ភាគច្រើនពេលទទួលទានអាហារណាមួយមិនអស់ ឬនៅសល់ នោះអ្នកប្រាកដជានឹងកម្ដៅវាឡើងវិញជៀសវាងភាពខ្ជះខ្ជាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើអ្នកធ្លាប់ស្មានដល់ទេថា ទម្លាប់ធម្មតាមួយនេះអាចបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះសុខភាពបាន? មានមនុស្សតិចណាស់ដែលដឹងថា មានប្រភេទនៃអាហារមួយចំនួននៅពេលកម្ដៅឡើងវិញ ហើយទទួលទានអាចបង្កើនហានិភ័យនៃបញ្ហាសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកមិនគួរកម្ដៅទទួលទានឡើងវិញ ៖
១. បន្លែមើម និងបន្លែស្លឹក
ឆៃថាវ និងបន្លែដទៃទៀតដូចជា ស្ពៃអេពីណា ឬស្ពៃពួយឡេង, ស្ពៃខ្មៅ, ស្ពៃសាលាដ និងបន្លែភ្លៅកង្កែប គឺមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយ។ ការកម្ដៅបន្លែទាំងនេះអាចបង្កើតទៅជាសារធាតុ nitrosamines ដែលបង្កជំងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ ចូរជៀសវាងការចម្អិន ឬកម្ដៅអាហារប្រភេទបន្លែមើម និងបន្លែស្លឹកដូចបានរៀបរាប់មួយចំនួនខាងលើ។
២. ស៊ុត និងសាច់មាន់
វាមិនបង្កបញ្ហាអ្វីឡើយប្រសិនបើអ្នកកម្ដៅអាហារដែលមានលាយស៊ុតក្នុងនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានបំណងចង់កម្ដៅស៊ុតចៀន ឬស៊ុតស្ងោរវិញ ចូរបញ្ឈប់គំនិតនេះភ្លាម! ក៏ព្រោះស៊ុតបែបនេះអាចប្រែជាមានជាតិពុល ប្រសិនបើអ្នកកម្ដៅវាក្នុងសីតុណ្ហភាពខ្ពស់ ជាពិសេសប្រសិនបើវាត្រូវបានចម្អិនរួចម្ដងទៅហើយ។ ខណៈដែរ ការទទួលទានសាច់មាន់កម្ដៅនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ដោយសារប្រូតេអ៊ីនក្នុងសាច់មាន់ត្រូវប្រែប្រួល។ គួរចាំថា សាច់មាន់មានផ្ទុកជាតិប្រូតេអ៊ីនច្រើនជាងសាច់ក្រហមទៅទៀត។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវបោះចោលសាច់មាន់ដែលសល់ឡើយ ប៉ុន្តែកុំកម្ដៅប្រើភ្លើងខ្លាំង គឺទទួលទានទាំងត្រជាក់តែម្ដង។ អ្នកក៏អាចកម្ដៅបានដែរ ប៉ុន្តែប្រើភ្លើងតិច ឬកម្ដៅទាបបំផុត។
៣. ដំឡូងបារាំង
ដំឡូងបារាំង គឺជាប្រភេទអាហារមានផ្ទុកជាតិម្ស៉ៅដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណា កុំកម្ដៅដំឡូងបារាំងដែលនៅសល់ ក៏ព្រោះវាអាចក្លាយជាជាតិពុលបង្កបញ្ហាពុលអាហារធ្ងន់ធ្ងរ។
៤. ផ្សិត
ផ្សិត ជាបន្លែមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម និងជីវជាតិល្អៗជាច្រើន។ ទោះជាយ៉ាងណា ការកម្ដៅផ្សិតឡើងវិញ ហើយទទួលទានអាចបង្កបញ្ហាពិបាករំលាយអាហារ។ ដូច្នេះដើម្បីជាការប្រសើរ ផ្សិតគួរត្រូវទទួលទានភ្លាមៗក្រោយពេលចម្អិន៕