បច្ចុប្បន្ននេះ ការរស់នៅគឺពោរពេញទៅដោយសម្ពាធ និងការប្រកួតប្រជែង ដែលអាចជំរុញឲ្យគ្នាយើងខ្លះងាយប្រឈមនឹងបញ្ហាផ្លូវចិត្ត ។ ដូច្នេះហើយ យើងមិនត្រូវភ្លេចមើលថែ និងស្រលាញ់ខ្លួនឯងឲ្យច្រើនៗឡើយ ពីព្រោះគ្មានអ្នកណាម្នាក់យល់ពីយើងច្បាស់ជាងយើងខ្លួនឯងឡើយ។
គន្លឹះផ្តល់ក្តីស្រលាញ់ដល់ខ្លួនឯង គ្នាយើងមិនគួរមើលរំលង
១. ចំណាយពេលខ្លះជាមួយខ្លួនឯង
ក្រោយមមាញឹកជាមួយនឹងកិច្ចការប្រចាំថ្ងៃ យើងចាំបាច់ត្រូវចំណាយពេលខ្លះក្នុងការធ្វើអ្វីមួយដែលអាចបង្កើនភាពរីករាយ និងសេចក្តីសុខដល់ខ្លួនយើង។ ពិតណាស់ ការផ្តល់ពេលវេលាសម្រាប់ខ្លួនឯងនេះ មានសារៈសំខាន់ណាស់ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ។
២. ទទួលស្គាល់ខ្លួនឯង
ពេលខ្លះ យើងហ៊ានបើកចិត្តទទួលស្គាល់ស្នាដៃរបស់អ្នកដទៃ ប៉ុន្តែបែរជាមិនឲ្យតម្លៃដល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឯងទៅវិញ។ ដូចនេះ ជៀសវាងខុសឆ្គងចំពោះខ្លួនឯងបន្តទៀត យើងគួរតែរៀនទទួលស្គាល់ពីសមិទ្ធផលរបស់ខ្លួន ទោះជាមិនអស្ចារ្យណាស់ណាក្តី។
៣. អត់ឱនដល់ខ្លួនឯង
ពិតណាស់ គ្មានអ្នកណាដែលល្អឥតខ្ចោះឡើយ ហើយម្នាក់ៗតែងបង្កើតកំហុសឆ្គងមិនថាតិចតួច ឬច្រើន។ ប៉ុន្តែ យើងមិនគួរពិន័យខ្លួនឯងចំពោះកំហុសឆ្គង ឬលទ្ធផលមិនល្អទាំងនោះឡើយ។ ជំនួសមកវិញ យើងគួរតែរៀនពីកំហុសឆ្គង និងបន្តដំណើរទៅមុខទៀត។
៤. ថែទាំខ្លួនឲ្យល្អ
វិធីសាស្ត្រមួយទៀត គឺការស្រលាញ់ និងថែទាំខ្លួនឯង ដោយឲ្យតម្លៃ និងគោរពទាំងចំពោះផ្លូវចិត្ត និងផ្លូវកាយរបស់យើង។ ចូរគេងឲ្យបានគ្រប់គ្រាន់ ញ៉ាំបន្លែ និងផ្លែឈើ ក៏ដូចជាហាត់ប្រាណជារៀងរាល់ថ្ងៃ និងធ្វើសមាធិ ដើម្បីឲ្យជីវិតពោរពេញទៅដោយសេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត ៕