បើយើងនិយាយផ្ទុយពីជំនឿដ៏ពេញនិយមនាពេលបច្ចុប្បន្ននោះគឺថា ជំងឺគាំងបេះដូង មិនមែនតែងតែបង្ហាញនូវអាការៈជាក់ស្តែកងរបស់វាឲ្យយើងដឹងស្រស់ៗដូចជា ឈឺខ្លាំងនៅទ្រូង ឡើយ។ ជំងឺគាំងបេះដូងប្រហែល ២៥ភាគរយដែរ ដែលកើតឡើងដោយស្ងៀមស្ងាត់ ហើយគ្មានរោគសញ្ញាអ្វីទាំងអស់។
ដូច្នេះដើម្បីកាត់បន្ថយ ក៏ដូចជាបង្ការជំងឺបេះដូងប្រភេទនេះ យកល្អគួរតែស្វែងយល់អំពីរោគសញ្ញាភ្លើងក្រហមនៃជំងឺគាំងបេះដូងដូចខាងក្រោមនេះផងទៅ៖
ហើម
មនុស្សជាច្រើនគិតថា ការហើមនៅកែងជើង ឬប្រអប់ជើងអាចដោយសារតែការអង្គុយ ឬឈរយូរពេក។ ប៉ុន្តែ ការខ្សោយបេះដូងក៏អាចបណ្តាលឲ្យចាលជាតិទឹកចូលទៅក្នុងខ្លួនដែរ។ វាអាចធ្វើឲ្យហើមពោះ ជើង កែងជើង និងប្រអប់ជើង។ អ្នកខ្លះចាលជាតិទឹកច្រើនរហូតដល់ធាត់ភ្លាមៗ។ នៅពេលរឿងនេះកើតឡើង វាច្រើនតែធ្វើឲ្យអ្នកជំងឺលែងឃ្លានអាហារ។
ថប់អារម្មណ៍
មនុស្សជាច្រើនដែលធ្លាប់មានជំងឺគាំងបេះដូងបានប្រាប់ឲ្យដឹងថា ពួកគេតែងមានអាការៈថប់អារម្មណ៍មុនពេលជំងឺនេះធ្វើទុក្ខ។ ថ្វីបើមនុស្សមួយចំនួនដែលថប់អារម្មណ៍គិតថា ពួកគេកំពុងតែមានជំងឺគាំងបេះដូងក៏ដោយ យកល្អគួរតែធ្វើយ៉ាងណាស្វែងរកភាពមានសុវត្ថិភាពចំពោះខ្លួនឯងផង។
ឈឺនៅផ្នែកផ្សេងៗនៃរាងកាយ
មានអ្នកជំងឺជាច្រើននិយាយថា ការឈឺចាប់របស់ពួកគេចាប់ផ្តើមចេញពីទ្រូង និងរាលដាលដល់ថ្គាម ខ្នង ស្មា ដៃ និងពោះ។ ប៉ុន្តែពេលខ្លះ វាមិនប្រាកដថាធ្វើឲ្យឈឺទ្រូងឡើយ ប៉ុន្តែបែរជាឈឺនៅកន្លែងណាផ្សេងទៅវិញ។ រឿងនេះកើតឡើងជាញឹកញាប់នៅលើដៃម្ខាង ឬទាំងសងខាង ឬចន្លោះឆ្អឹងស្លាបប្រចៀវ។ អាការៈឈឺចាប់នេះអាចមានបាត់ៗ។
ក្អក
អ្នកជំងឺខ្លះអាចនឹងក្អកមានកំហាកលាយ ឬជាឈាមតែម្តង ហើយខ្លះទៀតអាចដកដង្ហើមលឺសូរដូចហួច ដែលអាការៈបែបនេះពេលខ្លះក៏ជាសញ្ញានៃជំងឺខ្សោយបេះដូងដែរ។ នេះដោយសារតែជាតិទឹកកើនឡើងក្នុងសួត។ យកល្អគួរតែយកចិត្តទុកដាក់ចំពោះអាការៈមួយនេះផង។
ទាំងនេះគឺជាអាការៈអាថ៌កំបាំងរបស់ជំងឺគាំងបេះដូង ប៉ុន្តែខាងក្រោមនេះគឺជាសញ្ញាដែលកើតឡើងញឹកញាប់បំផុតដែលមនុស្សគ្រប់រូបគួរតែយល់ដឹងផង៖
- ធីងធោង
- ចង្អោ
- បែកញើសត្រជាក់
- ពិបាកដកដង្ហើម
- មិនស្រួលក្នុងទ្រូង
បើសិនជាអ្នកមានអាការៈទាំងអស់នេះយូរជាង ៥ ទៅ១០នាទី ចូរទាក់ទងឡានពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះបន្ទាន់៕