ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា មានអាហារចំនួនអាចបង្កបញ្ហាឈឺក្បាលប្រកាំងគួរអោយបារម្ភ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរជៀសវាងនៅពេលកំពុងទទួលរងបញ្ហាឈឺក្បាលប្រកាំង ឬប្រសិនបើមិនចង់ជួបប្រទះបញ្ហានេះ ៖
១. សូកូឡា
នោះក៏ព្រោះតែសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីននិងសារធាតុ beta-phenylethylamine ដែលបង្កបញ្ហាឈឺក្បាលប្រកាំង។
២. អាហារដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង
ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាក្រុមអ្នកវិទ្យា
សាស្ត្រអះអាងថា MSG មានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា
ប្រហែលពី ១០ ទៅ ១៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអ្វីដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។
៣. អាហារប្រៃ
អាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមដែលអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បង្កជាបញ្ហាឈឺក្បាល ឬឈឺក្បាលប្រកាំង។
៤. សាច់កែច្នៃ
សាច់ប្រភេទនេះភាគច្រើនមានផ្ទុកសារធាតុនីត្រាតដែលអាចបង្កអាការៈឈឺក្បាលប្រកាំងតាមរយៈការធ្វើអោយសសៃឈាមរីកធំ។
៥. អាហារមានផ្ទុកសារធាតុ Tyramine
សារធាតុ Tyramine ភាគច្រើនមានក្នុងអាហារផ្អាប់ដូចជា ត្រសក់ត្រាំ និងគីមឈី។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងអាហារប្រភេទនេះ។
៦. ភេសជ្ជៈកាហ្វេអ៊ីន
ពិតណាស់ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនដូចជា កាហ្វេ និងតែត្រឹមមួយពែងអាចសម្រាលអាការៈឈឺក្បាលបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាអ្នកអាចនឹងជួបប្រទះបញ្ហាឈឺក្បាលប្រកាំងជាមិនខាន
ប្រសិនបើទទួលទានលើសកម្រិត ឬច្រើនពេក។
៧. គ្រឿងស្រវឹង
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថា ប្រមាណ ២៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងមានអាការៈធ្ងន់ធ្ងរជាងមុននៅរាល់ពេលទទួលទានស្រាបៀរនិងស្រាក្រហម។ ទោះជាយ៉ាង
ណាក៏ដោយ អ្នកក៏អាចប្រឈមមុខនឹងបញ្ហាឈឺក្បាលប្រកាំងផងដែរក្រោយទទួលទានគ្រឿងស្រវឹង។ នោះក៏ព្រោះតែគ្រឿងស្រវឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលនឹងនាំអោយអាការៈឈឺក្បាលលេចឡើង។
៨. អាហារត្រាំ
ក្រៅពីជាតិសូដ្យូមហើយនោះ អាហារត្រាំភាគច្រើនក៏មានផ្ទុកសារធាតុ tyramine ខ្ពស់ដែលបង្កើនហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងគួរអោយកត់សម្គាល់៕