អាហារពេលយប់នៅទីនេះសម្តៅដល់អាហារដែលអ្នកបរិភោគជិតគេង ក្រោយពេលដែលពិសារអាហារពេលល្ងាចរួច វាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ដូចនេះតើវាមានផលប៉ះពាល់អ្វីខ្លះទៅ?
ប៉ះពាល់ដល់ដំណេកអ្នក
នៅពេលយប់ជ្រៅគឺជាពេលដែលរាងកាយអ្នកត្រូវការសម្រាក ប៉ុន្តែបើស្ត្រីមានផ្ទៃពោះនៅតែបរិភោគអាហារដើម្បីចម្អែតក្រពះ នោះវានឹងធ្វើឱ្យពោះវៀន និងក្រពះអ្នកមានសម្ពាធខ្លាំងណាស់ ដោយសារតែវាមិនអាចសម្រាកបាន ហើយនៅតែធ្វើការ នោះយូរទៅ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នក ដូចនេះយកល្អ អ្នកគួរតែចូលគេងពីព្រលឹម ដើម្បីកុំឱ្យមានអារម្មណ៍ឃ្លាន។
ធាត់
នៅពេលដែលអ្នកនៅតែបរិភោគអាហារនៅពេលយប់ជ្រៅ នោះអ្នកងាយនឹងធាត់ខ្លាំងណាស់ ដោយសារតែប្រពន្ធ័រំលាយអាហារអ្នកធ្លាក់ចុះ ដូចនេះវាមិនអាចរំលាយអាហារទាំងនោះបានទាន់ពេលឡើយ នោះវានឹងធ្វើឱ្យខ្លាញ់កកនៅក្នុងខ្លួនអ្នកច្រើន ដូចនេះវាប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់ ជាពិសេសក្រោយពេលដែលអ្នកសម្រាលកូនរួច វានឹងពិបាកស្រកទម្ងន់ខ្លាំងណាស់ វានឹងបំផ្លាញរូបរាងអ្នកយ៉ាងងាយបំផុត។
កើតគ្រួសក្នុងតម្រងនោម
រាងកាយមនុស្សតែងតែបញ្ចេញកាលស្យូមមកក្រៅវិញនៅក្រោយពេលបរិភោគបាយរួចចំនួន៤ទៅ៥ម៉ោង ដូចនេះបើអ្នកបរិភោគអាហារពេលយប់ជ្រៅមួយពេលទៀត រួចចូលគេង នោះកាលស្យូមទាំងនោះនឹងមិនអាចបញ្ចេញមកក្រៅបានឡើយ ដូចនេះវានឹងផ្ទុកក្នុងតម្រងនោមអ្នកយូរ ជាហេតុដែលអាចធ្វើឱ្យអ្នកមានគ្រួសក្នុងតម្រងនោមយ៉ាងងាយនៅពេលដែលកាលស្យូមផ្ទុកយូរ៕