គេតែងនិយាយថា «ពេលវេលា គឺជាមាសប្រាក់» តាមពិតពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនៅឡើយទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ។
ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះ ដែលអាចវាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជារបស់ដែលបាត់បង់ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។
តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈត្រឹមតែជាការបញ្ញតិ្ត និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមានពិត គឺការកើត និងការលត់ទៅនៃតួជីវិតនេះទេ ក៏មិនមានការបញ្ញតិ្ត ឬកំនត់ចំណាំពេលវេលាសម្រាប់ហៅដែរ ។
ហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។ យើងអាចនិយាយបានថា ពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការផ្សេងៗទៀត ក្រៅពីការរកប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវកង្វល់ ដោយគ្រាន់តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជាអាចដោះស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមានទ្រព្យច្រើនលែងចេះឈ្លោះទាស់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាតទៅហើយ ៕