ក្នុងនាមជាឪពុកម្តាយ នៅពេលដែលមើលថែរក្សាកូន អ្នកត្រូវតែចេះសង្កេតមើលពីសកម្មភាពរបស់កូនមួយចំនួន ថាតើពេលណាកូនត្រូវការឱ្យអ្នកឱប និងពរ។ ខាងក្រោមនេះ ជាពេលវេលា មួយចំនួន ដែលទារក និងកូនតូចៗរបស់អ្នកចង់ឱ្យពរ និងឱបបំផុតហើយ!
ពេលទារកទើបនឹងកើត
នៅពេលដែលកូនទើបនឹងកើតចេញមកក្នុងរយៈពេលមួយម៉ោង អ្នកគួរតែពរកូន ដើម្បីឲ្យរាងកាយកូនបានប៉ះជាមួយអ្នក នោះកូននឹងមិនយំរករឿងច្រើនឡើយ ហើយអាចគេងលក់ស្រួលទៀតផង ម្យ៉ាងទៀតវាក៏អាចជួយបង្កើនប្រាជ្ញារបស់កូនដែរ។
ពេលកូនយំ
នៅពេលដែលកូនរាងធំ ហើយយំ នោះគាត់ប្រហែលជាជួបរឿងមួយចំនួនដែលប៉ះពាល់ដល់ផ្លូវចិត្ត ដូច្នេះ អ្នកម្តាយគួរតែសួរកូនថាតើហេតុអ្វីបានជាកូនយំ ហើយប្រសិនជាត្រូវអ្នកដទៃធ្វើបាប អ្នកគួរតែឱបដើម្បីឲ្យគេមានអារម្មណ៍សុវត្ថិភាព។
ពេលកូនទើបក្រោកពីគេង
ពេលដែលក្មេងទើបតែក្រោកពីគេងភ្លាម គាត់អាចមានអារម្មណ៍ប្លែកនឹងរបស់ដែលនៅជុំវិញខ្លួន និងបរិស្ថាន ដូច្នេះម្តាយគួរតែឱប និងពរកូនមើលអ្វីៗជុំវិញខ្លួនមួយស្របក់សិន។
ពេលកូនភ័យ តក់ស្លុត
នៅពេលដែលកូនភ័យ ឬទើបនឹងដួល អ្នកគួរតែអោបគេឲ្យលឿន ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់កូន ម្យ៉ាងទៀតវាក៏អាចជួយធ្វើឲ្យកូនឆាប់បំភ្លេចរឿងដែលទើបនឹងកើតឡើងដែរ។ ផ្ទុយទៅវិញ បើអ្នកមិនអោបកូន នោះគេនឹងប្រឈមមុខនឹងរឿងទាំងនោះដោយខ្លួនឯង យូរទៅនឹងអាចធ្វើឲ្យគេមានបញ្ហាផ្លូវចិត្តបាន។
ជួបមនុស្សប្លែកមុខ
កូនក្មេងដែលមានអាយុចាប់ពី៦ខែឡើងទៅនឹងចាប់ផ្តើមខ្លាចមនុស្ស និងបរិស្ថានចម្លែកហើយ ដូចនេះនៅពេលដែលមានមនុស្សប្លែកមុខមកលេងផ្ទះ អ្នកគួរតែអោបគេប្រសិនជាគេខ្លាច ហើយយំ ៕