ស្ករត្រូវបានប្រើប្រាស់កាន់តែច្រើនក្នុងឧស្សាហកម្មចំណីអាហារដោយសារតែគុណភាពរបស់ស្ករបង្កើនរស់ជាតិអាហារ ។ ស្ករមួយប្រភេទដែលគេប្រើញឹកញាប់នៅក្នុងឧស្សាហកម្មចំណីអាហារនោះគឺ Fructose។ ស្ករប្រភេទនេះអាចជាមូលហេតុតចម្បងនាំឲ្យកើនឡើងគ្រោះថ្នាក់ ជំងឺធាត់លើសទម្ងន់ បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែម ។ ក្រៅពីបញ្ហាគ្រោះថ្នាក់សុខភាពទាំងនោះ ការសិក្សារថ្មីៗនេះ ក៏បង្ហាញដែរថា Fructose ក៏អាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពឆ្អឹងដូចគ្នា។
១- ការញ៉ាំស្ករFructose ជាប់ទាក់ទងនងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួនខ្សោយ
កាល់ស្យូមជាសារធាតុរ៉ែ ដែលមាននាទីជួយទ្រទ្រង់រចនាសម្ព័ន្ធរបស់ឆ្អឹងនឹងសុខភាពទូទៅ។ រាងកាយមនុស្សមិនអាចផលិតកាល់ស្យូមបានទេ ដូចនេះហើយយើងអាចទទួលសារធាតុនេះបានពីរចំណីអាហារប៉ុណ្ណោះ។ រាងកាយរបស់យើងគឺជាអ្នកគ្រប់គ្រងកម្រិតជាតិកាល់ស្យូមក្នុងឈាម ដោយការស្រូបនៅក្នុងពោះវៀន និងតម្រងនោម ក៏ដូចជាយន្តការជាក់លាក់ដែលតម្រូវឲ្យឆ្អឹងស្រូបយក និងបញ្ចេញសារធាតុកាល់ស្យូម។ ដើម្បីដឹងពីរបៀបដែលស្ករ Fructose រារាំងយន្តការទាំងនេះ អ្នកស្រាវជ្រាវ បានឲ្យកណ្ដុរពិសោធន៍ស៊ីអាហារដែលមានកម្រិតស្ករប្រភេទនេះក្នុងបរិមាណច្រើន។
ជាលទ្ធផល ការស្រូបយកជាតិកាល់ស្យូមរបស់កណ្ដុរទាំងនោះបានធ្លាក់ចុះ ហើយកម្រិតជាតិកាល់ស្យូមក្នុងរាងកាយរបស់ពួកវាមានកម្រិតទាប។ ដោយសារតែហេតុនេះ រាងកាយរបស់កណ្ដុរបានបញ្ចេញកាល់ស្យូមចេញពីឆ្អឹង ដើម្បីឲ្យកម្រិតជាតិកាល់ស្យូមក្នុងរាងកាយមានតុល្យភាព ជាលទ្ធផលនាំឲ្យឆ្អឹងរបស់ពួកសត្វកណ្ដុលនោះបាត់បង់កំហាប់ឆ្អឹង (Osteoporosis ពុកឆ្អឹង)។
២- ការញ៉ាំស្ករច្រើនអាចនាំឲ្យធ្លាក់ចុះកម្រិតកាល់ស្យូម
ការសិក្សាមួយបានពិនិត្យមើលទាំងអ្នកដែលមានសុខភាពល្អ និងអ្នកដែលកើនឡើងការប្រឈមខ្ពស់នឹងគ្រួសក្នុងតម្រងនោម បានរកឃើញថា ការទទួលទានជាតិស្ករខ្ពស់ខ្លាំង អាចបង្កឲ្យរាងកាយបញ្ចេញជាតិកាល់ស្យូមក្នុងកម្រិតខ្ពស់តាមទឹកនោម។
៣- ជាតិស្ករខ្ពស់ទាក់ទងនឹងការកើនឡើងកម្រិតអ័រម៉ូន ករទីហ្សូល (Cortisol)
កម្រិតអ័រម៉ូន Cortisol ខ្ពស់ គឺនាំឲ្យមានឥទ្ធិពលមិនល្អទៅលើសុខភាពឆ្អឹង។ ជាធម្មតាកម្រិតអ័រម៉ូន Cortisol នៅក្នុងរាងកាយអាចប៉ះពាល់ដោយសារតែស្ត្រេស ហើយការញ៉ាំជាតិស្ករច្រើន ក៏អាចធ្វើឲ្យកើនឡើងកម្រិតអ័រម៉ូន Cortisol ។ ការសិក្សាមួយលើកណ្ដុរ Hamsters បានបង្ហាញថា របបអាហារដែលមានជាតិស្ករ Sucrose ខ្ពស់ អាចបង្កឲ្យពុកឆ្អឹង ទោះបីជាយើងញ៉ាំជាតិកាល់ស្យូមបានគ្រប់គ្រាន់ក៏ដោយ។
៤- គន្លឹះក្នុងការញ៉ាំជាតិស្ករឲ្យបានតិច
ជាធម្មតាការផ្លាស់ប្ដូររសជាតិអាហារគឺត្រូវការរយៈពេល១០ថ្ងៃ ដែលនេះមានន័យថាបើសិនជាយើងចង់រារាំងខ្លួនយើងមិនឲ្យញ៉ាំម្ហូបអាហារមានជាតិផ្អែម យើងត្រូវព្យាយាមផ្ដាច់អាហារប្រភេទនេះត្រឹម១០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះយើងនឹងមិនចាំពីរសជាតិស្ករក្នុងអាហារនោះទេ ហើយយើងនឹងបង្កើតបាននូវរសជាតិថ្មី។
បើសិនយើងនៅតែចង់មានអាហារផ្អែមខ្លះៗនៅក្នុងជីវភាពប្រចាំថ្ងៃយើងអាចសាកញ៉ាំទឹកឃ្មុំជំនួសវិញ។ ទឹកឃ្មុំ មានជីវជាតិ និងមានរសជាតិឆ្ងាញ់ ប៉ុន្តែគួរញ៉ាំក្នុងកម្រិតល្មមបានហើយ ឬយើងអាចដូរមកញ៉ាំស្ករចេញពីរុក្ខជាតិស្មៅផ្អែម (Stevia) ។ ស្ករស្មៅផ្អែម (Stevia) គឺជាប្រភេទស្ករដែលចម្រាញ់ចេញពីប្រភពរុក្ខជាតិ។ ស្ករនេះមានរស់ជាតិល្អ និងផ្ដល់សុខភាពល្អ ជាងជាតិស្ករធម្មតា។