ជំងឺមហារីកគ្រាប់ឈាម ជាជំងឺដ៏សែនគ្រោះថ្នាក់ ព្រោះវាអាចធ្វើឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោមបន្តិចម្តងៗជារៀងរាល់ថ្ងៃ ហើយលោកអ្នកនឹងត្រូវការប្តូរឈាមច្រើនដងដែរ រហូតដល់ថ្ងៃស្លាប់។ ប៉ុន្តែ ប្រសិនបើជំងឺនេះ ស្ថិតនៅក្នុងដំណាក់កាលដំបូង យើងអាចការពារ និងព្យាបាលបាន។ ដូច្នេះ រឿងដំបូងគេដែលអ្នកត្រូវធ្វើ គឺត្រូវចេះសង្កេតមើលរោគសញ្ញាដោយខ្លួនឯង។
ស្លេកស្លាំង
អ្នកជំនាញបានឲ្យដឹងថា អាការស្លេកស្លាំង កើតឡើងដោយសារជំងឺមហារីកគ្រាប់ឈាម បានបំផ្លាញកោសិកាឈាមល្អៗ និងរារាំងមិនឲ្យគ្រាប់ឈាមកកើតឡើងវិញ។ ហេតុនេះហើយទើបធ្វើឲ្យអ្នកមើលទៅមានភាពស្លេកស្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកដែលកើតជំងឺនេះ ក៏អាចនឹងមានអាការត្រជាក់បាតដៃ មិនព្រមបាត់ផងដែរ។
ងងុយគេង អស់កម្លាំង
អាការងងុយគេង អស់កម្លាំង អាចកើតមានចំពោះមនុស្សគ្រប់គ្នា នៅពេលដែលគេងមិនបានគ្រប់គាន់ និងធ្វើការងារធ្ងន់ពេក។ ប៉ុន្តែអ្នកអាចនឹងមានជំងឺមហារីកគ្រាប់ឈាម ប្រសិនអ្នកឧស្សាហ៍ងងុយគេង ទោះជាអ្នកបានគេងច្រើនម៉ោង និងឧស្សាហ៍អស់កម្លាំង ឬទោះបីជាអ្នកមិនបានធ្វើសកម្មភាពអ្វីឲ្យហត់នឿយក៏ដោយ។
ឧស្សាហ៍ក្តៅខ្លួន
កោសិកាឈាម ជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ប្រសិនបើវាទទួលរងនូវការវាយប្រហារពីជំងឺមហារីកគ្រាប់ឈាម នោះវាប្រព័ន្ធភាពស៊ាំនៃរាងកាយនឹងចុះខ្សោយ ហើយអាចធ្វើឲ្យជំងឺឱកាសនិយម អាចឆ្លៀតចូលក្នុងខ្លួនអ្នកបានយ៉ាងងាយ។
ពិបាកដកដង្ហើម
អាការពិបាកដកដង្ហើម ឬដង្ហើមខ្លី គឺបណ្តាលមកពីថាមពលក្នុងរាងកាយរបស់យើងកំពុងចុះខ្សោយ។ លោកអ្នកអាចសាកល្បងសង្កេតមើលនៅពេលធ្វើការងារធ្ងន់បន្តិច អ្នកអាចនឹងមានអារម្មណ៍ថា ដកដង្ហើមមិនចង់ដល់គ្នា។ ទាំងនេះក៏អាចជារោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ។
របួសមិនងាយជា
ជំងឺមហារីកគ្រាប់ឈាម អាចធ្វើឲ្យរបួសដែលទទួលរងពីការមុត ឬដាច់រលាត់សាច់នៅកន្លែងណាមួយនៃរាងកាយរបស់អ្នកជំងឺ មិនងាយនឹងជាសះស្បើយ ឬមិនអាចនឹងជារៀងរហូត។
រោគសញ្ញាបន្ទាប់បន្សំ
មានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀត នៃជំងឺមហារីកគ្រាប់ឈាម ដូចជាបែកញើសនៅពេលយប់ ឈឺសន្លាក់ ស្រកទម្ងន់ ឧស្សាហ៍ឈាមច្រមុះ គ្រុនញាក់ និងហើមកូនកណ្តុរ ជាដើម។
ប្រសិនបើលោកអ្នកកំពុងតែជួបប្រទះរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា៕