ចេះតែមានអារម្មណ៍ឃ្លានអ្វីផ្អែមៗ ឬមានជាតិស្ករខ្ពស់ឥតឈប់មែនទេ? វាអាចបណ្ដាលមកពីកត្តាមួយចំនួន! ថា តើកត្តាទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះយើងបង្ហាញពីមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យអ្នកចេះតែឃ្លានអាហារផ្អែមៗ ៖
១. ទម្លាប់រួមបញ្ចូលអាហារសម្បូរជាតិស្ករក្នុងរបបអាហារ
អ្នកជំនាញជាច្រើននិយាយថាស្ករ ក៏មិនខុសពីគ្រឿងស្រវឹង ល្បែង និងថ្នាំបំបាត់ការឈឺចាប់ប៉ុន្មានប្រភេទទៀតដែរ គឺវាអាចបណ្ដាលឱ្យអ្នកញៀនបានយ៉ាងងាយ។ ម្យ៉ាងវិញទៀតការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករច្រើនអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលនឹងធ្វើឱ្យអ្នកកាន់តែឃ្លានចង់ទទួលទានស្ករ ឬអាហារនិងភេសជ្ជៈផ្អែមខ្លាំងឡើង។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់។
២. ការទទួលទានអាហារមានផ្ទុកជាតិផ្អែមសិប្បនិម្មិត
ការទទួលទានជាតិផ្អែមសិប្បនិម្មិតក៏មិនអាចជួយឱ្យអ្នកបាត់ឃ្លានស្ករដែរ! ហើយវាក៏នៅតែមានប្រសិទ្ធភាពធ្វើឱ្យអ្នកញៀនចង់ទទួលទានអាហារផ្អែមៗ។
៣. កង្វះជាតិដែកក្នុងរាងកាយ
ជាតិដែក គឺចាំបាច់ណាស់សម្រាប់រាងកាយដើម្បីអាចផលិតកោសិកាគ្រាប់ឈាមក្រហមបានគ្រប់គ្រាន់។ របបអាហារដែលខ្វះជាតិដែកអាចបណ្ដាលឱ្យកោសិការគ្រាប់ឈាមក្រហមត្រូវបានកាត់បន្ថយ ហើយរោគសញ្ញាមួយចំនួនទៀតរួមបញ្ចូលទាំងអាការៈអស់កម្លាំងក៏លេចឡើង។ រាងកាយអាចមានការភ័ន្តច្រឡំថាអាការៈអស់កម្លាំងបណ្ដាលមកពីរបបអាហារដែលខ្វះកាឡូរី ហើយនេះជាលទ្ធផលដែលអ្នកចេះតែឃ្លានចង់ទទួលទានអ្វីផ្អែមដើម្បីឱ្យរាងកាយទទួលបាននូវបរិមាណកាឡូរីគ្រប់គ្រាន់។
៤. ការតមអាហារដើម្បីស្រកទម្ងន់
តើអ្នកកំពុងតែតមអាហារជាច្រើនដោយសារចង់ស្រកទម្ងន់មែនទេ? នោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយដែលអ្នកហាក់ដូចជាចេះតែឃ្លានអ្វីផ្អែមៗខ្លាំង។ នេះក៏ព្រោះតែការកាត់បន្ថយកាឡូរីប្រចាំថ្ងៃអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមធ្លាប់ទាប ហើយរាងកាយនឹងជម្រុញឱ្យអ្នកចេះតែមានអារម្មណ៍ឃ្លានអ្វីផ្អែមៗដើម្បីសម្រួលកម្រិតនៃជាតិស្ករក្នុងឈាមឡើងវិញ។
៥. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ពេក
ស្ត្រេសក៏អាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់បានផងដែរដោយវាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនិងឃ្លានអ្វីផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់។
៦. គេងមិនបានគ្រប់គ្រាន់
នៅពេលគេងមិនបានគ្រប់គ្រាន់អ្នកប្រាកដជាអាចនឹងមានអារម្មណ៍មិនល្អ ហើយស្ត្រេសដែលសុទ្ធតែជាកត្តានាំឱ្យឃ្លានអ្វីផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់៕