ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលប្តីគួរតែជួយប្រពន្ធពេលកំពុងពរពោះកូនទី២ ។ តើមានអ្វីខ្លះទៅ?
- ក្នុងនាមជាស្វាមីល្អម្នាក់ អ្នកគួរតែជួយងូតទឹកឲ្យកូនច្បង ព្រោះពេលមានផ្ទៃពោះ ពិបាកក្នុងការអោនខ្លាំងណាស់។ ដូចនេះ បើអ្នកអាចជួយរឿងមួយនេះ នោះនឹងអាចជួយសម្រួលដល់ភរិយាអ្នកបានច្រើន។
- នៅពេលដែលដល់ថ្ងៃឈប់សម្រាក អ្នកគួរតែជួយមើលថែទាំកូនច្បង ដោយអាចនាំគេទៅដើរលេងក៏បានដែរ ព្រោះពេលមានផ្ទៃពោះ អ្នកម្តាយអាចនឹងខ្ចិលដើរ។ ដូចនេះ អ្នកគួរតែកំដរកូនឲ្យបានច្រើន ដើម្បីឲ្យគេអាចទទួលបានភាពកកក្តៅពីអ្នក ដោយមិនគិតថាអ្នកស្រឡាញ់តែប្អូនក្នុងផ្ទៃ។
- នៅពេលដែលអ្នកម្តាយកើតមានអាការៈចាញ់កូន អ្នកគួរតែបញ្ចុកបាយដល់កូនច្បង ដោយមិនគួរឲ្យអ្នកម្តាយធ្វើឡើយ ព្រោះអាចធ្វើឲ្យគេក្អួតកាន់តែធ្ងន់ធ្ងរពេលដែលធុំក្លិនម្ហូបអាហារផ្សេងៗ។
- បើអ្នកកំពុងតែពរពោះកូនទី២ អ្នកគួរតែប្រគល់ភារៈកិច្ចពរកូនច្បងដល់ស្វាមី ព្រោះអ្នកមិនអាចពរបានឡើយ មានគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ មិនថាក្នុងស្ថានភាពអ្វីទេ អ្នកមិនគួរពរកូនច្បងឡើយ ។
- ចុងក្រោយ អ្នកគួរតែពិភាក្សាគ្នាឲ្យបានច្បាស់លាស់មុននឹងដល់ពេលសម្រាលកូន ថា តើកូនច្បងគួរតែទុកឲ្យនរណាមើលថែពេលដែលអ្នកដល់ថ្ងៃសម្រាល ។ ការធ្វើបែបនេះ ដើម្បីឲ្យអ្នកមានអារម្មណ៍សុវត្ថិភាពក្នុងការសម្រាលកូនទី២ ៕