ស្ត្រីៗគ្នាយើង អ្នកខ្លះចេះតែឆ្ងល់ថា ម៉េចបានគេអាយុច្រើនហើយតែស្បែកមុខនៅតែក្មេងស្រស់ស្អាតអ៊ីចឹង ។ តើគេមានវិធីថែរក្សាសម្រស់យ៉ាងដូចម៉េចខ្លះទៅ ?
ពិតណាស់ ស្បែកមុខយើងនឹងលេចឡើងនូវស្នាមជ្រីវជ្រួញនៅពេលដែលយើងមានវ័យកាន់តែច្រើន ។ នេះដោយសារការផលិតជាតិខូឡាជែន មានការធ្លាក់ចុះទៅតាមពេលវេលា ហើយវាបណ្ដាលឲ្យស្បែកបាត់បង់នូវភាពយឺត ។ ប៉ុន្តែយើងប្រហែលជាមិនចាប់អារម្មណ៍ទេថា កត្តាបរិស្ថាន និងរបៀបរបបរស់នៅ គឺជាឫសគល់ចម្បង ដែលធ្វើឲ្យស្នាមជ្រីវជ្រួញឆាប់លេចឡើងនៅលើផ្ទៃមុខរបស់យើងលឿនជាការរំពឹងទុក ។ បើមិនចង់ភ្ញាក់ពីគេងមកឃើញផ្ទៃមុខកាន់តែដុនដាបទេនោះ គ្នាយើងគួរតែចាប់ផ្ដើមប្ដូរទម្លាប់ទាំងនេះចេញភ្លាមទៅ។
១. ញ៉ាំផ្អែមច្រើនពេក
ការញ៉ាំផ្អែមច្រើន គឺមិនល្អចំពោះសុខភាពឡើយវាមិនត្រឹមតែធ្វើឲ្យយើងឡើងទម្ងន់ប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យយើងប្រឈមមុខនឹងហានិភ័យនៃជំងឺជាច្រើនផងដែរ ដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឬជំងឺមហារីកជាដើម ។ លើសពីនេះវាក៏បង្កឲ្យមានការកើតមុន ព្រមទាំងពន្លឿននូវភាពចាស់ថែមទៀតផង ។
ជាក់ស្ដែង ជាតិខូឡូជែន និងភាពយឺតនៃស្បែកនឹងកាន់តែចុះខ្សោយ នៅពេលដែលយើងញ៉ាំផ្អែមខ្លាំង ហើយក៏បណ្ដាលឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែកតែម្តង។
២. ភ្លេចលាបឡេការពារកម្ដៅថ្ងៃ
កាំរស្មីUVចេញពីពន្លឺព្រះអាទិត្យ គឺជាអាវុធដ៏កាចសាហាវ ដែលចូលទៅបំផ្លាញស្បែករបស់យើងនៅពេលដែលយើងមិនបានប្រុងប្រយ័ត្ន។ វានឹងធ្វើឲ្យខូឡាជែននៃស្បែកបាត់បង់ ហើយបង្កទៅជាស្នាមជ្រីវជ្រួញនៅក្នុងមួយរំពេច។ ដូចនេះ ចូរកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃជាប់ជាប្រចាំ មិនថាយើងត្រូវចេញទៅក្រៅ ឬសំងំនៅតែក្នុងផ្ទះនោះទេ។
៣. មិនផ្ដល់សំណើមដល់ស្បែក
នៅពេលដែលស្បែកខ្វះសំណើម វានឹងក្លាយទៅជាស្ងួតគ្រើម ប្រៀបដូចជាដើមឈើខ្វះជាតិទឹកដូច្នោះដែរ។ ហេតុនេះហើយ ទើបការផ្ដល់សំណើមដល់ស្បែក គឺជាអ្វីដែលយើងមិនគួរមើលរំលងឡើយ។ ជាពិសេស គឺស្បែកខាងក្រោមភ្នែកដែលមានសភាពស្ដើងជាងគេបង្អស់ ដោយលាបគ្រីមការពារក្រោមភ្នែកឲ្យបានជាប់ជាប្រចាំ។
៤. ឥរិយាបថពេលគេង
ឥរិយាបថពេលគេងក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្ទៃមុខផងដែរ។ ប្រសិនបើ យើងគេងផ្កាប់មុខ ឬគេងចំហៀង ដោយសង្កត់ផ្ទៃមុខទៅនឹងខ្នើយក្នុងរយៈពេលយូរ នោះស្នាមជ្រីវជ្រួញនឹងលេចឡើងបន្តិចម្ដងៗ។ ដើម្បីចៀសវាងនឹងបញ្ហានេះ ចូរព្យាបាលគេងផ្ងារ ឬប្រើខ្នើយដែលធ្វើពីសូត្រជំនួសវិញ ដើម្បីកាត់បន្ថយការកកិតលើស្បែក។
៥. គេងមិនគ្រប់គ្រាន់
នៅពេលដែលយើងគេងលក់ កម្រិតអ័រម៉ូនស្ត្រេស នឹងត្រូវថយចុះ ហើយស្បែករបស់យើងក៏ត្រូវបានជួសជុលតាមបែបធម្មជាតិផងដែរ។ ផ្ទុយទៅវិញ បើយើងគេងមិនគ្រប់គ្រាន់ទេនោះ កម្រិតអ័រម៉ូនស្ត្រេសនឹងឡើងខ្ពស់ ដែលអាចចូលទៅបំផ្លាញជាតិខូឡាជែន និងធ្វើភាពយឺតនៃស្បែកចុះថយ ដែលជាហេតុបណ្ដាលឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញ។
៦. ត្រដុស ឬទាញខ្លាំងៗ
ជាមួយគ្នានេះដែរ ការត្រដុសខ្លាំងៗនៅលើផ្ទៃមុខ ដោយប្រើក្រដាសសើមជូតMakeup ឬកូនកន្សែង និងការទាញស្បែកបរិវេណក្រោមភ្នែក ដើម្បីគូសត្រេភ្នែក ក៏ដូចជាការលើកចិញ្ចើមឡើងខ្ពស់ ដើម្បីលាបម៉ាស្ការ៉ា គឺសុទ្ធតែជាកត្តាដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញ។ ទម្លាប់តូចតាចទាំងនេះ នឹងចូលទៅបំផ្លាញស្បែករបស់យើងដោយមិនដឹងខ្លួន។ ដូចនេះ នៅពេលដែលយើងត្រូវប៉ះពាល់ស្បែកមុខ ចូរប្រើដៃថ្នមៗបំផុតតាមដែលអាចធ្វើបាន។
៧. ការបំពុលបរិយាកាស
ការកើនឡើងនៃកម្រិតជាតិពុលនៅក្នុងបរិយាកាស បានបំផ្លាញសុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត ផ្សែងអ័ព្ទ និងកម្ទេចធូលីផ្សេងៗបានចូលទៅបំផ្លាញជាតិខូឡាជែន ដែលនាំឲ្យយើងឆាប់ចាស់ជាងវ័យ និងមានស្នាមជ្រីវជ្រួញលើស្បែក។ ហេតុនេះហើយ ចូរធ្វើការលាងសម្អាតផ្ទៃមុខឲ្យបានស្អាតល្អ ដើម្បីបន្ថយនូវផលប៉ះពាល់អវិជ្ជមាន ៕