យោងតាមរបាយការណ៍ថ្មីមួយរបស់សមាគមមហារីកអាមេរិកបានឲ្យដឹងថា ជំងឺមហារីកពោះវៀនធំ គឺជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេបំផុតនៅពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង នៅចុងសទវត្សរ៍៩០ ជំងឺមហារីកពោះវៀនធំស្ថិតនៅចំណាត់ថ្នាក់ទី៤ ដែលសម្លាប់មនុស្សមានវ័យចន្លោះពី១៨ ដល់២៥ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០២៤ ជំងឺមហារីកមួយនេះបានឈរនៅចំណាត់ថ្នាក់កំពូលតែម្តង។
លោកស្រីវេជ្ជបណ្ឌិត Aparna Parikh ប្រធានផ្នែកវេជ្ជសាស្ដ្រនៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកពោះវៀនធំ Mass បានឲ្យដឹងថា កត្តាហានិភ័យចម្បងមួយចំនួនដែលនាំឲ្យកើតជំងឺមហារីកនេះរួមមាន ប្រវត្តិគ្រួសារ ភាពធាត់ ការជក់បារី ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល របបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងសាច់កែច្នៃ ជំងឺរលាកពោះវៀន (inflammatory bowel disease) ។ល។
ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាណាមួយ ដូចជាស្រកទម្ងន់ លាមកមានឈាម គេងមិនលក់ ឬទម្លាប់បន្ទោបង់ប្រែប្រួល គួរពិគ្រោះយោបល់ និងពិនិត្យពោះវៀនធំជាមួយនឹងគ្រូពេទ្យជំនាញទើបជាការប្រសើរ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ យើងគួរជៀសវាង ឬកាត់បន្ថយការញ៉ាំសាច់ក្រហម កុំជក់បារី ព្រមទាំងហាត់ប្រាណជាទៀងទាត់។
ទន្ទឹមនឹងនេះដែរ ក្រៅពីជំងឺមហារីកពោះវៀនធំ ជំងឺមហារីកមាត់ស្បូនក៏កើនឡើងពី១% ទៅ២%ជារៀងរាល់ឆ្នាំក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចន្លោះពី៣០ឆ្នាំ ទៅ៤៤ឆ្នាំផងដែរ។ ដូចនេះ ដើម្បីការពារខ្លួនពីជំងឺមហារីកផ្សេងៗ គ្នាយើងគួរប្រុងប្រយ័ត្នចំពោះសញ្ញាព្រមានមួយចំនួន ក៏ដូចជាតាមដានសុខភាពជាប្រចាំ។