បើសិនជាអ្នកអាយុដល់ ៤០ឆ្នាំ ហើយកំពុងតែមានសុខភាពល្អស្រាប់នោះ អ្នកប្រហែលជាមិនមានអារម្មណ៍ចង់ទៅឲ្យពេទ្យពិនិត្យសុខភាពអ្វីឡើយ។ ប៉ុន្តែជារៀងរាល់ឆ្នាំ អ្នកពិតជាកើនអាយុមួយឆ្នាំរហូត ដូច្នេះយកល្អគួរតែផ្តល់អំណោយដល់ខ្លួនឯងតាមរយៈការពិនិត្យសុខភាពរកជំងឺមហារីកម្តងក្នុងមួយឆ្នាំដែរទៅ។ ចំពោះមូលហេតុវិញគឺថា ការពិនិត្យសុខភាពជារៀងរាល់ឆ្នាំអាចជួយអ្នកបង្ការ និងកំណត់រោគវិនិច្ឆ័យជំងឺជាច្រើនក្នុងដំណាក់កាលដំបូងបានបើសិនជារកឃើញ។
បើសិនជាអ្នកមានគ្រួសារធ្លាប់កើតជំងឺមហារីក ការពិនិត្យសុខភាពរកជំងឺមហារីកជារៀងរាល់ឆ្នាំគឺជារឿងដែលគួរតែធ្វើក្រោយពីអាយុបាន ៤០ឆ្នាំ។ តេស្តទាំងនោះមានដូចជា៖
Pap Smear/HPV
តេស្តនេះនឹងជួយអ្នកកំណត់រោគវិនិច្ឆ័យជំងឺមហារីកមាត់ស្បូនបានលឿន។ ស្ត្រីគ្រប់រូបអាយុចាប់ពី ២១ឆ្នាំឡើង គួរតែធ្វើតេស្តនេះ។ បើសិនជាលទ្ធផលបង្ហាញថាអវិជ្ជមាន អ្នកគួរតែធ្វើវាជារៀងរាល់ ៣ឆ្នាំម្តង រហូទដល់អាយុ ៤០ឆ្នាំ ចាំធ្វើមួយឆ្នាំម្តង។
Mammogram
តេស្តនេះធ្វើឡើងដើម្បីរកជំងឺមហារីកសុដន់ ហើយស្ត្រីគ្រប់រូបគួរតែធ្វើវាជារៀងរាល់ឆ្នាំក្រោយពីអាយុ ៤០ឆ្នាំ ព្រោះ ការប្រឈមនឹងជំងឺមហារីកសុដន់កើនឡើងតាមអាយុ ហើយការកំណត់រោគវិនិច្ឆ័យបានលឿននឹងជួយផ្តល់នូវគម្រោងនៃការព្យាបាលបានយ៉ាងល្អ។
ការឆ្លុះពោះវៀនធំ
តេស្តមួយនេះនឹងជួយកំណត់ដឹងអំពីជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំមុនពេលវាចេញរោគសញ្ញា ហើយបើសិនជាមានជំងឺនេះហើយ ៩០ភាគរយ នឹងព្យាបាលជា។ ដូច្នេះចូរធ្វើតេស្តមួយនេះម្តងផងនៅពេលអ្នកអាយុដល់ ៤០ឆ្នាំ។ ហើយបើសិនជាអ្នកមានគ្រួសារធ្លាប់កើតជំងឺមហារីកនេះ យកល្អគួរតែធ្វើតេស្តនេះចាប់ពីអាយុ ៣៥ឆ្នាំទៅ។
CA125 Test
នេះគឺជាការធ្វើតេស្តឈាមមួយប្រភេទដើម្បីរកមើលសារធាតុបញ្ជាក់មហារីក ហើយវាតែងតែកើនឡើងនៅពេលមានករណីជំងឺមហារីកក្រពេញអូវ៉ែ។
Prolactin Hormone
កាលណាចំនួនអ័រម៉ូន Prolactin ក្នុងឈាមកើនឡើង ជាសញ្ញាបញ្ជាក់អំពីបញ្ហាសុខភាពជាច្រើនដូចជា មិនអាចមានកូនបាន ជំងឺថ្លើម និងការកង្វះក្រពេញទីរ៉ូអ៊ីត។ ដូច្នេះហើយ យកល្អគួរតែធ្វើតេស្តនេះម្តង និងជារៀងរាល់រាល់ឆ្នាំចាប់ពីអាយុ ៤០ឆ្នាំទៅ។
ការថតអេកូពោះ និងក្នុងអាងត្រគាក
ករណីភាគច្រើន ស្ត្រីច្រើនតែមិនខ្វល់អំពីការឈឺក្រពះ និងឈឺចាប់ក្នុងអាងត្រគាកទេ។ ប៉ុន្តែការដែលថតអេកូនៅពោះ និងក្នុងអាងត្រគាកអាចនឹងជួយរកជំងឺមហារីកក្នុងដំណាក់កាលដំបូងបាន៕