ជំងឺមហារីករោគស្ត្រី ជាជំងឺមហារីកបំពង់បន្តពូជរបស់ស្ត្រីទាំងមូល ដែលរួមមានទ្វារមាស ស្បូន ឬដៃស្បូន។ បែបបទរស់នៅមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទនេះបាន។ ដូច្នេះហើយ ស្រីៗយើងគួរកាត់បន្ថយកត្តាហានិភ័យ ដោយការផ្លាស់ប្ដូរបែបបទរស់នៅទាំងនេះ។
១. ធាត់ជ្រុល
ការធាត់ជ្រុល បានកើនឡើងលើស្ត្រីដល់ទៅ៣ដងចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៦។ ពិតណាស់ សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ ទាក់ទងនឹងការកើនឡើងនៃអត្រាស្លាប់ដោយជំងឺមហារីករោគស្ត្រី។ បន្ថែមពីនេះ ការធាត់ជ្រុលក៏អាចបង្កឲ្យមានហានិភ័យនៃបញ្ហាសម្ពាធឈាមខ្ពស់ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ កម្រិតកូលេស្តេរ៉ូលល្អទាប ដែលជារោគសញ្ញានៃជំងឺមេតាប៉ូលីស ព្រមទាំងផ្សារភ្ជាប់ទៅ នឹងជំងឺមហារីកស្បូន។
២. ជក់បារី
ជាមួយគ្នានេះដែរ ការជក់បារីជាកត្តាហានិភ័យមួយទៀត ដែលបង្កើនឱកាសនៃការកើតជំងឺមហារីកលើស្ត្រី។ ជាក់ស្ដែង ជក់បារីធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលអាចធ្វើឲ្យគ្នាយើងងាយប្រឈមនឹងការឆ្លងវីរុសHPV ជាមេរោគដែលអាចបង្កជំងឺមហារីកដ៏កាចសាហាវចំនួន ៦ប្រភេទ មានដូចជា មហារីកមាត់ស្បូន មហារីករន្ធគូទ មហារីកទ្វារមាស មហារីកបបូរទ្វារមាស និងមហារីកបំពង់អាហារ (មាត់ និងក)។
៣. រួមភេទដោយមិនបានការពារ
សកម្មភាពគ្រោះថ្នាក់មួយចំនួន ដូចជារួមភេទដោយមានដៃគូច្រើន និងរួមភេទដោយមិនបានការពារ សុទ្ធតែអាចបង្កើនហានិភ័យនៃជំងឺកាមរោគ ដូចជាជំងឺអេដស៍ វីរុសHPV និងដុះសាច់លើប្រដាប់ភេទ (Genital warts) ជាដើម។ កត្តាទាំងនេះ បង្កើនហានិភ័យនៃជំងឺមហារីកលើស្ត្រីដោយមិនដឹងខ្លួន។ ហេតុនេះហើយ ស្រីៗយើងគួររួមភេទដោយមានការការពារជានិច្ច ដើម្បីបញ្ចៀសការឆ្លងវីរុសផ្សេងៗ ក៏ដូចជាការមានផ្ទៃពោះដោយមិនបានត្រៀមផងដែរ ៕