តើអ្នកទើបតែសល់ហាយតាំងពីយប់មិញខ្លាំងហើយមែនទេ? បន្ទាប់ពីមានអាការៈសល់ហាយបែបនេះ អ្នកប្រហែលជាស្បត់ថាឈប់ហើយៗ។ យ៉ាងណាមិញ ខាងក្រោមនេះអាចជារឿងដែលអ្នកគួរតែធ្វើដែរ ជាពិសេសរឿងដែលត្រូវចៀសវាងក្រោយពីស្រវឹងរួច ដើម្បីកុំឲ្យអាការៈសល់ហាយនេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៖
គេងមិនគ្រប់
វាគ្មានអ្វីដែលអាចជួយឲ្យរាងកាយឆាប់ទទួលបានសភាពល្អវិញលឿនជាងការគេងយកកម្លាំងបានគ្រប់គ្រាន់នោះទេ។ បើសិនវាគឺជាថ្ងៃចុងសប្តាហ៍ យកល្អគួរតែចំណាយពេលគេងពីរបីម៉ោងបន្ថែម ជាពិសេសបើសិនជាងងុយគេងខ្លាំង។ ក្រៅពីនេះ យកល្អគួរតែកុំបើកបរ ឬបើកដំណើរការម៉ាស៊ីនអ្វីទាំងអស់។
លេបថ្នាំបំបាត់ការឈឺចាប់
ការឈឺក្បាលខ្ទកៗប្រហែលជាកើតឡើងក្រោយពីស្រវឹងរួច។ ហេតុដូច្នេះហើយបានធ្វើឲ្យអ្នកសល់ហាយជាច្រើនរកថ្នាំបំបាត់ការឈឺចាប់លេប ជាពិសេសពពួកថ្នាំ NSAIDs ដើម្បីដោះស្រាយការឈឺចាប់នេះ។ បញ្ហានោះគឺថា ការប្រើថ្នាំដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយគ្រឿងស្រវឹង គឺជារឿងដែលធ្វើឲ្យថ្លើមខូចកាន់តែខ្លាំងទៅវិញទេ។ ដូច្នេះអ្នកត្រូវតែចៀសវាងរឿងនេះ។
មិនបានញ៉ាំទឹក
អ្នកដែលសល់ហាយទាំងអស់គួរតែមានទម្លាប់ញ៉ាំទឹកឲ្យបានច្រើនៗ។ ការធ្វើបែបនេះគឺដើម្បីកុំឲ្យមានការខ្សោះជាតិទឹកដោយសារតែការញ៉ាំគ្រឿងស្រវឹងច្រើន។ អ្នកជំនាញនិយាយថា ហេតុផលសំខាន់នៃការមានអាការៈធ្ងន់ធ្ងរក្រោយស្រវឹងរួច គឺខ្សោះជាតិទឹកក្នុងខ្លួន។ ដូច្នេះនៅពេលក្រោកពីស្រវឹងលើកក្រោយ ចូរស្រវារកទឹកញ៉ាំឲ្យបានច្រើនមុនគេ ហើយបើសិនជាបានទឹកផ្លែឈើសុទ្ធកាន់តែល្អ។
ញ៉ាំកាហ្វេច្រើន
ការញ៉ាំកាហ្វេមួយពែកគឺជារឿងល្អ។ ក្រៅពីធ្វើឲ្យអ្នកស្វាង វាក៏អាចជួយសម្រួលដល់ការឈឺចាប់បានដែរ។ ប៉ុន្តែការញ៉ាំកាហ្វេច្រើនពេក មិនមែនជារឿងល្អឡើយ ព្រោះជាតិកាហ្វេអ៊ីនក្នុងកាហ្វេដើរតួនាទីជាសារធាតុបញ្ចុះទឹកនោម ដែលនាំឲ្យអ្នកនោមកាន់តែខ្លាំង ហើយខ្សោះជាតិទឹកកាន់តែខ្លាំងថែមទៀត។
មិនបានងូតទឹក
ការគេងច្រើនគឺជាវិធីព្យាបាលការស្រវឹងដ៏ឆ្លាតវៃ។ ក្រោយពីគេងបានគ្រប់គ្រាន់យើ វាគឺជារឿងល្អថែមទៀតបើសិនជាអ្នកបានងូតទឹកសម្អាតខ្លួនដើម្បីចាប់ផ្តើមថ្ងៃថ្មី។ ការងូតទឹកបែបនេះអាចធ្វើឲ្យមានអារម្មណ៍ថាខ្លួនស្អាត និងស្រស់ស្រាយ៕