កូនគឺជាអ្វីៗទាំងអស់សម្រាប់ជីវិតគ្រួសារ ហើយអ្វីដែលម៉ាក់ប៉ាគ្រប់រូបចង់បាននោះ គឺកូនកើតមកមានសុខភាពល្អ ខួរក្បាលឆ្លាតវាងវៃ តែបំណងនេះមិនអាចដូចចិត្តយើងចង់បានស្រួលៗនោះទេ ចាំបាច់ត្រូវមានការរួមចំណែកពីយើងដែលជាអ្នកចិញ្ចឹមបីបាច់កូន។
ដូច្នេះសូមម៉ាក់ប៉ាគ្រប់រូបមកដឹងពីវិធីសំខាន់ៗ៦ចំណុចនេះជាមុនសិន បើចង់ឲ្យខួរក្បាលកូនឆ្លាតវាងវៃ ដោយគិតចាប់ពីពេលកូនកើតមកភ្លាម ។
១- បំបៅដោះកូន
ម៉ាក់ត្រូវបំបៅដោះកូនកូនឲ្យបានយ៉ាងតិច ៦ខែ ព្រោះទឹកដោះម្ដាយល្អឥតខ្ចោះសម្រាប់ទារក ។ វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម និងវីតាមីន ជួយដល់ការលូតលាស់របស់ក្មេង ជាពិសេសអង់ទីករ ដែលជួយប្រឆាំងនឹងមេរោគផ្សេងៗ។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា កុមារដែលមិនបានម៉ឹមទឹកដោះម្ដាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្ដាយ។ កុមារដែលមិនបានម៉ឹមទឹកដោះម្ដាយ បាត់បង់ភាពវៃឆ្លាត ដែលយើងចំណាំតែហៅថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើប្រៀបធៀបនឹងកុមារទទួលបានការបំបៅកូនដោយទឹកដោះម្ដាយពេញលេញ។
២- ផ្ដល់អាហារគ្រប់ជីវជាតិឲ្យកូន
ការផ្ដល់ទឹកដោះម្ដាយតែមួយគត់មិនគ្រប់គ្រាន់ទេ។ ចាប់ពីអាយុ ៦ ខែឡើងទៅ កូនក្មេងត្រូវការអាហារបំប៉នបន្ថែមទៀត ដោយចាប់ផ្ដើមពីបបរខាប់គ្រប់គ្រឿង។ ពេលដែលកូនចេះញ៉ាំនេះ សំខាន់ណាស់ ម៉ាក់ៗចាំបាច់ត្រូវផ្ដល់នូវអាហារមានជីវជាតិចម្រុះមុខឲ្យកូន មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសប្រភេទអាហារសម្បូរ DHA ដែលជួយដល់ការលូតលាស់ខួរក្បាលបានច្រើន ចាប់ពីគេអាយុ ៦ ខែ ដល់ ៥ ឆ្នាំ ដែលជាដំណាក់កាលខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត។ អាហារដែលសម្បូរ DHA មាននៅក្នុងទឹកដោះគោ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន និងមួយផ្នែកតូចនៅក្នុងសាច់ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។
៣- និយាយជាមួយកូនឲ្យបានច្រើន
ម៉ាក់ប៉ាត្រូវចាប់ផ្ដើមនិយាយជាមួយកូនតាំងពេលគេនៅក្នុងពោះមកម្ល៉េះ មិនចាំបាច់ដល់ពេលកូនកើតមកនោះទេ។ ការនិយាយជាមួយកូនបានកាន់តែច្រើន ពិសេសពេលម៉ាក់ៗបំបៅដោះកូន ជួយឲ្យការវិវត្តខួរក្បាលកាន់តែលឿន កូនកាន់តែឆាប់និយាយ ទោះពេលខ្លះគេមិនអាចឆ្លើយតបនឹងយើងបានក្ដី។
៤- បង្កបរិយាកាស
មិនមែនតែមនុស្សចាស់ទេដែលចេះស្ដ្រេស កូនក្មេងក៏ចេះស្ត្រេសដូចគ្នា អ៊ីចឹងហើយម៉ាក់ប៉ាចាំបាច់ត្រូវតែបង្កបរិយាកាសរីករាយក្នុងគ្រួសារ មានម៉ោងលេងកម្សាន្ត និងនាំកូនចេញទៅខាងក្រៅលំហែខ្លះ ព្រោះវាជាផ្នែកមួយជួយដល់ខួរក្បាលកូន ឯអារម្មណ៍កូនក៏ស្រស់ស្រាយ។
៥- សកម្មភាពរាងកាយ
សកម្មភាពរាងកាយ ឲ្យកូនលើកដៃលើកជើង ហាត់ប្រាណ លេងកីឡានៅក្នុងបរិវេណផ្ទះ ជួយឲ្យរាងកាយកូនក្មេងរឹងមាំ ឯខួរក្បាលក្មេងក៏លូតលាស់លឿន អ៊ីចឹងហើយទាំងម៉ាក់ទាំងប៉ាចាំបាច់ត្រូវតែបង្ហាត់បង្ហាញកូនអំពីសកម្មភាពទាំងនោះ។
៦-កុំឲ្យកូនប៉ះទង្គិចខួរក្បាល
ចំណុចចុងក្រោយនេះសំខាន់ណាស់ ហើយម៉ាក់ប៉ាត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះយើងដឹងហើយថា កូនក្មេង រាងកាយមិនទាន់មាំទាំ ថែមទាំងរពឹសទៀត ពិសេសពេលគេរៀនដើរដំបូង ងាយដួលបំផុត តែធ្វើម៉េចឲ្យប៉ះពាល់ក្បាលធ្ងន់ធ្ងរឲ្យសោះ។