ស្ត្រីដែលបំបៅដោះកូន ភាគច្រើនដឹងពីសុដន់របស់ខ្លួនច្បាស់ ប្រសិនបើមានការប្រែប្រួលអ្វីកើតឡើងលើសុដន់អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចទទួលបានអារម្មណ៍ភ្លាម ។ ពេលខ្លះ អំឡុងពេលបំបៅដោះ ម៉ាក់ៗអាចរកឃើញថា នៅក្នុងសុដន់មានដុំរឹង ជាហេតុធ្វើម៉ាក់ៗឲ្យបារម្ភពីបញ្ហាមហារីកសុដន់ ។
ចំណែកស្ត្រីដែលមានជំងឺមហារីកសុដន់ តែងបារម្ភពីសុវត្ថិភាពបំបៅដោះកូន និងអាចឆ្ងល់ថា ការព្យាបាលជំងឺមហារីកសុដន់អាចប៉ះពាល់ទៅដល់កូនដែរ ឬយ៉ាងណា ។
ស្ត្រីអាចកើតជំងឺមហារីកសុដន់អំឡុងពេលបំបៅដោះកូនទេ?
ម៉ាក់ៗដែលកំពុងបំបៅដោះកូនអាចប្រឈមនឹងកើតជំងឺមហារីកសុដន់ តែករណីនេះជាករណីកម្រនឹងមាន ។ យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជំងឺមហារីកជាតិសហរដ្ឋអាមេរិក (NCI) ឲ្យដឹងថា ហានិភ័យនៃជំងឺមហារីកសុដន់កើតឡើងជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីពពោះ និងសម្រាលកូនរួច ។ ហានិភ័យនេះអាចជាលទ្ធផលនៃបម្រែបម្រួលអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ។
ផ្ទុយទៅវិញ ការបំបៅដោះកូន កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ ជាពិសេស ចំពោះស្ត្រីដែលជិតអស់រដូវ។ អំឡុងពេលពពោះ និងបំបៅដោះកូន កាត់បន្ថយចំនួនវដ្ដរដូវដែលស្ត្រីមាន ដែលអាចកាត់បន្ថយអ័រម៉ូនដែលជំរុញឲ្យកើតជំងឺមហារីកផ្សេងៗ។
កត្តាអ្វីខ្លះដែលអាចបង្កឲ្យមានដុំរឹងក្នុងសុដន់ ពេលកំពុងបំបៅដោះកូន?
មិនមែនមានតែជំងឺមហារីកទេដែលអាចធ្វើឲ្យមានដុំក្នុងសុដន់អំឡុងពេលបំបៅដោះកូន បញ្ហាមួយចំនួនទៀត ក៏អាចបង្កឲ្យមានដុំក្នុងសុដន់បានដែរដូចជា ឡើងប៉ោង បូស គីស ស្ទះថង់ទឹកដោះ និងលាសដោះ ជាដើម។
ចុះបើស្ត្រីមានជំងឺមហារីកសុដន់ អាចបំបៅដោះកូនបានទេ?
ខាងក្រុមគ្រូពេទ្យនឹងណែនាំឲ្យស្ត្រីបញ្ឈប់ការបំបៅដោះកូន ក្នុងករណីដែលរកឃើញថា ស្ត្រីកើតជំងឺមហារីកសុដន់ ។ មធ្យោបាយព្យាបាលជំងឺមហារីកសុដន់ជាច្រើនអាចប៉ះពាល់ទៅដល់ការផលិតទឹកដោះ ឬអាចប៉ះពាល់ទៅដល់កូន បើកូនបៅដោះម្ដាយ ។ ខាងក្រុមគ្រូពេទ្យនឹងជួយស្វែងរកមធ្យោបាយព្យាបាលដែលស័ក្តិសមសម្រាប់យើង ព្រោះការព្យាបាលជំងឺមហារីកសុដន់អាចខុសគ្នាពីមនុស្សទៅមនុស្សម្នាក់ ។
និយាយជារួម ស្ត្រីគួរតែទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ រាល់ពេលដែលមានចម្ងល់នានាទាក់ទងនឹងបញ្ហាសុខភាពសុដន់ ឬបញ្ហាសុខភាពទូទៅតែម្ដងកុំឲ្យសង្ស័យ ៕