តើអ្នកជាមនុស្សដែលចង់ថែរក្សារូបសម្រស់ខ្លួនឯងឲ្យកាន់តែស្អាតដើម្បីទាក់ទាញភ្នែកមនុស្សជុំវិញខ្លួនដែរទេ? រឿងនេះមិនមែនគ្រាន់តែត្រូវទៅហាងសាឡន ឬគ្លីនិកកែសម្ផស្សជាទៀងទាត់ និងប្រើប្រាស់ផលិតផលថែសម្រស់ល្អៗឡើយ តែវាក៏ជារឿងដែលអ្នកត្រូវកែទម្លាប់មិនល្អដែលធ្វើឲ្យមុខកាន់តែយ៉ាប់ទៅៗដែរ។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលធ្វើឲ្យរាងកាយអ្នកលែងក្លាយទៅជាភាពទាក់ទាញថែមទៀត ហើយក៏ធ្វើឲ្យមុខកាន់តែយ៉ាប់ថែមទៀតដែរ៖
ញ៉ាំអាហារមានជាតិខ្លាញ់ច្រើន
អាហារបែបនេះច្រើនតែមានក្នុងអាហារដែលមិនផ្តល់សុខភាពដូចជា ដំឡូងស្រួយ ដំឡូងចៀន បឺហ្គឺ និងភីហ្សា។ ដូច្នេះតើអ្នកមានដឹងទេថា ក្រោយពីញ៉ាំរួច វានឹងទៅណាទេ? គឺជាស្បែកមនុស្សយើងហ្នឹងឯង។ បើសិនជាអ្នកចេះតែបន្តញ៉ាំអាហារបែបនេះទឿត ស្បែកអ្នកនឹងមើលទៅមានប្រេងដូចខ្លាញ់អ៊ីចឹង ហើយក៏ងាយនឹងកើតមុនច្រើនថែមទៀតផង។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
អ្នកជំនាញនិយាយថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមនឹងផ្តល់ជាប្រយោជន៍ច្រើនដល់សុខភាព។ ប៉ុន្តែបើសិនអ្នកជាមនុស្សប្រុស ហើយញ៉ាំគ្រឿងស្រវឹងច្រើនជាងពីរកំប៉ុងក្នុងមួយថ្ងៃ ឬមនុស្សស្រីញ៉ាំច្រើនជាងមួយកំប៉ុងក្នុងមួយថ្ងៃ នោះអ្នកនឹងមានបញ្ហាទៅលើរូបរាងហើយ។ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកនឹងបញ្ចេញជាតិពុលទៅក្នុងរាងកាយដែលបង្កើនល្បឿននៃភាពចាស់ជាងវ័យលើស្បែកជាមិនខាន។ ជាមួយគ្នានេះដែរ គ្រឿងស្រវឹងច្រើនអាចធ្វើឲ្យខ្សោះជាតិទឹក បង្កជាស្នាមជ្រីវជ្រួញលើស្បែកថែមទៀត។
ញ៉ាំកាហ្វេច្រើនពេក
វាមិនខុសគ្នានឹងគ្រឿងស្រវឹងឡើយ ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យមនឹងធ្វើឲ្យកើនឡើងអង់ទីអុកស៊ីដង់ក្នុងខ្លួន។ តែវានឹងក្លាយទៅជារឿងខុសគ្នាវិញ បើសិនជាអ្នកញ៉ាំវាក្នុងកម្រិតមួយខ្ពស់។ ក្រៅពីធ្វើឲ្យមានផលរំខាននៃជាតិកាហ្វេអ៊ីន ការញ៉ាំកាហ្វេច្រើនពេកក៏អាចធ្វើឲ្យមុខមើលទៅកាន់តែយ៉ាប់ដែរ នេះដោយសារតែជាតិកាហ្វេអ៊ីនធ្វើឲ្យខ្សោះជាតិទឹកដូចគ្រឿងស្រវឹងដែរ។
ជក់បារី
វាមិនមែនជារឿងអាថ៌កំបាំងទៀតឡើយដែលថា ការជក់បារីគឺជារឿងដែលធ្វើឲ្យមនុស្សប្រឈមខ្ពស់នឹងមហារីកសួត និងបេះដូង។ យ៉ាងណាមិញ វាមិនគ្រាន់តែផ្តល់គ្រោះថ្នាក់ដល់អ្នកជក់ខ្លួនឯងទេ អ្នកស្រូបផ្សែងបារីពីគេក៏មានគ្រោះថ្នាក់ដែរ។ ការជក់បារីគឺជាទម្លាប់អាក្រក់មួយដែលអ្នកគួរតែបញ្ឈប់បើសិនជាអ្នកជាមនុស្សគិតគូរដល់រូបសម្រស់ ព្រោះវានឹងធ្វើឲ្យស្បែកងាយនឹងគ្រឺមណាស់។ ក្រៅពីនេះ វានឹងបង្កើនដំណើរការណ៍នៃភាពចាស់របស់ស្បែកថែមទៀត។
គេងមិនគ្រប់
មិនខ្វល់ថាអ្នកមានហេតុផលអ្វីឡើយដែលធ្វើឲ្យគេងមិនបាន ៧ ទៅ៩ម៉ោងក្នុងមួយយប់ឡើយ វាសុទ្ធតែជាដើមហេតុពីស្ត្រេសច្រើន ដូច្នេះវានឹងធ្វើឲ្យអ្នកលែងមានភាពទាក់ទាញទៀតហើយ។ អ្នកជំនាញខាងរោគសើស្បែកបាននិយាយថា ការគេងមិនគ្រប់អាចផ្តល់ឥទ្ធិពលយ៉ាងខ្លាំងដល់រូបរាងខាងក្រៅរបស់អ្នកបាន។ ពិតណាស់ ភ្នែកអ្នកគឺជាកន្លែងដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារតែគេងមិនគ្រប់ ដោយវាអាចមើលទៅហើម អស់កម្លាំង និងស្លេកស្លាំងជាដើម។ ការគេងមិនគ្រប់ក៏អាចធ្វើឲ្យកើតមុន ស្បែកជ្រីវជ្រួញ និងស្បែកគ្រឺមដែរ៕