ការមិនអើពើនឹងបែបផែនរស់នៅ និងមិនខ្វល់ខ្វាយពីរបបអាហារនឹងធ្វើឲ្យយើងងាយកើតជំងឺទឹកនោមផ្អែម។ ជាក់ស្ដែង កត្តា ៧យ៉ាងខាងក្រោមនេះហើយ ជាឫសគល់នៃការកើតមានជំងឺទឹកនោមផ្អែម និងជាអ្វីដែលយើងត្រូវដឹង។
ពិតណាស់ ជំងឺទឹកនោមផ្អែម មិនមែនកើតឡើងភ្លាមៗនោះទេ វាវិវត្តទៅតាមពេលវេលា។ យ៉ាងណាមិញ របបអាហារបានជះឥទ្ធិពលដ៏សម្បើមចំពោះការកើតមាននូវជំងឺទឹកនោមផ្អែម។
យោងតាមអ្នកជំនាញ ករណីធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម អាចគំរាមកំហែងដល់អាយុជីវិតយើងថែមទៀតផង ដែលបង្កជាបញ្ហាជាច្រើន ដូចជាបំផ្លាញតម្រងនោម សរសៃប្រសាទ និងកើតមាននូវបញ្ហាបេះដូងជាដើម។ ហេតុដូច្នេះ ដើម្បីកាត់បន្ថយការវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ យើងគប្បីស្វែងយល់អំពីកត្តាដែលបណ្ដាលឲ្យកើតមាននូវជំងឺទឹកនោមផ្អែមជាមុនសិន។
១. ញ៉ាំកាហ្វេ
យើងប្រហែលជាងឿងឆ្ងល់ថា តើកាហ្វេមួយពែងអាចបង្កគ្រោះថ្នាក់ដល់កម្រិតណា? តាមពិតទៅ វាមិនបង្កគ្រោះថ្នាក់ភ្លាមៗនោះទេ ប៉ុន្តែបើយើងនៅតែបន្តញ៉ាំកាហ្វេយូរៗទៅ វានឹងវិវត្តទៅរកជំងឺទឹកនោមផ្អែម។
វេជ្ជបណ្ឌិត Vinoda Kumary អនុប្រធានបុគ្គលិកសុខាភិបាល ប្រចាំនៅវិទ្យាស្ថានJindal Naturecareបានលើកឡើងថា ការញ៉ាំកាហ្វេ១ពែង ឬ២ពែងក្នុងមួយថ្ងៃ មិនបង្កជាបញ្ហាអ្វីឡើយ។ យ៉ាងណាមិញ ការញ៉ាំកាហ្វេក្នុងបរិមាណច្រើនលើសលប់ អាចបណ្ដាលឲ្យមានភាពធន់នឹងអាំងស៊ុយលីននៅក្នុងរាងកាយ ដែលជំរុញការផលិតគ្លុយកូស ជាហេតុបង្កើននូវហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
២. អង្គុយរយៈពេលយូរ
យើងតែងតែចំណាយពេលភាគច្រើនអង្គុយនឹងមួយកន្លែងជាមួយនឹងកុំព្យូទ័រ ឬមើលទូរទស្សន៍។ ការពិតទៅ ការចំណាយពេលបែបនេះ នឹងធ្វើឲ្យយើងប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដល់ទៅ៣,៤ភាគរយ។
៣. កត្តាភេទ
វេជ្ជបណ្ឌិតKumary បានពន្យល់ថា ស្ត្រីយើងតែងតែឆ្លងកាត់នូវការផ្លាស់ប្ដូរអ័រម៉ូន ចាប់ពីដំណើរមានរដូវ មានផ្ទៃពោះ និងរហូតដល់ពេលអស់រដូវ ដែលកត្តានេះធ្វើឲ្យប៉ះពាល់ដល់កម្រិតអាំងស៊ុយលីននៅក្នុងរាងកាយ។ ប្រសិនបើយើងមានជំងឺអតុល្យភាពអ័រម៉ូន (PCOS) វានឹងបណ្ដាលឲ្យមានភាពធន់នឹងអាំងស៊ុយលីន ហើយមិនយូរប៉ុន្មាន បញ្ហានេះនឹងវិវត្តទៅជាជំងឺទឹកនោមផ្អែមជាក់ជាមិនខានឡើយ។
៤. កង្វះពន្លឺព្រះអាទិត្យ
មនុស្សភាគច្រើន មានបញ្ហាកង្វះនូវវីតាមីនD ដោយសារតែយើងកម្រឈានជើងចេញពីបន្ទប់ម៉ាស៊ីនត្រជាក់។ ជាក់ស្តែង វីតាមីននៃពន្លឺព្រះអាទិត្យ កំណត់នូវការផលិតអាំងស៊ុយលីននៅក្នុងរាងកាយ ហើយកង្វះខាតនេះ នឹងបង្កើននូវកម្រិតគ្លុយកូសក្នុងឈាម ដែលជាហេតុនាំឲ្យកើតឡើងជំងឺទឹកនោមផ្អែម។
៥. ញ៉ាំច្រើនជ្រុល
ការញ៉ាំច្រើនជ្រុល នឹងធ្វើឲ្យកាឡូរីនៅក្នុងខ្លួនរបស់យើងកើនឡើងកាន់តែច្រើន ហើយមិនយូរមិនឆាប់ វានឹងវិវត្តទៅជាលើសទម្ងន់។ យ៉ាងណាមិញ ការលើសទម្ងន់នេះឯង ដែលធ្វើឲ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយមិនដឹងខ្លួន។
៦. មិនសូវហាត់ប្រាណ
ស្រីៗយើង គួរតែងាកមកធ្វើលំហាត់ប្រាណ ដូចជាការលើកដុំដែកជាដើម ពីព្រោះវាអាចកាត់បន្ថយនូវឱកាសនៃការកើតជំងឺទឹកនោមផ្អែម។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យHarvard បានសង្កេតឃើញថា ការធ្វើលំហាត់ប្រាណ អាចបញ្ចៀសការកើតជំងឺទឹកនោមផ្អែមដល់ទៅ៣៤%។
៧. ស្រមុក
វេជ្ជបណ្ឌិតបានពន្យល់ថា ការស្រមុកមានទំនាក់ទំនងនឹងជំងឺធាត់ ហើយកត្តានេះបណ្ដាលឲ្យជួបប្រទះបញ្ហាបាត់ដង្ហើមពេលគេង ដែលធ្វើឲ្យកើតមាននូវភាពតានតឹង និងធ្វើឲ្យមានការរំខាន។ នេះជាហេតុដែលនាំឲ្យកើតមានបម្រែបម្រួលអ័រម៉ូន ដែលប៉ះពាល់ដល់ការផលិតអាំងស៊ុយលីន ហើយវានឹងវិវត្តជាជំងឺទឹកនោមផ្អែមនៅថ្ងៃក្រោយ៕