ទឹកនោមផ្អែមជាជំងឺត្រូវការការយកចិត្តទុកដាក់និងថែទាំឲ្យបានដិតដល់ ហើយអ្នកជំងឺត្រូវយកចិត្តទុកដាក់អនុវត្តវិធានការថែទាំងដែលគ្រូពេទ្យបានណែនាំឲ្យបានខ្ជាប់ខ្ជួន។ ការថែទាំ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អធ្វើឲ្យអ្នកជំងឺចៀសវាងបានច្រើនពីផលវិបាកធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិត។
ខាងក្រោមនេះជាតិចនិកមួយចំនួនអ្នកមានជំងឺទឹកនោមផ្អែមគួរអនុវត្ត៖
១. តាំងចិត្តខ្ពស់គ្រប់គ្រងជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែម កុំគិតថាខ្លួនឯកោ នៅមានមនុស្សជាច្រើនទៀតអាចចាំជួយលើកទឹកចិត្ត និងគាំទ្រយើងដែរ ដូចជាសាច់ញាតិ សហគមន៍ ពិសេសគឺគ្រូពេទ្យជំនាញតែម្ដង។ យើងក៏អាចចាប់ផ្ដើមស្វែងយល់ពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងជំងឺទឹកនោមផ្អែម ដើម្បីយើងអាចគ្រប់គ្រងជំងឺនេះ បានកាន់តែល្អ។
ការញ៉ាំអាហារសុខភាព មានតុល្យភាព ហាត់ប្រាណជាប្រចាំ និងរក្សាទម្ងន់ខ្លួនឲ្យបានល្អ តាមការណែនាំ សុទ្ធតែជារឿងសំខាន់ និងមានប្រយោជន៍ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ដូចគ្នាដែរ ការតាមដានកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងកម្រិតជាតិស្ករតាមការណែនាំរបស់គ្រូពេទ្យ គឺជារឿងចាំបាច់ និងកុំភ្លេចប្រើប្រាស់ថ្នាំ ដែលគ្រូពេទ្យផ្ដល់ឲ្យ ឲ្យបានត្រឹមត្រូវ។
២. កុំជក់បារី
គ្នាយើងដែលមិនជក់បារី គឺជារឿងល្អសម្រាប់សុខភាព ប៉ុន្តែបើយើងមានទម្លាប់ជក់បារី ហើយដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម គួរតែបញ្ឈប់ការជក់បារី។ ការជក់បារី ធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមកាន់តែខ្ពស់ នូវផលវិបាកផ្សេងៗ។ ការជក់បារីអាចនាំឲ្យ៖
• កាត់បន្ថយលំហូរឈាមទៅកាន់ជើង និងប្រអប់ជើង ដែលអាចនាំឲ្យមានការឆ្លងរោគ ដំបៅ និងអាចនាំឲ្យមានការកាត់ជើងក៏មាន។
• ជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាល
• ជំងឺភ្នែក អាចនាំឲ្យពិការភ្នែក
• ខូចប្រព័ន្ធប្រសាទ និងតម្រងនោម
• អាចឆាប់ស្លាប់
៣. គ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលឲ្យបានល្អ
អ្នកជំងឺទឹកនោមផ្អែម ការឡើងសម្ពាធឈាមខ្ពស់អាចធ្វើឲ្យខូចសរសៃឈាម។ ដូចគ្នាដែរ ការឡើងកូលេស្តេរ៉ូលខ្ពស់ ក៏ជាកង្វល់មួយដែរ អាចធ្វើឲ្យខូចសរសៃឈាម ហើយបើយើងមានជំងឺទឹកនោមផ្អែម ការខូចខាតនេះនឹងកាន់តែអាក្រក់ និងលឿនថែមទៀត។
ពេលដែលបញ្ហាសុខភាពទាំងពីរនេះកើតឡើងជាមួយគ្នា អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមជួបបញ្ហាគាំងបេះដូង បញ្ហាសរសៃឈាមខួរក្បាល និងបញ្ហាដែលគំរាមកំហែងដល់អាយុជីវិតផ្សេងទៀត។
ញ៉ាំអាហារល្អចំពោះសុខភាព កាត់បន្ថយអាហារមានជាតិខ្លាញ់ ហាត់ប្រាណឲ្យបានទៀងទាត់ អាចជួយឲ្យយើងគ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលបាន។ ក្នុងករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំពេទ្យខ្លះដែរ បើចាំបាច់។
៤. ពិនិត្យរាងកាយ និងភ្នែកឲ្យបានទៀងទាត់
បន្ថែមលើការពិនិត្យតាមដានស្ថានភាពជំងឺទឹកនោមផ្អែមពីពីរទៅបួនដងក្នុងមួយឆ្នាំ អ្នកជំងឺទឹកនោមផ្អែម ក៏គួរពិនិត្យសុខភាពរាងកាយ និងភ្នែករាល់ឆ្នាំផងដែរ។
ការពិនិត្យសុខភាពរាងកាយ គ្រូពេទ្យនឹងសួរនាំពីអាហារដែលយើងញ៉ាំ កម្រិតសកម្មភាពរាងកាយដែលយើងបានធ្វើ និងរកមើលពីផលវិបាកអាចកើតមានដូចជាសញ្ញាខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ និងជំងឺបេះដូងជាដើម។សម្រាប់គ្រូពេទ្យភ្នែកវិញ អាចនឹងពិនិត្យរកមើលសញ្ញាខូចខាតស្រទាប់រ៉េទីន ភ្នែកឡើងបាយ និងទឹកដក់ក្នុងបាតភ្នែកជាដើម។
៥. ថែទាំសុខភាពធ្មេញ
អ្នកមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាឆ្លងរោគនៅអញ្ចាញធ្មេញ។ អ្នកជំងឺត្រូវដុសធ្មេញយ៉ាងតិចពីរដងក្នុងមួយថ្ងៃជាមួយថ្នាំដុសធ្មេញមានជាតិ fluoride ប្រើអំបោះទាក់កាកសំណល់អាហារចេញពីធ្មេញរាល់ថ្ងៃ និងជួបពេទ្យធ្មេញយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។ បើយើងសង្កេតឃើញថាមានឈាមអញ្ចាញធ្មេញ ឬអញ្ចាញធ្មេញឡើងក្រហម ឬហើម សូមទៅជួបគ្រូពេទ្យធ្មេញ។
៦. ប្រុងប្រយ័ត្នចំពោះការផឹកគ្រឿងស្រវឹង
គ្រឿងស្រវឹងអាចធ្វើឲ្យយើងឡើង ឬចុះជាតិស្ករក្នុងឈាម អាស្រ័យលើបរិមាណដែលយើងបានផឹក និងថាយើងបានញ៉ាំអាហារខ្លះៗពេលផឹកគ្រឿងស្រវឹងដែរឬអត់។ បើយើងសម្រេចចិត្តថាផឹកគ្រឿងស្រវឹង ត្រូវផឹកក្នុងកម្រិតតិចតួច មានន័យថាមិនត្រូវលើសពីមួយកែវ ឬមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សស្រី និងមនុស្សប្រុសមានវ័យចាស់ជាង៦៥ឆ្នាំ ហើយយ៉ាងច្រើនបានពីកែវ ឬពីរកំប៉ុង ក្នុងមួយថ្ងៃសម្រាប់មនុស្សប្រុសមានអាយុ៦៥ឆ្នាំ ឬតិចជាងនេះ។
ត្រូវចាំថាការផឹកគ្រឿងស្រវឹងអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះនៅពេលបន្ទាប់ ពិសេសសម្រាប់អ្នកចាក់អាំងស៊ុយលីន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ពីកម្រិតគ្រឿងស្រវឹងដែលយើងអាចផឹកបាន។
៧. គ្រប់គ្រងស្ត្រេស
បើសិនជាយើងកើតស្ត្រេស វាអាចនាំឲ្យយើងធ្វេសប្រហែលលើការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រចាំថ្ងៃ។ អ្នកជំងឺទឹកនោមផ្អែម ត្រូវរៀនគ្រប់គ្រងស្ត្រេស និងរកពេលសម្រាកឲ្យបានត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ដើម្បីសុខភាព។ ក្រៅពីអ្វីរៀបរាប់ខាងលើ យើងត្រូវគិតវិជ្ជមានចំពោះខ្លួនឯងជានិច្ច ជំងឺទឹកនោមផ្អែមយើងអាចគ្រប់គ្រងបាន ហើយជំងឺទឹកនោមផ្អែមមិនអាចបញ្ឈប់យើងពីការចូលរួមក្នុងសកម្មភាពសង្គម ឬការងារ និងមានសុខភាពល្អ បាននោះទេ។