តើអ្នកកំពុងតែមានផ្ទៃពោះមែនទេ? បើអីចឹងមែន អ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែមជាមួយនឹងអ្វីដែលអ្នកញ៉ាំនឹងផឹកហើយ។ របស់ទាំងឡាយណាដែលឆ្លងកាត់បំពង់កអ្នក វាមិនត្រឹមតែមានឥទ្ធិពលលើការលូតលាស់របស់កូនទេ តែក៏មានឥទ្ធិពលចំពោះសុខភាពអ្នកផ្ទាល់ដែរ។
មែនហើយ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការញ៉ាំភេសជ្ជៈមានជាតិឧស្ម័ន និងគ្រឿងស្រវឹង។ ដូច្នេះមិនត្រូវរញ៉ាំរញ៉ូវឡើយព្រោះអ្នកនៅតែមានជម្រើសច្រើនដើម្បីធ្វើឱ្យខ្លួនឯងស្រស់ស្រាយ ប៉ុន្តែវាក៏ល្អចំពោះសេចក្តីសុខកូនក្នុងផ្ទៃដែរ។ ការផឹកភេសជ្ជៈខាងក្រោមនេះនៅពេលស្រេកទឹក វានឹងជួយចិញ្ចឹមដល់រាងកាយ និងបង្ការផលវិបាកនានាក្នុងពេលមានផ្ទៃពោះបាន។
ទឹក
អ្នកគួរតែញ៉ាំទឹកឱ្យបានគ្រប់គ្រាន់មិនខ្វល់ថាអ្នកចង់ឬមិនចង់ឡើយ។ ការញ៉ាំទឹក ៨ ទៅ១២កែវក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃនឹងបង្កើនចំនួនឈាម និងច្រោះជាតិពុលក្នុងរាងកាយបាន។ ជាមួយគ្នានេះដែរ ទឹកច្រើនអាចជួយលុបបំបាត់អាការៈទល់លាមក ដែលជាបញ្ហាចំបងរបស់ស្ត្រីមានផ្ទៃពោះតែម្តង។
ទឹកបន្លែ
រឿងនេះគិតៗទៅហាក់បីដូចជាទៅមិនរួចទេក្នុងការចាប់អារម្មណ៍លើការទទួលទានភេសជ្ជៈបែបទឹកបន្លែគ្រប់ពេលនោះ។ វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថាបន្លែផ្ទុកទៅដោយជាតិសរសៃ និងល្អចំពោះបេះដូង និងពោះវៀន។ ចូរញ៉ាំទឹកបន្លៃនេះទៅដើម្បីបំបាត់អាការៈលើសសម្ពាធឈាម និងទល់លាមក។
ទឹកផ្លែឈើ
ទឹកផ្លែឈើគ្រប់ប្រភេទសុទ្ធតែល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដូចជាអ្នក ហើយក៏អាចធ្វើដោយខ្លួនឯងនៅផ្ទះបានដែរ ដោយអ្នកអាចបញ្ចូលនូវរសជាតិដែលខ្លួនឯងចូលចិត្ត និងជាតិស្ករ។ រាល់ការញ៉ាំទឹកផ្លែឈើ ១០០ភាគរយ នឹងទទួលបានវីតាមីន និងជាតិរ៉ែដែលអ្នក និងកូនត្រូវការ។ ចំពោះផ្លែឈើជម្រើសវិញក៏អាចផ្តល់ជាសុខភាព ភាពស្រស់ស្រាយ និងរសជាតិដ៏ល្អឯកផងដែរ។
ក្រូចឆ្មារ
ភេសជ្ជៈដែលមានរសជាតិជាក្រូចឆ្មារក៏ល្អចំពោះស្ត្រីមានផ្ទៃពោះដែរ។ ក្រៅពីវីតាមីនC ដែលមានក្នុងក្រូចឆ្មារនោះ ភេសជ្ជៈមួយនេះក៏មានជាតិដែកមួយចំនួនតូចដែរ។ ជាពិសេសបើសិនជាគ្រូពេទ្យចេញជាថ្នាំបំប៉នជាតិដែក ការលេបថ្នាំនេះជាមួយទឹកក្រូចឆ្មារពិតជាជួយសម្រួលដល់ការរំលាយអាហារកាន់តែល្អ។
ទឹកដូង
ការញ៉ាំទឹកដូងគឺល្អបំផុតសម្រាប់ផ្តល់ជាតិទឹកដល់កោសិកា និងផ្គត់ផ្គង់ជាអេឡិចត្រូលីត្រ។ ដូចកាលដែលអ្នកធ្លាប់លឺ ឬអានគ្រប់ទីកន្លែងហើយថា ទឹកដូងមានលក្ខណៈស្រដៀងគ្នានឹងផ្លាស្មាឈាមដែរ។ ហេតុដូច្នេះហើយ វានឹងជួយបង្កើនចំនួនឈាម ព្រមទាំងសម្រួលដល់សម្ពាធឈាម។
ទឹកដោះគោស្រស់
អ្នកនៅតែត្រូវការជាតិប្រូតេអ៊ីន កាលស្យូម និងវិតាមីន B12 ខ្ពស់ក្នុងពេលមានផ្ទៃពោះ។ ប្រភពដ៏ល្អនៃជីវជាតិទាំងនេះគឺទឹកដោះគោស្រស់តែម្តង។ ទឹកដោះគោស្រស់មួយកែវក៏អាចផ្តល់ជាជាតិសូដ្យូម និងម៉ាញ៉េស្យូមដែរ។ បើសិនជាការឡើងទម្ងន់ជាបញ្ហារបស់អ្នកនោះ អ្នកគួរតែជ្រើសរើសទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។
តែទឹកកក
ករណីដែលអ្នកឧស្សាហ៍ចាញ់កូន ការញ៉ាំតែទឹកកកមួយកែវពិតជាអាចដោះស្រាយបញ្ហានេះបានយ៉ាងអស្ចារ្យ។ វាក៏ផ្តល់ភាពស្រស់ស្រាយមួយដើម្បីឱ្យប្រាកដថា ការទទួលទានទឹករាល់ថ្ងៃគឺជារឿងល្អ។ ទោះបីជាយ៉ាងនេះក្តី ចាប់តាំងពីតែទឹកកកមានជាតិកាហ្វេអ៊ីនមក អ្នកគួរតែកាត់បន្ថយការញ៉ាំ ភេសជ្ជៈនេះផង និងកុំញ៉ាំច្រើនពេកអី៕