នៅពេលមានជំងឺផ្តាសាយ ហើយមិនបានព្យាបាលទេ ជាធម្មតាវាច្រើនតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ក្រោយ ។ ក្នុងពេលនេះដែរ អ្នកក៏អាចមានជម្រើសព្យាបាលច្រើនណាស់ដែរដើម្បីគ្រប់គ្រងរោគសញ្ញារបស់វា។
ថ្នាំប្រឆាំងនឹងវីរុសដែលមានវេជ្ជបញ្ជាត្រឹមត្រូវប្រហែលចាអាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះបាន ព្រមទាំងពន្លឿនភាពជាសះស្បើយផងដែរ។ ថ្នាំគ្មានវេជ្ជបញ្ជាខ្លះក៏អាចគ្រប់គ្រងរោគសញ្ញាជំងឺនេះបានយ៉ាងល្អថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនចង់ប្រើថ្នាំទេ អ្នកក៏អាចមានជម្រើសវិធីព្យាបាលដោយធម្មជាតិមួយចំនួនផងដែរដូចជា៖
ស៊ុប
ស៊ុបមាន់ក្តៅៗមានប្រសិទ្ធភាពណាស់ក្នុងការព្យាបាលជំងឺផ្តាសាយ។ ទឹកស៊ុបក្តៅៗបែបនេះអាចបំបាត់អាការៈឈឺបំពង់ករ បង្គ្រប់ជាតិទឹកនិងអេឡិចត្រូលីត្រក្នុងខ្លួនកាន់តែល្អ។ ការសិក្សាបានឲ្យដឹងថា ស៊ុបមាន់ក៏ជួយផ្លាស់ប្តូរចលនារបស់កោសិកាគ្រាប់ឈាមសក្នុងរាងកាយ ដើម្បីបន្ថយការរលាកផងដែរ។
ទឹកឃ្មុំ
ថ្នាំផ្តាសាយភាគច្រើនតែងតែមានជាតិទឹកឃ្មុំនៅក្នុងនោះ។ នេះដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងបាក់តេរី និងមេរោគយ៉ាងអស្ចារ្យ។ ទឹកឃ្មុំក៏អាចប្រើសម្រាប់ទប់ស្កាត់ការក្អកបានយ៉ាងមានប្រសិទ្ធភាពថែមទៀត។ ដូច្នេះចូរលាយវាបន្តិចក្នុងតែញ៉ាំ ឬញ៉ាំវាមួយស្លាបព្រាក៏បានដែរបើសិនជាចង់បញ្ឈប់ការក្អក។
ខ្ញី
ចូរដាក់ចំណិតខ្ញីពីរបីចំណិតទៅក្នុងតែ ឬទឹកក្តៅមួយពែង ហើយហុតវាតិចៗទៅ។ គ្រឿផ្សំធ្វើម្ហូបមួយនេះមានសមត្ថភាពជួយឲ្យរបួសជាសះ ព្រមទាំងបំបាត់អាការៈក្អក និងឈឺបំពង់ករថែមទៀត។ វាក៏ជួយដល់ការក្អួតចង្អោផងដែរ។
ពិតណាស់ ការសម្រាកក៏ជាផ្នែកមួយសំខាន់ដើម្បីឲ្យជំងឺផ្តាសាយឆាប់ជាមកវិញដែរ។ រាងកាយកំពុងតែព្យាយាមប្រឆាំងនឹងការបង្ករោគក្នុងខ្លួនយ៉ាងពិបាក ដូច្នេះបើសិនជាអ្នកយកពេលសម្រាកឲ្យបានច្រើន នោះប្រព័ន្ធភាពស៊ាំនឹងរឹងមាំ ដូច្នេះវានឹងឆាប់ប្រយុទ្ធឈ្នះជំងឺជាមិនខាន៕