ប្រសិនបើគ្នាយើងប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាមភ្លាមៗ ក្រោយញ៉ាំអាហាររួច យើងគួរតែបញ្ចូលទម្លាប់ល្អៗមួយចំនួន ដើម្បីគ្រប់គ្រងស្ថានភាពនេះ។ ពិតណាស់ បញ្ហាជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហារ កើតឡើងជាទូទៅ និងសូម្បីតែចំពោះអ្នកដែលគ្មានជំងឺទឹកនោមផ្អែម ក៏ដោយ។ យ៉ាងណាមិញ ក្នុងករណីនេះអាចបង្ហាញថាយើងកំពុងប្រឈមនឹងហានិភ័យនៃការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែម ដែលទាមទារឲ្យគ្នាយើងគួរប្រុងប្រយ័ត្នឲ្យដិតដល់។
រោគសញ្ញាមួយចំនួនបង្ហាញពីការកើនឡើងនៃជាតិស្ករក្នុងឈាមក្រោយញ៉ាំអាហារ
• ស្រេកទឹកខ្លាំង ឬស្ងួតមាត់
• ហត់នឿយ
• នោមញឹកញាប់
• ព្រឹលភ្នែក។ល។
គន្លឹះគ្រប់គ្រងការឡើងជាតិស្ករក្នុងឈាមភ្លាមៗក្រោយញ៉ាំអាហាររួច
១. ញ៉ាំអាហារសម្បូរជាតិសរសៃខ្ពស់
ជាតិសរសៃគឺជាប្រភេទកាបូអ៊ីដ្រាត ដែលមិនបង្កផលប៉ះពាល់ខ្លាំងទៅលើកម្រិតជាតិស្ករក្នុងឈាមឡើយ ពីព្រោះវាផលិតជាតិស្ករតិចតួចប៉ុណ្ណោះ។ បន្ថែមពីនេះ ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃ អាចជួយឲ្យយើងឆាប់ឆ្អែត និងមិនញ៉ាំច្រើនជ្រុល។
២. កុំគេងភ្លាមៗក្រោយញ៉ាំអាហាររួច
ការសិក្សាបានបង្ហាញថា ការគេងភ្លាមៗក្រោយញ៉ាំអាហាររួច ឬអង្គុយចុះ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ ទម្លាប់មួយនេះ មិនត្រឹមតែធ្វើឲ្យសាច់ដុំមិនអាចផ្ទេរជាតិស្ករលើសទៅចរន្តឈាមបាននោះទេ ថែមទាំងជំរុញឲ្យកើតមានបញ្ហារំលាយអាហារទៀតផង។ ដូច្នេះហើយ យើងគួរដើរយឺតៗប៉ុន្មាននាទីក្រោយញ៉ាំអាហាររួច ទើបជាការប្រសើរ។
៣. គ្រប់គ្រងរបបអាហារ
ទន្ទឹមនឹងនេះដែរ ដើម្បីជៀសវាងការកើនឡើងជាតិស្ករក្នុងឈាម យើងចាំបាច់ត្រូវគ្រប់គ្រងបរិមាណរបបអាហារប្រចាំថ្ងៃ ដោយការញ៉ាំអាហារតិចតួចឲ្យបានច្រើនដង។ ការធ្វើបែបនេះ អាចជួយឲ្យជាតិស្ករមានតុល្យភាព និងមិនមានការឡើងចុះភ្លាមៗឡើយ។
៤. មិនរំលងអាហារពេលព្រឹក
អាហារពេលព្រឹក មានសារៈសំខាន់បំផុតក្នុងចំណោមអាហារប្រចាំថ្ងៃទាំងបីពេល ហើយប្រសិនបើយើងមិនញ៉ាំអាហារពេលព្រឹកទេនោះ កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងយ៉ាងឆាប់រហ័សនៅពេលដែលយើងញ៉ាំអាហារបន្ទាប់។ ដូច្នេះហើយ គ្នាយើងគួរបញ្ចូលរបបអាហារល្អៗសម្រាប់អាហារពេលព្រឹក។
៦. ពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់
ជាមួយគ្នានេះ ការពិនិត្យកម្រិតជាតិស្ករជាទៀងទាត់ មានសារៈសំខាន់ណាស់ ពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ ចំណែកឯអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែម ក៏អាចគ្រប់គ្រងជាតិស្ករក្នុងឈាម ព្រមទាំងបញ្ចៀសការឡើងចុះជាតិស្ករភ្លាមៗ ៕