តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស, បញ្ចេញកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម, ផលិតអ័រម៉ូន និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ ទម្លាប់មួយចំនួនអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពតម្រងនោមដែលយកល្អអ្នកចាំបាច់ត្រូវផ្លាស់ប្ដូរចេញ។ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលបង្កើនហានិភ័យនៃបញ្ហាតម្រងនោម ៖
១. ការជក់បារី
ទម្លាប់នេះមិនត្រឹមតែបង្កបញ្ហាដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង! នេះក៏ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលអោយមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម។
២. ទទួលទានគ្រឿងស្រវឹងលើសកម្រិត
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹងច្រើនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃបញ្ហាតម្រងនោមមិនខានឡើយ។
៣. ទទួលទានរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់
រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
៤. ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលយូរ
ទម្លាប់នៃការទទួលទានថ្នាំបំបាត់ការឈឺចាប់សឹងតែជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម។ ហើយអ្នកក៏មិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់តិចតួចឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ។
៥. ការទទួលទានកាហ្វេច្រើនពេក
ការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនផ្សារភ្ជាប់នឹងហានិភ័យខ្ពស់នៃបញ្ហាក្រួសក្នុងតម្រងនោម។
៦. ទទួលទានអាហារប្រៃច្រើនពេក
ការទទួលទានអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើឱ្យតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។
៧. ការទប់នោមយូរ
ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។
៨. ការទទួលទានទឹកបានតិច
តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ0x017d7 ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
៩. ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Oxalate ច្រើន
Oxalate ជាសារធាតុដែលមានសមត្ថភាពរលាយចូល ឬភ្ជាប់គ្នាខ្លាំង។ ក្រួសក្នុងតម្រងនោមភាគច្រើនមានផ្ទុកសារធាតុកាល់ស្យូម Oxalate។ ការកាត់បន្ថយការទទួលទានអាហារមានផ្ទុកសារធាតុ Oxalate រួមមានសូកូឡា មើមឆៃថាវ មើមត្រាវ និងផលិតផលសណ្តែកជាដើម គឺជាវិធីដ៏ងាយបំផុតមួយដើម្បីជៀសផុតពីបញ្ហានៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកមិនចាំបាច់ត្រូវឈប់ទទួលទានអាហារមានផ្ទុកសារធាតុ Oxalate ទាំងស្រុងតែម្ដងឡើយ គ្រាន់តែទទួលទានវាក្នុងកម្រិតមធ្យម៕