មហារីកមាត់ស្បូនជាជំងឺដ៏កាចសាហាវមួយដែលអាចឆាបយកអាយុជីវិតមនុស្សស្រីបានទៅយ៉ាងងាយ។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺនេះបានដោយគ្រាន់តែអនុវត្តតាមគន្លឹះងាយៗនិងរួមបញ្ចូលអាហារចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ និងអាហារមួយចំនួនដែលមានប្រសិទ្ធភាពជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន ៖
១. រមៀត
ការរួមបញ្ចូលរមៀត ឬម្សៅរមៀតក្នុងអាហារពិតជាអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកមាត់ស្បូនបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយជាកោសិកាមហារីក។
២. បឺរីនិងគ្រាប់ធញ្ញជាតិ
ប្ល៊ូបឺរី ស្ត្របឺរី និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីត ellagic ដែលមានប្រសិទ្ធភាពធ្វើឱ្យអង់ស៊ីមមួយចំនួនក្នុងរាងកាយសកម្មឡើងបន្សាជាតិពុលដែលបង្កជំងឺមហារីក។ ការរួមបញ្ចូលបឺរីនិងគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ប្រឆាំងជំងឺមហារីកមាត់ស្បូននិងមហារីកដទៃទៀតបានគួរឱ្យកត់សម្គាល់។
៣. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
វីតាមីន C មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការវិវត្តនៃកោសិកាមហារីក។ ការទទួលទានបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ខណៈដែលប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយជាកត្តាចម្បងមួយបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន។
៤. អាហារមានផ្ទុកសម្បូរទៅដោយស័ង្កសី
ស័ង្កសីជាជាតិរ៉ែមួយជួយរាងកាយក្នុងការផលិតអង់ស៊ីមបន្ថែមដែលមានសមត្ថភាពកម្ចាត់រាល់ជាតិពុលបង្កជំងឺមហារីក។
៥. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទជួយប្រយុទ្ធប្រឆាំងកោសិកាមហារីក។ តែបៃតងក៏មានសមត្ថភាពប្រឆាំងការរលាកក្នុងរាងកាយដែលជាអ្វីមួយផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺជាច្រើនរួមទាំងមហារីក។
៦. ឈប់ជក់បារី
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការផ្ដាច់បារីអាចជួយទប់ស្កាត់ជំងឺបេះដូងនិងជំងឺសួត។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាការឈប់ជក់បារីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូនផងដែរ។ នេះក៏ព្រោះតែបារីមានផ្ទុកសារធាតុបង្កជំងឺមហារីករាប់ពាន់ប្រភេទ។
៧. រក្សាទម្ងន់ត្រឹមត្រូវមួយ
ភាពធាត់ជ្រុលក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូនគួរឱ្យព្រួយបារម្ភ។ ជាតិខ្លាញ់ច្រើនលើសក្នុងរាងកាយអាចបង្កការផលិតអ័រម៉ូនមួយចំនួនដែលជះផលប៉ះពាល់កោសិកាបង្កើនហានិភ័យនៃជំងឺមហារីក។
៨. ចាក់វ៉ាក់ស៊ាំងការពារវីរុស HPV
វិធីដ៏ងាយនិងប្រសើរបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន គឺការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV។ គួរបញ្ជាក់ផងដែរថា HPV ជាប្រភេទនៃមេរោគម្យ៉ាងបង្កឱ្យមានជំងឺមហារីកមាត់ស្បូន។
៩. ប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ
វីធីដ៏ងាយម្យ៉ាងទៀតដើម្បីទប់ស្កាត់មេរោគ HPV គឺតាមរយៈការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទជាមួយនរណាម្នាក់ដែលអាចមានផ្ទុកមេរោគប្រភេទនេះ៕