ដឹងអត់ថា វីតាមីន C ក្រៅតែពីប្រយោជន៍ហើយ ក៏មានផលមិនល្អដល់សុខភាពយើងផងដែរ ។ តាមការលើកឡើងពីគ្រូពេទ្យជំនាញជាច្រើនបានឱ្យដឹងថា វីតាមីន C ក៏មាននាទីសំខាន់ផងដែរ ក្នុងការជួយជំរុញឱ្យមុខរបួសឆាប់ជាសះស្បើយ ជួយរក្សាឆ្អឹងឱ្យនៅរឹងមាំ និងជំរុញតួនាទីខួរក្បាលឱ្យដំណើរការសកម្មបានប្រសើរ ។
ជាមួយគ្នានោះដែរ ក្នុងករណីដែលការទទួលនូវវីតាមីនប្រភេទនេះច្រើនទៅក្នុងរាងកាយ ក៏នឹងបង្កផលវិបាកផងដែរ ដែលផលវិបាកទាំងនោះ គឺប៉ះពាល់ទៅលើដំណើរប្រព័ន្ធរំលាយអាហារ និងតម្រងនោម។
តាមវេជ្ជបណ្ឌិតជាច្រើនបានពន្យល់ថា វីតាមីន C ជាប្រភេទវីតាមីនអាចរលាយបាននៅក្នុងទឹក ដូចនេះវាពុំអាចស្តុកទុកក្នុងរាងកាយបានទេ ដោយវាធ្វើដំណើរតាមសារធាតុរាវក្នុងរាងកាយទៅជ្រាបចូលក្នុងជាលិកា ប្រតិកម្មរួចវាចេញទៅក្នុងទឹកនោម ចេញពីរាងកាយរបស់យើង។ ប៉ុន្តែ គួរសម្គាល់ថា ការញ៉ាំវីតាមីន C លើសកម្រិតធម្មតា ដែលរាងកាយគួរទទួលប្រចាំថ្ងៃ បរិមាណដ៏ច្រើននោះនឹងបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ការបរិភោគវិតាមីន C ច្រើនជាង ២០០០ មិល្លីក្រាមក្នុងមួយថ្ងៃ អាចនាំឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារដោយរួមមានរោគសញ្ញាដូចជា រាក និងចង្អោរ។ ជាទូទៅផលរំខានដោយសារវីតាមីននេះ គឺកើតឡើងដោយសារការលេបវីតាមីននេះក្នុងទម្រង់ជាថ្នាំបំប៉ន ប៉ុន្តែមិនកើតមានដោយសារតែការញ៉ាំអាហារដែលមានជាតិវីតាមីន C នោះទេ។
ប្រសិនបើរាងកាយយើងទទួលបានវិតាមីនC ក្នុងកម្រិតច្រើន នោះវាក៏អាចធ្វើឲ្យរាងកាយស្រូបយកជាតិដែកកាន់តែច្រើនលើសតម្រូវការដែលនាំឲ្យពុលដល់ថ្លើមបាន ។
ជាមួយគ្នានោះ វីតាមីននេះក៏បង្កបន្ទុកឱ្យតម្រងនោមត្រូវធ្វើការធ្ងន់ផងដែរ ដោយសារបរិមាណវីតាមីន C ច្រើននឹងក្លាយជាសំណល់មួយក្នុងទឹកនោមក្នុងទម្រង់ជា Oxalate ។ នៅពេលសំណល់ Oxalate បញ្ចេញច្រើនពីរាងកាយតាមទឹកនោម វានឹងភ្ជាប់ជាមួយនឹងសារធាតុរ៉ែជាច្រើនពីរាងកាយផ្សេងទៀត ដែលធ្វើឱ្យក្លាយជាគ្រួសក្នុងតម្រងនោម ៕