កុមារកម្រនឹងដឹងខ្លួនថាខ្លួនឯងមានបញ្ហាណាស់។ ជាពិសេសគឺជាភ្នែករបស់គេហ្នឹងតែម្តង។ ឱ្យតែបានទូរស័ព្ទមើល គឺដឹងតែអង្គុយមើលមិនឈប់ ទោះបីជាភ្នែករបស់គេក្រហាយក៏ដោយ។ ការថែរក្សាភ្នែកកុមារ គឺជារឿងចាំបាច់មួយដែលត្រូវចងចាំក្នុងចិត្តជាឪពុកម្តាយ ហើយវាអាចធ្វើទៅបានដោយប្រើបច្ចេកទេសសាមញ្ញៗ មួយចំនួន។
១. ការពារប្រសើរជាងព្យាបាល
ត្រូវប្រាកដថាកូនរបស់អ្នកពាក់វ៉ែនតាសុវត្ថិភាព នៅពេលណាដែលពួកគេលេងកីឡាឬធ្វើសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ភ្នែក។ សូម្បីតែពេលហែលទឹកក្លរីននៅក្នុងអាង អាចធ្វើឱ្យប៉ះពាល់ដល់ភ្នែក ដូច្នេះវាចាំបាច់ដែលអ្នកធ្វើឱ្យកូនរបស់អ្នកពាក់វ៉ែនតាហែលទឹក។
២. ជៀសវាងការប្រើប្រាស់ប្រដាប់ប្រដាក្មេងលេងរឹងនិងស្រួច
សូម្បីតែប្រដាប់ប្រដាក្មេងលេង ដែលមើលទៅមិនអាចបង្កគ្រោះថ្នាក់ ក៏អាចក្លាយជាបញ្ហាផងដែរ ប្រសិនបើកូនអ្នកយកវាមកដាក់ចូលភ្នែក។ អ្នកត្រូវតែការពារទុកជាមុនជានិច្ច ដោយឱ្យពួកគេលេងអ្វីដែលទន់ៗ និង មិនមានភាពមុតស្រួច។
៣. បង្រៀនក្មេងឱ្យឈប់ញីភ្នែក
ក្មេងពេលវារមាស់ភ្នែក គឺវាតែងតែយកដៃញីភ្នែក។ នេះគឺអាចក្លាយទៅជាទម្លាប់ ដែលបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ប្រសិនបើដៃមិនស្អាត ខណៈពេលត្រដុសភ្នែក វាអាចនាំយកបាក់តេរីពីដៃ មកចូលក្នុងភ្នែក។
៤. កាត់បន្ថយការមើលអេក្រង់
ក្មេងៗចូលចិត្តលេងហ្គេម មើលវីដេអូ នៅលើទូរស័ព្ទចល័តនិងលេងហ្គេមនៅលើកុំព្យូទ័រ។ លទ្ធផលនេះធ្វើឱ្យអង្គុយនៅពីមុខកុំព្យូទ័រអស់រយៈពេលជាច្រើនម៉ោង ឬលេងហ្គេមវីដេអូសម្រាប់រយៈពេលវែង ដែលជាលទ្ធផលភ្នែករបស់ពួកគេ ប្រឹងសម្លឹងនៅមួយកន្លែង។ វាធ្វើឱ្យគំហើញចុះខ្សោយ ដែលនាំឱ្យមានបញ្ហាភ្នែកតាំងពីនៅតូច។
៥. របបអាហារ
របបអាហារដែលមានសុខភាពល្អ គឺចាំបាច់សម្រាប់ការលូតលាស់រាងកាយនិងភ្នែកឱ្យបានត្រឹមត្រូវ ហើយវាទាមទារការយកចិត្តទុកដាក់ជាពិសេស។ បន្លែបៃតង និងអាហារដែលសំបូរទៅដោយជាតិដែក បង្កើនការមើលឃើញច្បាស់។ ផ្លែឈើដូចជាល្ហុង ស្វាយ និងផ្លែឈើដទៃទៀត ដែលមានពណ៌លឿង ជាពណ៌មានផ្ទុកបរិមាណដ៏ល្អនៃសារធាតុបេតាការ៉ូទីនដែលជួយដល់ការលូតលាស់ភ្នែក។ ជាមួយគ្នានេះដែរ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជួយឱ្យភ្នែកមានសំណើម និង កាត់បន្ថយការរកាំភ្នែកលើកុមារ៕