ការឈាមច្រមុះគឺជាបញ្ហាសុខភាពដែលកើតមានជាញឹកញាប់មួយ ហើយក៏អាចកើតមានលើមនុស្សស្ទើរតែគ្រប់គ្នាផងដែរ។ ការឈាមច្រមុះច្រើនតែកើតឡើងដោយសារតែបញ្ហាជាច្រើនក្នុងភ្នាសរបស់ច្រមុះខាងក្នុងដូចជា មានរបួស ឬស្ងួតពេក ដែលជាហេតុនាំដោយដាច់ដោចដល់សរសៃឈាមក្នុងនោះ និងបង្កជាការហូរឈាមតែម្តង។ ភាគច្រើន ការឈាមច្រមុះកើតឡើងនៅខ្ទងច្រមុះខាងមុខតែម្តង។
ចំពោះអ្នកដែលមានការរលាកប្រហោងឆ្អឹងច្រមុះ ការហូរឈាមខុសធម្មតា លើសសម្ពាធឈាម និងអាលែហ្ស៊ីច្រមុះពិតជាងាយមានអាការៈឈាមច្រមុះនេះណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះដែលអាចជួយអ្នកគ្រប់គ្រងការឈាមច្រមុះបានដោយខ្លួនឯង៖
រក្សជំហឲ្យត្រឹមត្រូវ
នៅពេលដឹងថា មូលហេតុនៃការឈាមច្រមុះមិនមែនជារឿងធ្ងន់ធ្ងរ ដូចជាគ្រាន់តែរបួសធម្មតានោះ អ្នកអាចប្រើវិធីសង្គ្រោះបឋមនៅផ្ទះដើម្បីគ្រប់គ្រងការហូរឈាមច្រមុះនេះបានហើយ។ ដំបូងឡើយចូររកន្លែងណាសមស្របដើម្បីអង្គុយ ព្រោះកាលណាឈរកាន់តែយូរ ការឈាមច្រមុះនឹងកាន់តែខ្លាមង។ ចូរអង្គុយចុះ ហើយងើយក្បាលឡើងទៅលើ តែមិនត្រូវងើយខ្លាំងពេកទេ ព្រោះវាអាចបណ្តាលឲ្យឈាមហូរចូលបំពង់ក និងបង្កការឈ្លួកបាន។ ចូរមិនត្រូវគេងឡើយ ព្រោះវាអាចធ្វើឲ្យឈាមហូរកាន់តែខ្លាំង។ បន្ទាប់មកចូររកកន្សែងដើម្បីខ្ទប់ឈាមចេញពីច្រមុះ។
ការខ្ទប់ឈាមចេញពីច្រមុះ
បើសិនជាឈាមនៅតែមិនឈប់ក្រោយពីប្រើម្រាមដៃខ្ទប់ពីរពីនាទីហើយនោះ ចូរឈ្លីច្រមុះផ្នែកខាងក្រោមដើម្បីជួយឲ្យឈាមឈប់ហូរ ប៉ុន្តែមិនត្រូវធ្វើខ្លាំងពេកទេ ព្រោះអាចបណ្តាលឲ្យជាំស្បែកបាន។ ចូរឈ្លីកន្លែងនេះប្រមាណ ១០នាទី ហើយឈប់វិញ។ បើសិនជានៅតែហូរឈាមទៀត ចូរចង្កត់នៅកន្លែងនេះ ១០នាទីទៀត។
ធ្វើឲ្យត្រជាក់
យកល្អអ្នកជំងឺគួរតែចេញពីកន្លែងដែលក្តៅ ឬមានសំណើមនៅពេលឈាមច្រមុះបែបនេះ។ ការបន្ថយសីតុណ្ហភាពរបស់រាងកាយអាចជួយកាត់បន្ថយលំហូរឈាមបាន។ អ្នកអាចធ្វើបែបនេះតាមរយៈការនៅក្នុងកន្លែង ឬបន្ទប់ដែលត្រជាក់ ឬបៀមដុំទឹកកកក្នុងមាត់។ ការធ្វើបែបនេះអាចជួយបញ្ចុះសីតុណ្ហភាពរាងកាយបានកាន់តែលឿនជាងការស្អំទឹកកនៅលើច្រមុះ ឬផ្នែកខាងក្រៅនៃរាងកាយថែមទៀត។ នេះគឺជាវិធីសាស្ត្រដ៏មានប្រយោជន៍មួយសម្រាប់អ្នកដែលងាយនឹងឈាមច្រមុះដោយសារតែកម្តៅក្តៅ។ បើសិនជាអ្នកមិនមានដុំទឹកកកទេ អ្នកអាចប្រើអ្វីផ្សេងជំនួសបានឲ្យតែត្រជាក់ ដូចជា ទឹកត្រជាក់ ឬផ្លែឈើក្លាសេ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកជាមនុស្សដែលឧស្សាហ៍ឈាមច្រមុះញឹកញាប់មែននោះ វិធីសាស្ត្រខាងលើអាចនឹងមានប្រយោជន៍ណាស់ចំពោះអ្នក ប៉ុន្តែគួរតែពិគ្រោះជាមួយគ្រូពេទ្យផងដើម្បីរក និងព្យាបាលមូលហេតុរបស់វា កុំឲ្យកើតឡើងនៅថ្ងៃក្រោយទៀត៕