របបអាហារដើរតួនាទីយ៉ាងសំខាន់លើប្រព័ន្ធមុខងាររាងកាយ ហើយនៅពេលដែលយើងជ្រើសរើសរបបអាហារបានត្រឹមត្រូវ នោះនឹងអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗបានមួយកម្រិតដែរ ។ យ៉ាងណាមិញ សម្រាប់អ្នកជំងឺមហារីកមួយចំនួន ដូចជាអ្នកជំងឺមហារីកសុដន់ជាដើម គួរញ៉ាំអាហារណាដែលផ្ដល់គុណប្រយោជន៍ដល់សុខភាព ក៏ដូចជារារាំងការលូតលាស់ និងការវិវត្តនៃជំងឺមហារីក។
អាហារទាំង៤មុខ ផ្ដល់គុណប្រយោជន៍ដ៏ល្អចំពោះអ្នកជំងឺមហារីកសុដន់
១. បន្លែស្លឹកបៃតង
ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ទើបធ្វើឲ្យពពួកបន្លែស្លឹកបៃតង ដូចជាស្ពៃពួយឡេង ស្ពៃខ្មៅ អាចជួយប្រឆាំងនឹងជំងឺមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាព។ ដូចគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលញ៉ាំបន្លែស្លឹកបៃតងមានហានិភ័យនៃការកើតជំងឺមហារីកសុដន់ទាបជាងអ្នកដែលមិនញ៉ាំពពួកបន្លែទាំងនេះ។
២. ត្រីមានខ្លាញ់
ទន្ទឹមនឹងនេះ ពពួកត្រីដែលមានខ្លាញ់ដូចជាត្រីសាល់ម៉ុន ត្រីសាឌីន ជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា-៣ ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលល្អបំផុតក្នុងការបង្ការ និងទប់ស្កាត់ជំងឺមហារីក។
៣. សណ្ដែក
ចំណែកពពួកសណ្ដែក មានផ្ទុកទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែដ៏ល្អក្នុងការជួយគ្រប់គ្រងទម្ងន់ខ្លួនសម្រាប់អ្នកជំងឺមហារីកសុដន់។ ដូច្នេះហើយ អ្នកជំងឺមហារីកសុដន់ គួរបញ្ចូលពពួកសណ្ដែកខ្មៅ ឬសណ្ដែកសៀងជាដើម ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ខ្លួន ទើបជាការប្រសើរ។
៤. ខ្ទឹមស ឬខ្ទឹមបារាំង
មួយវិញទៀត ខ្ទឹមស ខ្ទឹមបារាំង ឬស្លឹកខ្ទឹម ផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន រួមទាំងសារធាតុFlavonoid ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ ហេតុនេះហើយ ទើបការបញ្ចូលគ្រឿងទេសប្រភេទនេះ អាចជួយប្រឆាំងនឹងការវិវត្តនៃជំងឺមហារីកសុដន់ ដែលមានប្រយោជន៍ចំពោះសុខភាពអ្នកជំងឺ ៕