ្យកើតជំងឺផ្ដាសាយ ៖ នៅរាល់ពេលអ្នកខាំក្រចក នោះអ្នកកំពុងប៉ះពាល់ផ្ទាល់ទៅនឹងមេរោគដែលបណ្ដាលឲ្យផ្ដាសាយ ឬវីរុសគ្រុនផ្ដាសាយ។ វាក៏អាចបង្កជជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើមផងដែរ៕