របបអាហារជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើកម្រិតនៃជាតិស្ករក្នុងឈាម។ ការទទួលទានអាហារតាមតែចិត្តមិនល្អសោះឡើយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរ។ ថ្ងៃនេះខ្ញុំនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង ៖
១. អាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត
ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។
២. អាហារចៀនបំពង
អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ។
៣. ភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។
៤. បាយស
បាយសធ្វើឳ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័សដោយសារវាមានផ្ទុកជាតិ សសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់។ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់។ ជាតិសសៃអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឳ្យមានស្ថេរភាព។
៥. ផ្លែឈើក្រៀម ឬដំណាំផ្លែឈើ
ពិតណាស់ផ្លែឈើ គឺល្អសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណាអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមគួរកម្រិតបរិមាណនៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំមានផ្ទុកជាតិស្ករខ្ពស់ ពិសេស គឺផ្លែឈើក្រៀម ឬដំណាំផ្លែឈើតែម្ដង។
៦. អាហារកញ្ចប់
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឱ្យអ្នកពិបាកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ លើសពីនេះទៅទៀតការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម៕