វត្តមានអង់ស៊ីមថ្លើម ឬជាតិពុលក្នុងថ្លើមឡើងខ្ពស់ គឺជាសញ្ញាបញ្ជាក់ថា កោសិកាថ្លើម ឬជាលិកាថ្លើមរងការរលាយ ឬខូចខាតហើយ ។ រឿងនេះអាចបង្កឡើងដោយមូលហេតុខុសៗគ្នាច្រើនណាស់ ។ កោសិកា ឬជាលិកាថ្លើមដែលខូចខាត ឬរលាកងាយនឹងបញ្ចេញសារធាតុគីមីរបស់វាមកក្រៅណាស់ដូចជា អង់ហ្ស៊ីមថ្លើមតែម្តងចូលទៅក្នុងចរន្តឈាម ដែលយើងអាចមើលដឹងតាមរយៈការធ្វើតេស្តឈាម ។ នៅពេលរកឃើញបែបនេះ គ្រូពេទ្យច្រើនតែស្នើសុំរកមើលមូលហេតុរបស់វា ។ យ៉ាងណាមិញ មូលហេតុរបស់វាអាចមានដូចខាងក្រោមនេះ ៖
កំពុងតែលេបថ្នាំ
មនុស្សគ្រប់គ្នាដឹងហើយថា របស់សំខាន់ជាងគេដែលថ្លើមត្រូវការបន្សាបនោះ គឺថ្នាំតែម្តង។ ហេតុដូច្នេះហើយ ការលេបថ្នាំធម្មតាៗមួយចំនួន ក៏អាចធ្វើឲ្យអង់ស៊ីមថ្លើមនេះឡើងខ្ពស់បានដែរ ។ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ធម្មតាៗ គឺជាដើមហេតុដ៏ចំបងបំផុតដែលនាំឲ្យអង់ស៊ីមថ្លើមឡើងខ្ពស់ ជាពិសេសថ្នាំប៉ារ៉ាសេតាម៉ុលតែម្តង។
ការញ៉ាំគ្រឿងស្រវឹងច្រើនៗ
គ្រឿងស្រវឹងគឺជាហេតុផលដ៏ច្បាស់លាស់មួយដែលនាំឲ្យថ្លើមរងការខូចខាត ។ ហើយអ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗក៏មិនបាច់ឆ្ងល់ថាហេតុអ្វីបានជាជាតិពុលក្នុងថ្លើមឡើងខ្ពស់ដែរ។ អ្នកដែលប្រមឹកនឹងគ្រឿងស្រវឹង គឺប្រឈមខ្ពស់នឹងជំងឺខ្លាញ់រុំថ្លើម ក្រិនថ្លើម រលាកថ្លើម និងមហារីកថ្លើម។
ជំងឺរលាកថ្លើមប្រភេទ A, B និង C
និយាយដល់ជំងឺរលាកថ្លើម គឺអាចធ្វើឲ្យជាតិពុលក្នុងថ្លើមឡើងខ្ពស់បានទាំងអស់។ ជំងឺរលាកថ្លើម A, B, និង C សុទ្ធតែបង្កឡើងដោយវីរុសខុសៗគ្នា ហើយក៏បង្កជាផលវិបាកធ្ងន់ធ្ងរមួយចំនួនដែរ បើសិនជាមិនមានការគ្រប់គ្រង និងព្យាបាលឲ្យមានប្រសិទ្ធភាពទេ។ ជំងឺក្រិនថ្លើម ខ្សោយថ្លើម និងមហារីកថ្លើម សុទ្ធតែជាផលវិបាករបស់ជំងឺរលាកថ្លើមខាងលើ។
កំពុងតែធាត់ជ្រុល
វាគឺជាចំណេះដឹងទូទៅមួយដែលនិយាយថា បេះដូង និងប្រព័ន្ធបេះដូងសរសៃឈាមទាំងមូលនឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់បើសិនជាអ្នកកំពុងតែធាត់ជ្រុលហើយ។ រឿងនេះមិនទាន់មានមនុស្សច្រើនដឹងនៅឡើយទេ ប៉ុន្តែវាជាការពិត។ការធាត់ជ្រុល អាចប្រឈមកាន់តែខ្លាំងនឹងបញ្ហាធ្ងន់ធ្ងរដែលទាក់ទងនឹងថ្លើម និងការលើសជាតិពុលក្នុងថ្លើមថែមទៀត ៕