វីតាមីន E គឺជាវីតាមីនសំខាន់ចំពោះប្រព័ន្ធភាពស៊ាំ សុខភាពសរសៃឈាម និងសុខភាពស្បែក ។ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរទទួលបានវីតាមីន E ១៥មីល្លីក្រាម ហើយបើយើងទទួលបានវីតាមីន E គ្រប់គ្រាន់អាចការពារយើងពីជំងឺបេះដូង ជំងឺមហារីក និងជំងឺភ្នែកបង្កដោយកត្តាអាយុ ។
តើអាហារប្រភេទណាខ្លះសម្បូរវីតាមីន E?
១. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នគឺជាអាហារសម្រន់មួយដែលសម្បូរដោយវីតាមីន ជាតិសរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី។ គ្រាប់ផ្កាឈូករ័ត្ន១០០ក្រាមមានវីតាមីន E ៣៥,១៧មិល្លីក្រាម។
២. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុន១០០ក្រាមផ្តល់វីតាមីន E ២៥,៦៣មិល្លីក្រាម។ ក្រៅពីវីតាមីន E គ្រាប់អាល់ម៉ុនមានប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម។
៣. សណ្ដែកដី
សណ្ដែកដី ១០០ក្រាមមានវីតាមីន E ៤,៩៣មិល្លីក្រាម។ យកល្អគួរញ៉ាំសណ្ដែកដីលីង ឬសណ្ដែកដីសាបដោយមិនមានបន្ថែមរសជាតិ ឬអំបិល។
៤. ផ្លែបឺរ
ផ្លែបឺរគឺជាផ្លែឈើសុខភាពមួយដែលមានជាតិស្ករតិច និងមានសារធាតុចិញ្ចឹមច្រើន។ ផ្លែបឺរ១០០ក្រាម មានវីតាមីន E ២,០៧មិល្លីក្រាម។
៥. ស្ពៃពួយឡេង
ស្ពៃពួយឡេងឆៅ១០០ក្រាមផ្ទុកវីតាមីន E ២,០៣មិល្លីក្រាម។ ស្ពៃពួយឡេងក៏មានវីតាមីន A វីតាមីន C ជាតិសរសៃ និងប៉ូតាស្យូមដែរ។
៦. ផ្កាខាត់ណាខៀវ
ត្រឹម ១ ពែងនៃផ្កាខាត់ណាខៀវផ្ដល់ឱ្យរាងកាយនូវវីតាមីន E ចាំបាច់ប្រចាំថ្ងៃដល់ទៅ ១៥ ភាគរយ។ លើសពីនេះទៅទៀតផ្កាខាត់ណាខៀវមានផ្ទុកសម្បូរទៅដោយសមាសធាតុ Sulfuric ដែលជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយគួរឱ្យកត់សម្គាល់ ៕