ជំងឺមហារីកសុដន់កើតឡើងជាទូទៅចំពោះស្រីៗយើង ជាពិសេសអ្នកដែលអាយុចាប់ពី៥០ឆ្នាំឡើងទៅ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចប្រឈមនឹងជំងឺមហារីកនេះដែរ។ ជាក់ស្ដែង មានស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៨នាក់ ធ្វើរោគវិនិច្ឆយថាមានជំងឺមហារីកសុដន់។
យ៉ាងណាមិញ ការរកឃើញជំងឺនេះទាន់ពេលអាចជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះហើយ គ្នាយើងគប្បីពិនិត្យសុដន់ដោយខ្លួនឯងជាទៀងទាត់ និងចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ក៏ដូចជាថតសុដន់ដើម្បីរកមើលជំងឺមហារីកឲ្យទាន់ពេលវេលា។
រោគសញ្ញានៃជំងឺមហារីកសុដន់
• ប្រែប្រួលទំហំ ឬរូបរាងនៃសុដន់ម្ខាង ឬទាំងសងខាង
• ដុំពក ឬហើមនៅក្លៀក
• មានកន្ទួលនៅជុំវិញចុងសុដន់
• ចុងសុដន់ប្រែប្រួល ដូចជាលឹបចូលក្នុង
• ហូរទឹកពីចុងសុដន់ ដែលអាចមានឈាម
មូលហេតុបង្កជំងឺមហារីកសុដន់
មូលហេតុជាក់លាក់នៃជំងឺមហារីកសុដន់ មិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ដែលរួមមាន៖
• អាយុច្រើន
• ប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់
• ធ្លាប់កើតជំងឺមហារីកសុដន់
• មានកម្ពស់ខ្ពស់ លើសទម្ងន់ ឬធាត់ជ្រុល
• ជក់បារី
កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ តាមគន្លឹះទាំងនេះ
១. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងជំងឺមហារីកសុដន់។ ដូច្នេះហើយ ស្រីៗយើងគប្បីកាត់បន្ថយគ្រឿងស្រវឹងឲ្យនៅកម្រិតតិចតួច ទើបជាការប្រសើរ។
២. ឈប់ជក់បារី
ទន្ទឹមនឹងនេះ ការញ៉ាំគ្រឿងស្រវឹងជាកត្តាចម្បងដែលនាំឲ្យកើតជំងឺមហារីកផ្សេងៗ រួមទាំងជំងឺមហារីកសុដន់ផងដែរ។ ជាក់ស្ដែង ស្ត្រីដែលជក់បារីប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ។ សម្រាប់អ្នកដែលចាប់ផ្ដើមជក់បារីនៅមុនពេលសម្រាលកូនដំបូង និងបន្តជក់លើសពី២០ឆ្នាំ មានហានិភ័យនៃការកើតជំងឺមហារីកប្រភេទនេះដល់ទៅ៣៥%។
៣. ហាត់ប្រាណជាទៀងទាត់
ការហាត់ប្រាណជាទៀងទាត់ មានគុណប្រយោជន៍ជួយពង្រឹងសុខភាព ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គ្នាយើងគប្បីហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍។
៤. ញ៉ាំរបបអាហារល្អៗ
ការញ៉ាំអាហារល្អៗ ដូចជាបន្លែ ផ្លែឈើ អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត យើងគប្បីញ៉ាំអាហារដែលសម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ដែលរួមមាន ការ៉ុត ល្ពៅ បន្លែស្លឹកបៃតង ដំឡូងជ្វា ផ្សិត និងទទឹម ជាដើម។ បន្ថែមពីនេះ យើងគប្បីបញ្ចូលវីតាមីនD ដែលមាននៅក្នុងត្រីសាល់ម៉ុន និងស៊ុតលឿង ក្នុងរបបអាហារផងដែរ។
៥. បំបៅដោះកូន
ការបំបៅដោះកូនមិនត្រឹមតែកាត់បន្ថយឱកាសក្នុងការវិវត្តនៃជំងឺមហារីកនោះទេ តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែ ដោយការពារការបញ្ចេញអូវុលថែមទៀតផង។ ដូច្នេះហើយ ម៉ាក់គប្បីបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ដើម្បីទទួលបានអត្ថប្រយោជន៍ដល់ទាំងម្ដាយ និងទារក។