គ្នាយើងដឹងហើយថា ជំងឺមហារីក គឺជាជំងឺគួរឲ្យខ្លាចមួយដែលមានភាគរយទាបក្នុងការព្យាបាលឲ្យជាសះស្បើយវិញបាន ។ ជំងឺមហារីក អាចកើតបានស្ទើរតែគ្រប់ទីកន្លែងលើរាងកាយរបស់យើងម្នាក់ៗ ហើយថ្លើមក៏ងាយប្រឈមនឹងការកើតជំងឺសាហាវមួយនេះដែរ បើមិនប្រយ័ត្នសុខភាព។
មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា ជំងឺមហារីកថ្លើមកើតចេញពីសាច់ថ្លើមខ្លួនឯង ឬឆ្លងរាលដាលពីសរីរៈដទៃ ។ ជំងឺនេះមានច្រើនប្រភេទ តែមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនហៅថា CHC (Chronic Hepatitis C)។
ជំងឺមហារីកថ្លើមនេះ ភាគច្រើនកើតឡើងដោយស្ងាត់ៗ មិនសូវធ្វើឲ្យអ្នកជំងឺដឹងទេ តែពេទ្យអាចសម្គាល់រោគសញ្ញាខ្លះៗដូចជា ឈឺពោះ អស់កម្លាំង មិនឃ្លានអាហារ ស្លេកស្លាំង ស្រកទម្ងន់ និងមានដុំក្នុងពោះនៅពេលប៉ះទៅ។ ស្របគ្នានេះដែរ ជំងឺមហារីកថ្លើមអាចបង្កឡើងដោយកត្តាមួយចំនួនរួមមាន៖
– ញ៉ាំស្រា និងជក់បារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម B និងC
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃទៀត។
ដោយសារតែជំងឺមហារីកថ្លើមកើតឡើងស្ងាត់ៗ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យតាមដានសុខភាពជាប្រចាំ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា មុនពេលជំងឺរាលដាលកាន់តែខ្លាំង។