ឈាមបញ្ជូនសារធាតុចិញ្ចឹម និងសារធាតុផ្សេងៗ រួមទាំងជាតិអាកុល ដែលត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមតាមរយៈក្រពះ និងពោះវៀនតូចទៅគ្រប់ផ្នែកនៃរាងកាយ ហើយប្រព័ន្ធសរសៃឈាមបេះដូងក៏រងការប៉ះពាល់ផងដែរ។ នៅពេលដែលយើងផឹកគ្រឿងស្រវឹង ចង្វាក់បេះដូង និងសម្ពាធឈាមអាចកើតឡើងជាបណ្ដោះអាសន្ន។
ជាទូទៅ ចំពោះស្ត្រីគួរផឹកគ្រឿងស្រវឹងចំនួន១កែវ រីឯបុរសអាចផឹកបានចំនួន២កែវក្នុងមួយថ្ងៃ ដែលបរិមាណនេះត្រូវបានចាត់ទុកថាជាកម្រិតសមល្មម។
យ៉ាងណាមិញ ប្រសិនបើយើងផឹកស្រាលើសកម្រិតជាប្រចាំ តើនឹងមានអ្វីកើតឡើងចំពោះសុខភាពបេះដូង?
ចង្វាក់បេះដូងកើនឡើង
ពិតណាស់ គ្រឿងស្រវឹងអាចបណ្ដាលឲ្យមានភាពប្រែប្រួលចំពោះចង្វាក់បេះដូង។ យោងតាមការសិក្សាបានបង្ហាញថា ការផឹកស្រាច្រើនជាប្រចាំអាចបង្កឲ្យកើតជំងឺបេះដូងដើរញាប់ ហើយផលវិបាកដែលកើតឡើងដោយសារបញ្ហាបេះដូងដើរញាប់នេះមានភាពខុសគ្នា ដែលអាស្រ័យលើភាពញឹកញាប់ រយៈពេល និងភាពធ្ងន់ធ្ងរ។ បញ្ហានេះក៏អាចនាំឲ្យមានដុំកំណកឈាម ដែលបណ្ដាលឲ្យកើតមានអាការៈគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្ពាធឈាមកើនឡើង
សូម្បីតែនៅពេលដែលយើងផឹកគ្រឿងស្រវឹងម្ដងម្កាល ក៏អាចធ្វើឲ្យសម្ពាធឈាមរបស់យើងឡើងខ្ពស់ផងដែរ។ ដូចនេះហើយ ប្រសិនបើយើងផឹកគ្រឿងស្រវឹងជាប្រចាំ និងលើសកម្រិត វាអាចបណ្ដាលឲ្យកើតមានជំងឺលើសឈាម។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការកាត់បន្ថយការញ៉ាំស្រាអាចធ្វើឲ្យសម្ពាធឈាមយើងថយចុះ។ យ៉ាងណាមិញ នៅពេលដែលសម្ពាធឈាមខ្ពស់ វាក៏អាចបណ្ដាលឲ្យសរសៃឈាមឡើងរឹង និងក្រាស់ ជាហេតុបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
បេះដូងមានសារសំខាន់ណាស់ក្នុងការទទួលយកអុកស៊ីសែន និងសារធាតុចិញ្ចឹម ដោយបង្កើតសម្ពាធសម្រាប់ឈាមចរាចរពាសពេញរាងកាយ ដើម្បីធានាថាឈាមហូរនៅក្នុងទិសដៅតែមួយ។ ភាពញឹកញាប់ និងកម្លាំងកន្ត្រាក់នៃបេះដូងប្រែប្រួលទៅតាមតម្រូវការរាងកាយ។ ជាទូទៅ សាច់ដុំអាចកន្ត្រាក់ដោយសារតែស្រទាប់សាច់ដុំនៅក្នុងជញ្ជាំងបេះដូង។ ប៉ុន្តែ នៅពេលដែលយើងផឹកគ្រឿងស្រវឹងច្រើនជ្រុល វានឹងអាចបំផ្លាញសាច់ដុំបេះដូង ក៏ដូចជាធ្វើឲ្យយើងកើតជំងឺសាច់ដុំបេះដូងដោយមិនដឹងខ្លួន។
គ្រឿងស្រវឹងអាចបង្កឲ្យមានជំងឺសរសៃឈាមបេះដូងអ្វីខ្លះ?
១. គាំងបេះដូង
សាច់ដុំបេះដូងត្រូវការអុកស៊ីសែន ដើម្បីដំណើរការ។ នៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំបេះដូងត្រូវបានកាត់បន្ថយ ឬកាត់ផ្ដាច់ទាំងស្រុង សាច់ដុំបេះដូងមិនអាចទទួលបានអុកស៊ីសែន ជាហេតុបណ្ដាលឲ្យកើតមានអាការៈគាំងបេះដូង។ ការផឹកគ្រឿងស្រវឹងអាចបង្កើនកម្រិតជាតិខ្លាញ់ក្នុងឈាម ហើយអ្នកដែលមានជាតិខ្លាញ់ខ្ពស់ (high triglycerides) ច្រើនតែមានកូលេស្តេរ៉ូលអាក្រក់ខ្ពស់ និងកូលេស្តេរ៉ូលល្អតិចតួច។ នៅពេលដែលយើងមានកូលេស្តេរ៉ូលអាក្រក់ខ្ពស់ វាអាចបង្កឲ្យស្ទះសរសៃឈាម ក៏ដូចជាបង្កទៅជាជំងឺគាំងបេះដូង។
២. ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ជាមួយគ្នានេះដែរ ការផឹកគ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំនួន២ប្រភេទ ដែលបណ្ដាលឲ្យមានការរាំងស្ទះលំហូរឈាមទៅកាន់ជាលិកាខួរក្បាល និងអាចធ្វើឲ្យយើងបាត់បង់ចលនា និងមុខងាររំញោច ។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះក៏អាចបំផ្លាញប្រព័ន្ធផ្សេងទៀតនៅក្នុងរាងកាយរបស់យើង រួមទាំងប្រព័ន្ធឆ្អឹង ប្រព័ន្ធសាច់ដុំ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធផ្លូវដង្ហើម និងប្រព័ន្ធទឹកនោមថែមទៀតផង ៕