ជាធម្មតានៅពេលដែលស្ត្រីមានផ្ទៃពោះមានការខ្វះឈាម គេតែងតែមានអាការៈមួយចំនួនដូចជា ៖ វិលមុខ ឬអស់កម្លាំង ហើយម្យ៉ាងទៀតថែមទាំងអាចមានអាការៈឈឺក្បាល ហឹងត្រចៀក មានអារម្មណ៍មិនមូល មានការចងចាំចុះខ្សោយ មិនសូវចង់បរិភោគអាហារ ឬមានអាការៈឈឺពោះជាដើម ដូចនេះតើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមនោះ?
- ខ្វះសារធាតុដែក
ជំងឺខ្វះឈាមនេះគឺជួនកាលអាចមកពីមុនពេលដែលអ្នកមានផ្ទៃពោះ រាងកាយអ្នកបានខ្វះសារធាតុដែកទៅហើយ ដោយសារតែខ្វះសារធាតុដែកទាំងនេះហើយ ទើបធ្វើឲ្យឈាមអ្នកមិនគ្រប់នៅពេលដែលអ្នកមានផ្ទៃពោះ ហើយមានជំងឺខ្វះឈាមនេះ។
- កូនក្នុងផ្ទៃលូតលាស់ធំ
នៅពេលដែលមានផ្ទៃពោះចំនួន៦ខែ នោះមានន័យថាកូនក្នុងផ្ទៃលូតលាស់កាន់តែធំហើយ ដូចនេះបើអ្នកមិនប៉ូវសារធាតុដែក នោះរាងកាយអ្នកនឹងបាត់បង់ជាតិដែកកាន់តែច្រើន ដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមនេះ នោះបើអ្នកមិនព្យាបាល ឬមិនបរិភោគអាហារដែលមានសារធាតុដែកច្រើន វានឹងធ្វើឲ្យគ្រោះថ្នាក់ដល់អ្នក និងកូន ដោយសារតែអ្នកខ្វះឈាមច្រើនដែលអាចប៉ះពាល់ដល់ពេលដែលអ្នកសម្រាលកូនខ្លាំងណាស់។
- សុខភាពខ្សោយ
នៅពេលដែលអ្នកមានសុខភាពខ្សោយ មានន័យថារាងកាយអ្នកបានខ្វះសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដែលធ្វើឲ្យសុខភាពអ្នកខ្សោយ ជាហេតុដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមយ៉ាងងាយ ដូចនេះអ្នកគួរតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើន រួមជាមួយអាហារដែលមានពពួកវីតាមីនឲ្យបានច្រើនដូចគ្នា នោះអ្នកនឹងមិនមានជំងឺខ្វះឈាមឡើយ៕