អ្នកមានធ្លាប់ឆ្ងល់ទេថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកទៅបើសិនជាអ្នកមិនញ៉ាំអ្វីសោះក្រៅពីសាច់តែមួយមុខរយៈពេលមួយឆ្នាំពេញ? ខណៈពេលដែលវាជាការពិតមួយត្រង់ថា យុវវ័យសម័យឥឡូវមិនសូវចូលចិត្តញ៉ាំបន្លែ តែពួកគេបែរជាចូលចិត្តញ៉ាំសាច់ច្រើនជាងទៅវិញ ហើយពេលខ្លះក៏អាចនឹងមានបំណងថា បើមានតែសាច់ញ៉ាំរហូតក៏មិនអីដែរ។ ដូច្នេះតើវានឹងមានអ្វីកើតឡើងទៅបើសិនជាបានញ៉ាំសាច់តែមួយមុខពេញមួយឆ្នាំអ៊ីចឹង?
កង្វះអាហារូបត្ថម្ភ
ជាតិប្រូតេអ៊ីន ជាតិដែក ម៉ាញ៉េស្យូម វីតាមីន B និង D គឺជាជីវជាតិដ៏សំខាន់បំផុតដែលមានក្នុងសាច់។ ប៉ុន្តែ វាមានជីវជាតិផ្សេងៗទៀតជាច្រើនដែលសាច់មិនអាចមានសម្រាប់បំពេញតម្រូវការរបស់មនុស្សបាន។ ហេតុដូច្នេះហើយ អ្នកអាចនឹងកង្វះអាហារូបត្ថម្ភបើសិនជាមិនញ៉ាំអ្វីសោះក្រៅពីសាច់ក្នុងរយៈពេលមួយឆ្នាំ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ការញ៉ាំរបបអាហារពេញមួយឆ្នាំដោយមានតែសាច់មួយមុខក៏អាចធ្វើឲ្យអ្នកងាយនឹងមានជំងឺដែរ ដូចជា ជំងឺផ្តាសាយ ឬផ្តាសាយធំ។ នេះដោយសារតែ សាច់មិនអាចផ្គត់ផ្គង់វីតាមីន C ដល់រាងកាយបាន។ មនុស្សគ្រប់គ្នាដឹងហើយថា វីតាមីន C គឺជាជីវជាតិដ៏សំខាន់សម្រាប់ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
ឡើងទម្ងន់
បើសិនជាអ្នកមិនញ៉ាំតែសាច់ទេ វាក៏មិនទំនងជាធ្វើឲ្យអ្នកឡើងទម្ងន់ដែរ។ បើយើងប្រៀបធៀបជាមួយរបបអាហារជាប្រភេទសាច់លាយខ្លាញ់ ជាមួយរបៀបរស់នៅបែបស៊ីដេកៗទៀត នោះអ្នកនឹងឡើងទម្ងន់កាន់តែច្រើនជាមិនខាន។
ទល់លាមក
ប្រភពនៃជាតិសរសៃមួយចំនួនដែលអ្នកត្រូវការសម្រាប់ចលនាពោះវៀនទៀងទាត់គឺបន្លែ និងផ្លែឈើ។ នេះហើយគឺជាមូលហេតុដែលអ្នកប្រាកដជាកើតបញ្ហាទល់លាមកបើសិនជាអ្នកមិនញ៉ាំអ្វីសោះក្រៅពីសាច់ពេញមួយឆ្នាំ ព្រោះសាច់គ្មានឡើយជាតិសរសៃ។ ការប្រឈមនឹងបញ្ហានេះគឺកាន់តែខ្ពស់ បើសិនជាអ្នករស់នៅបែបអសកម្ម ហើយមិនញ៉ាំទឹកច្រើនជារៀងរាល់ថ្ងៃទៀត។
ជំងឺបេះដូង
មានហេតុផលពីរយ៉ាងដែលថា ការញ៉ាំសាច់តែមួយមុខរយៈពេលមួយឆ្នាំប្រហែលជារឿងមិនល្អសម្រាប់សុខភាពបេះដូងសរសៃឈាម។ ដំបូងឡើយ វាអាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនបាន។ ទីពីរ វាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ កូឡេស្តេរ៉ុលអាក្រក់ខ្ពស់ ហើយសម្ពាធឈាមឡើងខ្ពស់ទៀតគឺជាកត្តាប្រឈមមុខដ៏សំខាន់នៃជំងឺបេះដូង៕