មូលហេតុនៃបញ្ហាសក់ជ្រុះមិនមែនបណ្ដាលមកពីកត្តាតំណពូជតែមួយប៉ុណ្ណោះឡើយ ប៉ុន្តែវាក៏អាចបង្កឡើងដោយសារទម្លាប់មួយចំនួនរបស់អ្នកផងដែរ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលបង្កឱ្យអ្នកជ្រុះសក់ដោយមិនដឹងខ្លួន ៖
១. ស្ត្រេស
ធ្លាប់ដឹងទេថា ការរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយភាពតានតឹង ឬស្ត្រេសរ៉ាំរ៉ៃមិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាសុខភាពមួយចំនួនដូចជា សម្ពាធឈាមឡើងខ្ពស់, ជាតិស្ករក្នុងឈាមឡើងខ្ពស់, គាំងបេះដូង និងដាច់សសៃឈាមខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យជ្រុះសក់ផងដែរ។
២. ការងូតទឹកក្ដៅ
បើទោះបីជាការងូតទឹកក្ដៅអាចជួយឱ្យអ្នកធូរស្បើយក្នុងអារម្មណ៍ ក៏ដូចជារាងកាយ ប៉ុន្តែវាមិនល្អសម្រាប់សក់ឡើយ។ នោះក៏ព្រោះតែទឹកក្ដៅអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះ។ សក់ក៏អាចប្រែជាស្ងួត និងបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក ជម្រើសដ៏ប្រសើរនោះ គឺការងូតទឹកក្ដៅឧណ្ហៗ!
៣. ការប្រើប្រាស់កម្ដៅលេងស្ទាយសក់
ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់, កៀបសក់ និងមួលរួញអាចបណ្ដាលឱ្យសក់ទទួលរងការខូចខាតបានយ៉ាងងាយ។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់ជ្រុះច្រើន ហើយបែកចុងទេនោះ កុំលេងស្ទាយសក់ដោយប្រើប្រាស់ម៉ាស៊ីនកម្ដៅញឹកញាប់ពេក។
៤. មិនទទួលទានអាហារ
រំលងម៉ោងអាហារ ឬមិនទទួលទានអាហារព្រោះចង់បានរាងស្លីមស្គមស្អាតឬ? ធ្លាប់ដឹងទេថា មិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាដែរ! នោះក៏ព្រោះឬសនៃសក់មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់ស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់ និងស្បែកក្បាលត្រូវការដូចជា ប្រូតេអ៊ីន, ជាតិដែក, ស័ង្កសី, វីតាមីន A, B, C, D និង E។
៥. ការប្រើប្រាស់ផលិតផលថែរក្សាសក់មានផ្ទុកសារធាតុគីមី
ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមីមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ! ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ៕