ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពសន្លាក់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរកែប្រែដើម្បីរក្សាភាពរឹងមាំនៃសន្លាក់ ៖
១. មិនធ្វើលំហាត់ប្រាណសោះ
ការអង្គុយ ឬគេងយូរៗមិនធ្វើអ្វីសោះ គឺមិនល្អឡើយចំពោះសន្លាក់។ នេះក៏ព្រោះតែលំហូរឈាមទៅកាន់សន្លាក់ត្រូវបានកាត់បន្ថយនៅពេលអ្នកមិនធ្វើសកម្មភាពរាងកាយអ្វីសោះ។ ខណៈនេះសន្លាក់នឹងត្រូវខ្វះការផ្គត់ផ្គង់នូវអុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពរឹងមាំសុខភាពល្អ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងប្រសើរ។
២. ចៀសវាងអាហារមួយចំនួនដែលបង្កការរលាក
រួមមានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ អាហារចៀនបំពង សាច់ក្រហម និងសាច់កែច្នៃជាដើមដែលសុទ្ធតែងាយនឹងបណ្ដាលឱ្យសន្លាក់មានការឈឺចាប់ដោយបង្កការរលាកក្នុងរាងកាយ។
៣. ការជក់បារី
បារីមានផ្ទុកសម្បូរទៅដោយសារធាតុពុលច្រើនប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់កោសិកាគ្រាប់ឈាមនិងបំផ្លាញសសៃឈាម។ ជាលទ្ធផលសន្លាក់នឹងមិនអាចទទួលបានការផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមដែលដឹកនាំដោយឈាមគ្រប់គ្រាន់។ លើសពីនេះទៅទៀតការជក់បារីក៏បន្ថយប្រសិទ្ធភាពនៃថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ផងដែរ។
៤. ស្ត្រេសសឹងគ្រប់ពេល
ការរលាកអាចបណ្ដាលឱ្យសន្លាក់ឈឺចាប់និងហើម ហើយស្ត្រេស គឺជាអ្វីមួយដែលបង្កការរលាកក្នុងរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមស្វែងរកវិធីដ៏មានប្រសិទ្ធភាពដើម្បីគ្រប់គ្រងភាពស្ត្រេស ប្រសិនបើចង់រក្សាបាននូវសុខភាពសន្លាក់ល្អប្រសើរមិនឈឺចាប់។
៥. ស្ពាយកាតាប ឬកាបូបធ្ងន់ៗពេក
ទម្លាប់ស្ពាយកាតាប ឬកាបូបធ្ងន់ៗពេក គឺមិនល្អសោះឡើយចំពោះសុខភាពសន្លាក់។ សូម្បីតែសន្លាក់ត្រង់-កនិងស្មា ព្រមទាំងខ្នងក៏នឹងទទួលរងផលប៉ះពាល់ដែរ!
៦. រំលងមិនទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយកាល់ស្យូមនិងវីតាមីន D
ទាំងកាល់ស្យូមនិងវីតាមីន D គឺសុទ្ធតែចាំបាច់សម្រាប់សុខភាពឆ្អឹងនិងសន្លាក់រឹងមាំប្រសើរ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយកាល់ស្យូមនិងវីតាមីន D ក្នុងរបបអាហារប្រចាំថ្ងៃដើម្បីចៀសផុតបញ្ហាសន្លាក់។
៧. ធាត់ជ្រុល
ភាពធាត់ជ្រុលមិនត្រឹមតែអាក្រក់ចំពោះសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺសុខភាពរាងកាយទាំងមូល។ ដូច្នេះដើម្បីជាការប្រសើរចូររក្សាទម្ងន់ត្រឹមត្រូវមួយដោយជ្រើសរើសរបបអាហារមានសុខភាពល្អនិងព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៨. កម្រិតការទទួលទានអាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់៕