ភាគច្រើននៃពួកយើងតែងមានកំហុសខ្លះចៀសមិនផុតឡើយនៅពេលចិញ្ចឹមបីបាច់កូន។ ដឹងទេថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ! ទោះបីជាយើងពេញវ័យ ឬក្លាយជាឪពុកម្ដាយគេក៏ដោយ ក៏យើងមិនអាចតែងតែយល់ ឬសម្គាល់ដឹងទេថាសកម្មភាពមួយរបស់យើងអាចនឹងប៉ះពាល់ដល់អនាគតក្មេងជំនាន់ក្រោយ ឬកូនរបស់ខ្លួនបែបណា? ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីទម្លាប់នៃការចិញ្ចឹមកូនដែលអាចជះផលអាក្រក់ច្រើនជាងល្អ ហើយអ្នកគួរផ្លាស់ប្ដូរចេញ ៖
១. ដាក់ទោស ឬពិន័យកូននៅមុខអ្នកដ៏ទៃ
មានពេលខ្លះឪពុកម្តាយមួយចំនួនបានខឹងកូន ហើយក៏ស្រែកខ្លាំងៗ និងថែមទាំងដាក់ពិន័យកូនរបស់ខ្លួននៅចំពោះមុខគេឯងទៀត។ ក្នុងខណៈពេលបែបនេះឪពុកម្ដាយច្រើនតែមិនបានខ្វល់ពីអ្នកដែលនៅជុំវិញខ្លួនឡើយ។ ប៉ុន្តែចំពោះក្មេងៗវិញ គឺពួកគេខ្វល់បំផុតពីការគិត ឬទស្សនៈរបស់អ្នកដទៃដែលនៅជុំវិញខ្លួនគេ! ការស្រែក ស្ដីឱ្យ ឬដាក់ទោសកូនចំពោះមុខអ្នកដទៃអាចធ្វើឱ្យក្មេងមានអារម្មណ៍អាម៉ាសខ្លាំងនិងពិបាកបំភ្លេចបំផុត។
២. យកទម្លាប់ពីមុនមកចិញ្ចឹមកូន
អ្វីដែលកើតឡើងកំឡុងពេលកុមារភាពក៏អាចជះឥទ្ធិពលដល់ការចិញ្ចឹមកូនរបស់មនុស្សមួយចំនួនផងដែរ។ ទោះជាយ៉ាងណាវាមិនមែនជារឿងឡូយអ្វីនោះទេដែលយើងយកកំហុសនៃការចិញ្ចឹមកូនរបស់ឪពុកម្ដាយយើងមកធ្វើបន្តលើកូនរបស់យើង។ ប៉ុន្តែយើងគួររៀនពីកំហុសរបស់ពួកគាត់និងកែប្រែឱ្យប្រសើរឡើងវិញ! ហើយការកែប្រែនេះនឹងជួយការពារអារម្មណ៍ក្មេងជំនាន់ក្រោយ ឬកូនរបស់យើងនេះឯង។ ត្រូវចាំថាផ្លូវចិត្តរបស់ក្មេងភាគច្រើន គឺខ្សោយណាស់។ ជាឧទាហរណ៍ងាយយល់ កាលពីមុនឪពុកម្ដាយរបស់អ្នកតែងវាយអ្នកនៅពេលមិនស្ដាប់បង្គាប់ ឬធ្វើខុសរឿងអ្វីមួយ! អ្នកក៏បានដឹងថាទង្វើបែបនេះ គឺមិនមែនជាជម្រើសល្អឡើយ។ ដូច្នេះមិនគួរយកទម្លាប់នេះមកប្រព្រឹត្តលើកូនរបស់ខ្លួនដូចកាលពីឪពុកម្ដាយអ្នកបានបែបនេះដាក់អ្នកឡើយ។ អ្នកមិនគួរគិតថាឪពុកម្ដាយរបស់អ្នកធ្លាប់ធ្វើបែបនេះដាក់អ្នក ហើយអ្នកក៏ត្រូវធ្វើបែបនេះដូចគ្នាចំពោះកូនខ្លួន!
៣. ព្រងើយកន្ដើយនឹងកូនពេក
ប្រសិនបើអ្នកមិនសូវជាអោបកូនញឹកញាប់និងប្រាប់ពួកគេថាអ្នកស្រឡាញ់ពួកគេទេ ក្មេងៗងាយនឹងមានអារម្មណ៍ថាដាច់ខ្លួនពីគ្រួសារ ឬឪពុកម្ដាយមិនស្រឡាញ់គេសោះ។ នៅពេលពួកយើងមិនខ្វល់ពីអារម្មណ៍និងទស្សនៈ ឬការគិតរបស់កូននោះពួកគេក៏ងាយនឹងរងឥទ្ធិពលហើយធ្វើបែបនេះដាក់អ្នកទៃដូចគ្នា។ ការព្រងើយកន្ដើយរបស់អ្នកចំពោះកូនអាចបណ្ដាលឱ្យពួកគេពិបាកចុះសម្រុង ជឿជាក់លើអ្នកដ៏ទៃ និងរាប់អានមិត្ត ហើយនៅថ្ងៃក្រោយអាចនឹងពិបាកចាប់ផ្តើមជីវិតជាគ្រួសារថែមទៀត។
៤. ទម្លាប់អាក្រក់
ឪពុកមា្តយ គឺជាគំរូដ៏សំខាន់សម្រាប់កូនៗរបស់ខ្លួន។ ទម្លាប់មួយចំនួនរបស់ឪពុកម្ដាយអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរបស់កូនពិសេសចំពោះរឿងទម្ងន់តែម្ដង! សម្រាប់ស្ត្រីជាម្ដាយដែលមានរបៀបរស់នៅសុខភាពល្អហានិភ័យនៃជំងឺធាត់ជ្រុលលើក្មេង គឺអាចថយចុះទាប។ ដូច្នេះដើម្បីឱ្យកូនមានសុខភាពល្អប្រសើរ ឪពុកម្ដាយបោះបង់ទម្លាប់អាក្រក់ៗចោល ហើយប្រកាន់ខ្ជាប់នូវរបៀបរស់នៅមានសុខភាពល្អដោយមានរបបអាហារសុខភាពល្អ ហាត់ប្រាណជាប្រចាំ មិនជក់បារី និងទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមប្រសិនបើបញ្ឈប់មិនបាន។
៥. ធ្វើឱ្យក្មេងបាត់បង់ទំនុកចិត្ត
វាច្បាស់ណាស់ដែលត្រូវតែមានវិន័យច្បាស់លាស់ទាក់ទងនឹងឥរិយាបទមួយចំនួន ប៉ុន្តែទោះជាយ៉ាងណាកុំហួសហេតុពេករហូតដល់ក្មេងមានអារម្មណ៍ថាមិនអាចជឿជាក់លើគ្រួសាររបស់ខ្លួនបាន! ភាពជឿជាក់ ឬទំនុកចិត្តរបស់ក្មេង (ពិសេសវ័យជំទង់) គឺងាយនឹងបាត់បង់បំផុតនៅពេលដែលឪពុកម្តាយមិនបានគ្រប់គ្រងខ្លួនឯងបានសម្លុតគម្រាមកូន ឬធ្វើឱ្យកូនខ្លាចរអារ។ ទង្វើបែបនេះក៏អាចធ្វើឱ្យក្មេងបាត់បង់អារម្មណ៍ស្និទស្នាលជាមួយគ្រួសារនិងងាយមានអារម្មណ៍ខ្វះភាពកក់ក្តៅផងដែរ។ ក្មេងៗនឹងអាចធំឡើងក្លាយជាមនុស្សដ៏ប្រសើរម្នាក់ ប្រសិនបើពួកគេមានគ្រួសារដែលអាចទុកចិត្តបាននិងផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់ដល់ពួកគេ។
៦. ឥរិយាបទគំរោះគំរើយ
ក្មេងៗតែងរៀនដោះស្រាយបញ្ហាដោយមើលតាមសកម្មភាពរបស់ឪពុកម្តាយខ្លួននៅពេលពួកគេត្រូវប្រឈមមុខនឹងការពិបាកណាមួយ។ ពេលខ្លះទង្វើកោងកាង ភាពឈ្លើយ ឬការបញ្ចេញអារម្មណ៍អវិជ្ជមានទៅកាន់ក្មេងនៅពេលពួកគេធ្វើអ្វីខុស ឬប្រព្រឹត្តទង្វើណាមួយមិនត្រូវចិត្តអ្នកអាចបណ្ដាលឱ្យពួកគេមានបញ្ហាទាក់ទងនឹងការគ្រប់គ្រងកំហឹងរបស់ខ្លួន៕